ប្រទេស​ថៃ ចង់​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​របស់​ពិភពលោក

ឆ្នាំ ១៩៦១ រថយន្ត​ប្រភេទ​សេ​ដាន​មួយគ្រឿង​ដែលមាន​ឈ្មោះថា Ford Cortina បានចាប់ផ្ដើម​​​បង្កើត​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​របស់ ប្រទេស​ថៃ ដោយ​ក្នុងនោះ កម្មករ​ក្នុងស្រុក​គឺជា​អ្នក​ដំឡើង​គ្រឿងបន្លាស់​ដែល​ដឹក​មកពី ប្រទេស​អង់គ្លេស។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក Toyota Motor Corp និង Nissan Motor Co. ក៏​បង្កើត​រោងចក្រ​ផលិត​រថយន្ត និង​ពង្រីក​ការផលិត​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ទសវត្សរ៍ នាំឱ្យ ​ប្រទេស​ថៃ ក្លាយជា​អ្នក​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី ៣ នៅ អាស៊ី និង​ទី ១០ ក្នុង​ពិភពលោក។

អំណោយផល​នេះ​បាន​ជួយ​ឱ្យ​ ប្រទេស​ថៃ មាន​រហ័ស​នាម​ថា «Detroit របស់ អាស៊ី» ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ ថៃ គឺជា​បណ្ដាញ​ផ្គត់ផ្គង់​ពេញលេញ​សម្រាប់​ការផលិត​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង។ ក្នុង​រយៈពេល ៥០ ឆ្នាំ ប្រទេស​ថៃ បានចាប់ផ្ដើម​ពី​ការដំឡើង​រថយន្ត ទៅជា​អ្នក​ផលិត​រថយន្ត​ ដោយ​មាន​រោងចក្រ​ចំនួន ១៨ នៅ​ពាសពេញ​ប្រទេស និង​មាន​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​រាប់ពាន់​ស្ថាប័ន។

ពេលនេះ នៅពេល​រថយន្ត​អគ្គិសនី​កំពុងតែ​ចូលខ្លួន​មក​ជំនួស​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​នៅ​ទូទាំង​ពិភពលោក ប្រទេស​ថៃ ក៏​ចាប់​ផ្ដើម​​ងាក​ទៅរក​ដៃគូ​បរទេស​ថ្មី​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី ក្នុង​បំណង​រក្សា​​តំណែង​របស់ខ្លួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​ទូទាំង​សកលលោក។

ក្រុម​ហ៊ុន​ Ford Motor Co. របស់ សហរដ្ឋ​អាម៉េរិក និង Toyota របស់ ជប៉ុន គឺជា «អ្នក​ចេញមុខ» មុនគេ​នៅក្នុង​អំឡុង​ពាក់កណ្ដាល​សតវត្សរ៍​ទី ២០ ប៉ុន្តែ​បច្ចុប្បន្ន ក្រុម​ហ៊ុន​ Foxconn Technology Group របស់ កោះ​តៃវ៉ាន់ ក៏ដូចជា BYD Co. និង Contemporary Amperex Technology Co. (CATL) របស់ ចិន​ដីគោក កំពុងតែ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការជួយ​ឱ្យ ប្រទេស​ថៃ សម្រេច​ក្ដី​ប្រាថ្នា «ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក»។

ថៃ ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០% ក្នុងចំណោម​រថយន្ត​ទាំងអស់​ដែល​ផលិត​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ ២០៣០។ អាជ្ញាធរ​ប្រទេស​នេះ​រៀប​ផែនការ​ខាងលើ​ជា ២ ដំណាក់កាល ដើម្បី​សម្រេច​គោលដៅ​នេះ។ ដំណាក់កាល​ដំបូង​គឺ​ការទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យ​ងាក​មក​ជ្រើស​យក​រថយន្ត​អគ្គិសនី ដោយ​មិន​គិត​អំពី​ប្រភព ខណៈ​ដំណាក់កាល​ទី ២ គឺ​ការលើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​គាំទ្រ​ដល់​រថយន្ត​អគ្គិសនី​ដែល​ផលិត​ក្នុងស្រុក។

ការផ្ដល់​ជំនួយ​សម្រាប់​ការទិញ​រថយន្ត​អគ្គិសនី​គឺជា​គន្លឹះ​ដំបូង​ដើម្បី​ជំរុញឱ្យមាន​តម្រូវការ​ប្រើប្រាស់​។ ការបញ្ចុះ​អត្រាពន្ធ​នាំចូល និង​ពន្ធ​ប្រើប្រាស់​ពិសេស​នឹង​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ស៊ីប្រេង​សាំង។ ក្រៅ​ពី​នេះ​ អាជ្ញាធរ​ថៃ ក៏​កំពុង​មាន​គម្រោង​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់ ក៏ដូច​ជា​ការ​ផលិតរថយន្តអគ្គិសនី​នៅ​ប្រទេស​នេះ​៕

Advertisement