ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំជាងគេ​ក្នុង​លោក សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម

ទីស្នាក់ការ​របស់​ CATL

ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក CATL បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី VinFast របស់ វៀតណាម។

កាលពី​ថ្ងៃទី 30 តុលា នៅ ប្រទេស​ជប៉ុន តំណាង​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី Contemporary Amperex Technology (CATL) របស់ ចិន បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Vinfast របស់ វៀតណាម។ ពិធី​ចុះហត្ថលេខា​នេះ​មាន​វត្តមាន​របស់លោក Robin Zeng ដែលជា​ប្រធាន​ក្រុមហ៊ុន CATL និង​លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុន Vingroup និង​ជា​ប្រធាន​ក្រុមហ៊ុន VinFast។

បច្ចុប្បន្ន CATL គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។ យោងតាម Companiesmarketcap តម្លៃ​មូលធន​ទីផ្សារ​របស់ CATL គឺ 124.63 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ស្ថាបនិក​របស់ CATL លោក Robin Zeng កាលពី​ឆ្នាំ 2021 មានទ្រព្យ​ជាង 60 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​បើ​យោងតាម Forbes លោក Zeng គឺជា​មហាសេដ្ឋី​លំដាប់​ទី​បី​នៅ ប្រទេស​ចិន។ លោក​ក៏​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 23 ក្នុង​ពិភពលោក នេះ​បើតាម Bloomberg។

ពិធីចុះហត្ថលេខា​កាលពី​ថ្ងៃទី 30 តុលា នៅ ប្រទេស​ជប៉ុន រវាង CATL និង VinFast

លោក Zeng បង្កើត​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី Amperex Technology Ltd (ATL) កាលពី​ឆ្នាំ 1999។ ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច TDK របស់ ជប៉ុន បាន​ទិញ ATL កាលពី​ឆ្នាំ 2005 ក្នុងតម្លៃ 100 លាន​ដុល្លារ​អាម៉េរិក និង​បន្ត​គ្រប់គ្រង ATL ដូច​ទៅនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ។

ឆ្នាំ 2011 ក្រុម​អ្នកវិនិយោគ​ចិន មួយក្រុម ដែល​ដឹកនាំ​ដោយ​លោក Zeng បាន​ទិញ​ភាគហ៊ុន 85% ក្នុង​ផ្នែក​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិ​សន​របស់​ក្រុមហ៊ុន TDK។ ចុងឆ្នាំ 2011 ពួកគេ​បាន​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ជា​ផ្លូវការ​ដែលមាន​ឈ្មោះថា Contemporary Amperex Technology Co Ltd (CATL)។ អតិថិជន​ដំបូង​របស់ CATL គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត BMW (អាល្លឺម៉ង់) ហើយ​បន្ទាប់មក​គឺ GM, Volkswagen និង Tesla។

ខាងក្នុង​រោង​ចក្រ​ផលិត​ថ្ម​អគ្គិសនី​ CATL នៅ ប្រទេស​ចិន

បច្ចុប្បន្ន​ក្រុមហ៊ុន CATL ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ប្រទេស​ចិន មាន​ភាគហ៊ុន ដៃគូ​សហការ និង​ក្រុមហ៊ុន​​បណ្ដាក់​ទុន​រួម​រាប់រយ​នៅ​ទូទាំង​ពិភពលោក និង​កំពុង​កាន់កាប់​ចំណែក​ទីផ្សារ​ថ្ម​អគ្គិសនី​ប្រមាណ​ជាង 50% នៅ ប្រទេស​ចិន និង​ជាង 30% នៅក្នុង​ពិ​ភ​ភព​លោក។

ខាងក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ VinFast

យោងតាម​កិច្ចព្រមព្រៀង​ខាងលើ CATL និង VinFast គ្រោង​នឹង​សហការគ្នា​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ក្នុងនោះ​មាន​ថ្ម​ផ្ទុក​ថាមពល និង​គ្រឿងបន្លាស់​ជាច្រើន​ទៀត​ដែល​ប្រើប្រាស់​សម្រាប់​រថយន្ត​អគ្គិសនី​របស់ ក្រុមហ៊ុន​វៀតណាម៕

Advertisement