ចំនួន​រថយន្ត​នាំចូល​របស់ វៀតណាម ក្នុង​ខែសីហា ២០២២ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន

រថយន្ត​ចំនួន ១៨,២៧៩ គ្រឿង ត្រូវបាន​នាំចូល​ក្នុង​ខែសីហា ២០២២ ក្នុងតម្លៃ​សរុប ៣៨៥.៤ លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​គយ​រប​ស់ វៀតណាម។

ដោយមាន​លទ្ធផល​ខាងលើ ខែសីហា ២០២២ ត្រូវបាន​ចាត់ទុកថា​ជា​ខែ​ដែលមាន​ការនាំ​ចូល​រថ​យន្ត​ច្រើនជាងគេ​បំផុត​មិន​ធ្លាប់មាន​ពីមុន​របស់ វៀតណាម។

លទ្ធផល​ខាងលើ​ក៏​ធ្វើឱ្យ​ចំនួន​រថយន្ត​នាំចូល​ក្នុង​រយៈពេល ៨ ខែ​ឆ្នាំ ២០២២ កើនឡើង​ដល់ ៩៦,២៣៩ គ្រឿង ក្នុងនោះ តម្លៃ​នាំចូល​សម្រេចបាន ២.២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ បរិមាណ​រថយន្ត​នាំចូល​ក្នុង ៨ ខែ​ដើម​ឆ្នាំនេះ នៅតែ​ទាប​ជាង ៨.៨% និង​តម្លៃ​នាំចូល​ទាប​ជាង ៤% បើ​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១។

ទីផ្សារ​នាំចូល​រថយន្តធំៗរបស់ វៀតណាម ភាគច្រើន​ស្ថិតនៅក្នុង​ទ្វីបអាស៊ី ក្នុងនោះ​រួមមាន ឥណ្ឌូណេស៊ី ប្រទេស​ថៃ និង ប្រទេស​ចិន។

ក្នុង​ខែសីហា ២០២២ វៀតណាម នាំចូល​រថយន្ត​ចំនួន ១០,៣៦០ គ្រឿង ពី ប្រទេស​ឥណ្ឌូណេស៊ី ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ទីផ្សារ​នាំចូល​រថយន្ត​ធំ​បំផុត​របស់ វៀតណាម នៅក្នុង​រយៈពេល ៨ ខែ​ដើម​ឆ្នាំនេះ។

ជាក់ស្ដែង ក្នុង ៨ ខែ​ដើមឆ្នាំ ២០២២ វៀតណាម នាំចូល​រថយន្ត​ពី ឥណ្ឌូណេស៊ី បាន ៣៨,៤៦៩ គ្រឿង ក្នុងតម្លៃ​ប្រមាណ ៥៥៦ លាន​ដុល្លារ​អាម៉េរិក, នាំចូល​ពី ប្រទេស​ថៃ បាន ៣៧,៧៤៨ គ្រឿង ក្នុងតម្លៃ ៧៤៩.៣ លាន​ដុល្លារ និង​នាំចូល​ពី ប្រទេស​ចិន បាន ១៣,១៩៨ គ្រឿង ក្នុងតម្លៃ ៥៣៥.៨៧ លាន​ដុល្លារ​អាម៉េរិក។

Advertisement