តម្លៃ​ប្រេង​ឆៅ​​នៅ ទ្វីប​​អាស៊ី ល្ងាចថ្ងៃ​ទី ០៥ កញ្ញា​​នេះ​ កើន​ឡើង​ជាង ២ ដុល្លារ/ធុង

ប្រេង​នៅ ​អាស៊ី បាន​ឡើងថ្លៃ​ជាង ២ ដុល្លារ​ក្នុង ១ ធុង នៅក្នុង​ការជួញដូរ​នា​ល្ងាច​ថ្ងៃទី ០៥ កញ្ញា នៅពេល​អ្នកវិនិយោគ​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ឥរិយាបថ​របស់​អង្គការ​នៃ​ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ (OPEC) និង​ក្រុម​ប្រទេស​ជា​ដៃគូ (OPEC+) ដោយ​សង្ឃឹមថា នឹងមាន​ការកាត់បន្ថយ​បរិមាណ​​​ដើម្បី​ជួយ​លើក​កម្ពស់​តម្លៃ​ប្រេង​។

ក្នុងការ​ជួញដូរ​ល្ងាច​នេះ តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ឡើងថ្លៃ ២.៤២ ដុល្លារ ប្រហែល ២.៦% ដោយ​លក់​ក្នុងតម្លៃ ៩៥.៤៤ ដុល្លារ/ធុង បន្ទាប់ពី​បាន​ឡើងថ្លៃ ០.៧% កាលពី​ចុង​សប្ដាហ៍​កន្លង។ តម្លៃ​ប្រេង WTI របស់ សហរដ្ឋ​អាម៉េរិក គឺ ៨៨.៩២ ដុល្លារ/ធុង កើន ២.០៥ ដុល្លារ ប្រហែល ២.៤% ក្រោយពី​ឡើងថ្លៃ ០.៣% ក្នុងការ​ជួញដូរ​មុន​នោះ។

តម្លៃ​ប្រេង​បាន​ថយចុះ​ក្នុង​រយៈ​ពេល​ ៣ ខែជាប់ៗគ្នា​កន្លងទៅ បន្ទាប់ពី​បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កាលពី​ខែមីនា​ឆ្នាំនេះ ព្រោះតែ​មានការ​បារម្ភ​អំពី​ការដំឡើង​ការប្រាក់ និង​វិធាន​ការទាក់ទង​នឹង​កូ​វីដ-១៩ នៅក្នុង​តំបន់​មួយចំនួន​របស់ ប្រទេស​ចិន ដែលជា​អ្នក​នាំចូល​ប្រេង​ឆៅ​លំដាប់​កំពូល​របស់​ពិភពលោក ដែល​អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​យឺតយ៉ាវ ហើយ​​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល។

ក៏ប៉ុន្តែ វិធានការ​ទាក់ទង​នឹង​បញ្ហា​កូ​វីដ-១៩ នៅ ប្រទេស​ចិន ពិសេស​គឺ​នៅ​តំបន់ Shenzhen ដែលជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ដ៏​ធំ​មួយ​របស់​ពិភពលោក ត្រូវបាន​បន្ធូរបន្ថយ​នៅថ្ងៃនេះ នៅពេល​តួលេខ​នៃ​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ មាន​សញ្ញា​ប្រសើរ​ឡើងវិញ៕

Advertisement