ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ កម្ពុជា-ថៃ កើនឡើងជាង ១៤% ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ

​រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង ថៃ សម្រេចបាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣.៨៤ ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង ១៤.៥% បើ​ធៀប​នឹង ៥ ខែ​ដើម​ឆ្នាំ​ ២០២១។

ក្នុង​ខែឧសភា ទំហំ​ពាណិជ្ជកម្ម​រវាង ប្រទេស​កម្ពុជា និង ប្រទេស​ថៃ សម្រេចបាន​ទឹកប្រាក់​សរុប​ចំនួន ៩២៣.២ លាន​ដុល្លារ កើនឡើង​ជាង ២៤% បើ​ធៀប​នឹង​ខែមេសា ក្នុងនោះ​ការនាំ​ចេញពី កម្ពុជា ទៅ ថៃ សម្រេច​បាន​ ៨៩.៨ លាន​ដុល្លារ ធ្លាក់ចុះ ១.១៤% ធៀប​នឹង​ខែ​មុន។ ចំណែក​ការនាំ​ចូល​ពី ប្រទេស​ថៃ វិញ មានតម្លៃ ៨៣៣.៤ លាន​ដុល្លារ ធ្លាក់ចុះ ២៨.១% ធៀប​នឹង​ខែ​មុន។

បណ្ដា​មុខ​ទំនិញ​ដែល កម្ពុជា បាន​នាំចេញ​ទៅកាន់ ប្រទេស​ថៃ មានដូចជា ផលិតផល​កសិកម្ម វត្ថុធាតុដើម ត្បូងថ្ម​មានតម្លៃ និង​វាយ​ន​ភណ្ឌ។ ចំណែក​ទំនិញ​ដែល កម្ពុជា បាន​នាំចូល​ពី ប្រទេស​ថៃ មានដូចជា ត្រី សាច់ ម្ហូបអាហារ និង​ភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿង​តុបតែង​ផ្ទះ ឧបករណ៍​អេឡិចត្រូនិក រថយន្ត និង​គ្រឿងបន្លាស់ សម្ភារៈ​ការិយាល័យ និង​បរិក្ខា​សំណង់​។ល។ នេះ​បើតាម របាយការណ៍​ការងារ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ។

Advertisement