ភោជនីយដ្ឋាន «មក​ម្នាក់ឯង ហូប​ម្នាក់ឯង និង​ទៅវិញ​ក៏​ម្នាក់ឯង» ប្លែក​ពី​គេ​​​នៅ ប្រទេស​ជប៉ុន

សូម​​ស្រមៃ​ថា អ្នក​កំពុង​អង្គុយ​ម្នាក់ឯង​នៅក្នុង​កូន​បន្ទប់​ ឬ​កូន​ចញ្ចុះ​ដ៏​តូច​មួយ​ដែល​ព័ទ្ធជុំវិញ​ដោយ​ជញ្ជាំង ឬ​វាំងនន​ពណ៌​ខ្មៅ​ដែល​ចំហាយ​ក្លិន​ឈ្ងុយ​ឈ្ងប់​របស់​អាហារ​មិនអាច​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​ឆ្ងាយ ស្រាប់​តែមាន​ដៃ​ទាំងពីរ​លូក​ចេញពី​ទី​ងងឹត នាំមក​នូវ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ដាក់​នៅលើ​តុ​របស់​អ្នក ហើយ​អ្នក​ក៏​ចាប់ផ្ដើម​បរិភោគ​ក្នុង​ភាពស្ងប់ស្ងាត់ ស្រូបយក​ក្លិន​ឈ្ងុយ និង​ក្រេប​រសជាតិ​គ្រប់​អាហារ គ្រប់​ភេសជ្ជៈ​ដែល​អ្នក​បាន​ហៅ ដោយ​មិន​និយាយស្ដី​មួយ​ម៉ាត់ បែប​នេះ​តើ​អ្នក​នឹងមាន​អារម្មណ៍​បែបណា?

ខាងលើនេះ​ត្រូវបាន​គេ​ហៅថា «បន្ទប់​បរិភោគ​ដែល​ផ្ដោតទៅលើ​រស់ និង​​ក្លិន» និង​មិន​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​អ៊ូអរ​។ បណ្ដាញ​ភោជនីយដ្ឋាន Ichiran នៅ ប្រទេស​ជប៉ុន បាន «សាប​ព្រោះ» របៀបរបប​ទទួលទាន​អាហារ​តាមបែប «កាន់​តែមាន​មនុស្ស​តិច កាន់តែ​ល្អ» និង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅប្រទេស​នេះ​ ក៏ដូច​ជា​ប្រទេស​មួយ​ចំនួន​។

ត្រូវបាន​បង្កើតឡើង​នៅ Fukuoka កាលពី​ឆ្នាំ ១៩៦០ ភោជនីយដ្ឋាន Ichiran ជឿថា ការហូបចុក​បែប​ខុសពី​គេឯង​នេះ​នឹង​ជួយ​ឱ្យ​គ្រប់គ្នា​ផ្ដោតអារម្មណ៍​ទៅលើរស​ជាតិ​​​អាហារ​របស់​ពួកគេបាន​យ៉ាង​ល្អ។ ទន្ទឹមនឹង​មូលហេតុ​ប្រកបដោយ​វិទ្យាសាស្ត្រ​នេះ Ichiran ក៏​ជួយ​ឱ្យ​ភ្ញៀវ​មិន​ជួបប្រទះ​នឹង​បញ្ហា​ត្រូវគេ​រើសអើង​ពី​ភ្ញៀវ​ដទៃជា​ដើម​ផង​ដែរ។

រូបមន្ត​នៃ​ភោជនីយដ្ឋាន Ichiran មិន​ត្រឹមតែ​មាននៅ ជប៉ុន ប៉ុន្តែ​​ក៏​ត្រូវបាន​នាំទៅ​កាន់ សហរដ្ឋ​អាម៉េរិក តាំង​ពី​​ឆ្នាំ ២០១៦។ ថ្វីបើ​មាន​អ្នក​រិះគន់​ចំពោះ​អាហារ ក៏ដូចជា​បរិយាកាសរ​បស់ Ichiran ប៉ុន្តែ ភោជនីយដ្ឋាន​នេះ​ទទួល​ភ្ញៀវ​រាប់រយ​នាក់​ក្នុង ១ ថ្ងៃៗ បើទោះជា​មាន​អ្នកខ្លះ​ចូល​ភោជនីយដ្ឋាន​នេះ​គ្រាន់តែ​ដើម្បី​ថតរូប និង​បង្ហោះ​លើ​បណ្ដាញ​សង្គមក៏ដោយ​ចុះ៕

Advertisement