សហភាព​អឺរ៉ុប ហាម​លក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ចាប់ពី​ឆ្នាំ ២០៣៥

រថយន្តដើរ​ដោយ​ថាមពល​អគ្គិសនី

ក្រោយ​ការជជែក​ពិភាក្សាគ្នា​អស់​រយៈពេល ១៦ ម៉ោង ក្រុម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​របស់ សហភាព​អឺរ៉ុប (EU) ក៏បាន​ឯកភាពគ្នា​លើ​សំណើ​មួយចំនួន​ដែល​និយាយ​អំពី​វិធានការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ។

យោងតាម​សារព័ត៌មាន DW របស់ អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃទី ២៩ មិថុនា ក្រុម​រដ្ឋមន្ត្រី​បរិស្ថាន​នៃ ប្រទេស​ទាំង ២៧ ដែលជា​សមាជិក​របស់ EU បានអនុម័ត​វិធានការ​មួយចំនួន​ដើម្បី​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ការសម្រេចចិត្ត​នេះ​រួមមាន ចាប់ពី​ឆ្នាំ ២០៣៥ EU នឹង​លុបបំបាត់​ជាបណ្ដើរៗនូវ​ការផលិត និង​លក់​រថយន្ត​ថ្មី​ដែល​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល (មាន​ប្រេងសាំង​ជាដើម) និង​ជំនួស​ដោយ​រថយន្ត​ប្រភេទ​មិន​ប​ញ្ជេ​ញ​ឧស្ម័ន​កាបូន។

នៅពេល​ចូល​ជា​ធរមាន កិច្ចព្រមព្រៀង​ខាងលើ​នឹង​មានន័យ​ស្មើនឹង​ការហាមឃាត់​រាល់​រថយន្ត​ថ្មី​ដែលមាន​ម៉ាស៊ីន​ចំហេះ​ក្នុង នៅ អឺរ៉ុប ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ ២០៣៥ ដើម្បី​ងាក​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី។

ក្រុម​រដ្ឋមន្ត្រី​បរិស្ថាន​របស់ EU បាន​ឯកភាព​ទៅលើ​សេចក្ដីព្រាងច្បាប់​ចំនួន ៥ ដែល​ត្រូវបាន គណៈ​កម្ម​អឺរ៉ុប (EC) ស្នើឡើង​កាលពី​ឆ្នាំ​កន្លង។

«វិបត្តិ​អាកាសធាតុ និង​ផលវិបាក​របស់​វា​គឺមាន​យ៉ាងច្បាស់ ដូច្នេះ យើង​មិនអាច​មិន​លើកឡើង​នូវ​គោលនយោបាយ​ថ្មី​ឡើយ» Frans Timmermans ប្រធាន​គោលនយោបាយ​អាកាសធាតុ​របស់ EU បញ្ជាក់​ដូច្នេះ។

សភា​អឺរ៉ុប នឹង​បន្ត​ពិភាក្សា​អំពី​ខ្លឹមសារ​ចុងក្រោយ​របស់​សេចក្ដីព្រាង​ច្បាប់​ខាងលើ។ សភា​អឺរ៉ុប គឺជា​ស្ថាប័ន​មួយ​ដែល​កន្លងមក​បាន​គាំទ្រ​ចំពោះ​ច្បាប់​ហាមឃាត់​ទាំងស្រុង​ចំពោះ​ការលក់​យានយន្ត​ដែល​ប្រើប្រាស់​ម៉ា​ស៊ី​ចំហេះ​ក្នុង ចាប់ពី​ឆ្នាំ ២០៣៥។

វិធានការ​ហាមឃាត់​ការលក់ និង​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង និង​ផ្នែក​ដែល​នៅសល់​នៃ​សេចក្ដីព្រាងច្បាប់​ខាងលើ​គឺ​សុទ្ធ​តែមាន​សារសំខាន់​ដើម្បីឱ្យ EU អាច​សម្រេចបាន​គោលដៅ​បន្សាប​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​បរិយាកាស នៅ​ឆ្នាំ ២០៥០៕

Advertisement