តម្លៃ​ប្រេងសាំង​នឹង​ចុះថោក បន្ទាប់ពី ប្រធានាធិបតី បៃ​ដិ​ន ធ្វើ​ទស្សនកិច្ច​មជ្ឈិមបូព៌ា

Amos Hochstein ទីប្រឹក្សា​ជាន់ខ្ពស់​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ទទួលបន្ទុក​សន្តិសុខ​ថាមពល កាលពី​ថ្ងៃទី ១៧ កក្កដា បាន​និយាយថា តម្លៃ​ប្រេងសាំង​អាម៉េរិក អាច​នឹង​ថយ​ចុះមក​នៅត្រឹម ៤ ដុល្លារ/gallon (១ gallon ស្មើនឹង ៣.៧៨ លីត្រ) ក្រោយពី​បាន​ឡើង​លើសពី ៥ ដុល្លារ/gallon ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពីដើម​ឆ្នាំនេះ។

ប្រភពព័ត៌មាន​ពី វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា នៅលើ​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS លោក Amos Hochstein បាន​ថ្លែងថា បណ្ដា​ក្រុមហ៊ុន​ផលិត​ប្រេង​ឆៅធំៗនឹងមាន​ប្រភព​បម្រុង និង​លទ្ធភាព​បង្កើន​ប្រភព​ផ្គត់ផ្គង់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​របស់ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន។

«យោងទៅតាម​អ្វីដែល​យើង​បានឮ​នៅក្នុង​ដំណើរ​ទស្សនកិច្ច ខ្ញុំ​មានជំនឿថា យើង​នឹង​បានឃើញ​វឌ្ឍនភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ» លោក Amos បង្ហើប​ឱ្យដឹង​ដូច្នេះ។

មន្ត្រី​រូបនេះ​មានជំនឿថា ក្រុម​ប្រទេស​ផលិត​ប្រេង​ឆៅ​នៅ មជ្ឈិមបូព៌ា នឹង​បង្កើន​បរិមាណ​ប្រេង​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ក្នុង​ពិភពលោក។

កាលពី​ថ្ងៃទី ១៥ កក្កដា ក្នុង​ដំណើរ​ទៅកាន់ មជ្ឈិមបូព៌ា ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី លោក បៃ​ដិ​ន ក៏បាន​ធ្វើ​ទស្សនកិច្ច ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​សង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ស្ដីពី​បរិមាណ​ប្រេង ដើម្បី​ជួយ​បញ្ចុះតម្លៃ​ប្រេងសាំង​ក្នុង​ពិភពលោក។

តម្លៃ​ប្រេងសាំង​នៅ សហរដ្ឋ​អាម៉េរិក ដែល​កើនឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ៤០ ឆ្នាំ​មកនេះ កំពុងតែ​ជំរុញ​ឱ្យ​អតិផរណា​កើនឡើង និង​ប៉ះពាល់​ដល់​អត្រា​នៃ​ទំនុកចិត្ត​ទៅលើ​លោក បៃ​ដិ​ន នៅក្នុង​ការស្ទង់មតិ​នានា។ ក៏ប៉ុន្តែ លោក បៃ​ដិ​ន មិនទាន់​ទទួលបាន​ការធានា​ចំពោះ​ការបង្កើន​បរិមាណ​ប្រេង​ពី​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា នៅឡើយ។

ចំណែក រដ្ឋមន្ត្រីការបរទេស​របស់ អា​រ៉ា​ប៊ី​សា​អូឌីត វិញ បានឱ្យដឹងថា ជំនួប​កំពូល​អាម៉េរិក-អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី ១៦ កក្កដា មិនបាន​និយាយ​ដល់​បញ្ហា​ប្រេង។ មន្ត្រី​រូបនេះ​អះអាងថា បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ (OPEC+) នឹង​បន្ត​វាយតម្លៃ​លក្ខខណ្ឌ​ទីផ្សារ និង​ធ្វើ​អ្វីដែល​ចាំបាច់។

តាម​គម្រោង អង្គការ OPEC+ ដែល​ក្នុងនោះ​មាន រុស្ស៊ី ផងដែរ នឹង​បើក​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី ៣ សីហា​ខាងមុខ៕

Advertisement