ពលរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​ទិញ​រថយន្ត​ថ្មី​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក

ក្រុមហ៊ុន​ស្រាវជ្រាវ Cox Automotive ទើបតែ​បានឱ្យដឹងថា តម្លៃ​ទិញដូរ​ជា​មធ្យម​របស់​រថយន្ត​ថ្មី ១ គ្រឿង នៅក្នុង​ខែមិថុនា ២០២២ គឺ ៤៨,០៨៣ ដុល្លារ​អាម៉េរិក កើន ១.៩% ធៀប​នឹង​ខែឧសភា ២០២២ និង​ខ្ពស់ជាង​កំណត់ត្រា​មុន​នោះ​គឺ ៤៧,២០២ ដុល្លារ។

តម្លៃ​រថយន្ត​បាន​កើនឡើង​ដោយសារតែ​តម្រូវការ​ប្រើប្រាស់​កើនឡើង រថយន្ត​ថ្មី​ដែល​សល់​ក្នុង​ឃ្លាំង​មាន​ចំនួន​តិច និង​ចំនួន​រថយន្ត​ប្រណិត​លក់​ចេញ​បាន​ច្រើន។

ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (Customer Price Index-CPI) ដែលជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​ទំនិញ និង​សេវាកម្ម​ប្រចាំថ្ងៃ បាន​កើនឡើង ៩.១% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង និង​ខ្ពស់ជាង​ការ​ព្យាករ ៨.៨% របស់ Dow Jones។

ការកើនឡើង​នៃ​អតិផរណា ភាគច្រើន​គឺ​ដោយសារ​តម្លៃ​ប្រេងសាំង ដែល​បាន​កើន ១១.២% ក្នុង​ខែមិថុនា។ យោងតាម​ការិយាល័យ​ស្ថិតិ​ការងារ (BLS) តម្លៃ​រថយន្ត​ថ្មី​បាន​កើនឡើង ០.៧%/ខែ ចំណែក​រថយន្ត​មួយ​ទឹក​កើន ១.៦%។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ប្រចាំ អាម៉េរិក​ខាងជើង បាន​អះអាងថា តម្លៃ​រថយន្ត​នឹង​អាច​បន្ត​កើនឡើង​ទៀត​នាពេលខាងមុខ៕

Advertisement