តម្លៃ​ប្រេង​នៅ តំបន់​អាស៊ី ធ្លាក់ចុះ​នៅ​ព្រឹក​ថ្ងៃទី ២៥ កក្កដា​នេះ

ស្ថានីយប្រេង​សាំង​មួយ​កន្លែង​នៅ ប្រទេស​ចិន

ប្រេង​នៅ អាស៊ី បាន​ធ្លាក់​ថ្លៃ​នៅក្នុង​ការជួញដូរ​នា​ព្រឹក​នេះ ដោយ​ផ្ទុយ​ពី​ការកើនឡើង​មុន​នោះ ព្រោះតែ​មានការ​បារម្ភ​ថា ការដំឡើង​ការប្រាក់​នៅ សហរដ្ឋ​អាម៉េរិក ដែលជា​ប្រទេស​ប្រើប្រាស់​ប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក ធ្វើឱ្យ​តម្រូវការ​ប្រេង​ត្រូវ​ថយចុះ។

វេលា​ម៉ោង​ប្រហែល ៩ ព្រឹក​ថ្ងៃនេះ (ម៉ោង​នៅ ភ្នំពេញ) តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា ២០២២ បាន​ថយចុះ​អស់ ៤៨ សេន​អាម៉េរិក (០.៥%) មក​នៅត្រឹម ១០២.៧២ ដុល្លារ/ធុង។ ប្រេង WTI ប្រគល់​ក្នុង​ខែកញ្ញា ២០២២ ក៏​ធ្លាក់​ថ្លៃ​អស់ ៦៥ សេន​អាម៉េរិក (០.៧%) មក​នៅត្រឹម ៩៤.០៥ ដុល្លារ/ធុង។

លោក Kazuhiko Saito ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fujitomi Securities Co Ltd. (ជប៉ុន) បានឱ្យ​ដង​ថា និន្នាការ​ធ្លាក់​ថ្លៃ​នៅតែ​គ្របដណ្ដប់​ទីផ្សារ​ប្រេង ដោយសារតែ​ការបារម្ភ​ថា ការដំឡើង​ការប្រាក់​នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ពិភពលោក និង​ប្រេង​ពី លី​ប៊ី ដែល​ជិត​ត្រលប់មក​ទីផ្សារ​វិញ នឹង​ជួយ​បន្ធូរបន្ថយ​បញ្ហា​រឹតត្បិត​ប្រភព​ប្រេង​នៅលើ​ពិភពលោក។

ក្រុមមន្ត្រី​នៅ ធនាគារកណ្ដាល​អាម៉េរិក (Fed) បង្ហើប​ឱ្យដឹងថា ធនាគារ​នេះ​អាច​នឹង​ដំឡើង​ការប្រាក់​គោល ៧៥ ពិន្ទុ​ទៀត​នៅក្នុង​កិច្ចប្រជុំ​ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៧ កក្កដា​ខាងមុខ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ប្រេង​រ៉ែ​រដ្ឋ​លី​ប៊ី (NOC) ក៏បាន​កំណត់​គោលដៅ​ចាប់ផ្ដើម​បញ្ចេញ​ប្រេង ១.២ លាន​ធុង/ថ្ងៃ ទៅក្នុង​ទីផ្សារ​ឡើងវិញ​នៅក្នុង​រយៈពេល ២ សប្ដាហ៍​ទៀត៕

Advertisement