សំបុក​ត្រចៀកកាំ​​កម្ពុជា អាច​នាំចេញ​​បាន​ច្រើន​ទៅកាន់​ទីផ្សា​រ​​​ជាង​​​ពាន់​​លាន​​នាក់​ បន្ទាប់​ពី​​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​​មួយ​​បាន​​ចូល​​ជា​​ធរមាន

អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្ដិការ​ជំរុញ​ការនាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់ ប្រទេស​ចិន របស់ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន ត្រូវបាន​ចុះហត្ថលេខា​នៅ ប្រទេស​ចិន រួចហើយ។

ពិធី​ចុះហត្ថលេខា​លើ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 27 តុលា នៅ ទីក្រុង​សៀ​មិន (Xiamen) ដោយមាន​វត្តមាន ឯកឧត្តម ឈួន​ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួម​នឹង​ក្រសួង ស្ថាប័ន និង​ក្រុមមន្ត្រី និង​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​សំបុក​ត្រចៀកកាំ។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ផ្ដោតទៅលើ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការស្វែងរក​ដៃគូ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សំបុក​ត្រចៀកកាំ, កិច្ច​គាំពារ​ឱ្យមាន​ការបង្កើត រោងចក្រ​កែច្នៃ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ, ការជំរុញឱ្យ​មានការ​បើក​ច្រក​ពាណិជ្ជកម្ម លើ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​រវាង​កម្ពុជា និង​ចិន, ការពង្រឹង​បណ្តាញ​ធុរកិច្ច តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការ​ធុរកិច្ច ជំនួប​ពាណិជ្ជកម្ម និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម នេះ​បើតាម ឯកឧត្តម កៅ កោសល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម។

សំបុក​ទឹកមាត់​ត្រចៀកកាំ

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន លោក Mr. Zeng Youmin បាន​ថ្លែងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន មានបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ចិន-កម្ពុជា និង​រួមចំណែក​ក្នុងការ​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន។

ឯកឧត្តម ឈួន ដា​រ៉ា បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​សៀ​មិន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ដំណឹង​ដ៏​ល្អ និង​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅ ប្រទេស​កម្ពុជា។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​អះអាងថា ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា នឹង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន បាន​យ៉ាងច្រើន​នាពេល​អនាគត​ដ៍​ខ្លី​ខាងមុខ ក្រោយពី​អនុស្សារណៈ​នៃ​ការយោគយល់​នេះ​ចូល​ជា​ធរមាន៕

 

Advertisement