ប្រេង​ឧស្ម័ន​របស់ ប្រទេស​រុស្ស៊ី ឡើងថ្លៃ​ពីមួយថ្ងៃ ទៅមួយថ្ងៃ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

ក្នុង​រយៈពេល​តែមួយ​ខែ​សោះ តម្លៃ​ប្រេង Urals របស់ រុស្ស៊ី បាន​កើនឡើង ២០% ដោយសារតែ​តម្រូវការ​ខ្ពស់​នៅក្នុង ទ្វីបអាស៊ី។

កាលពី​ថ្ងៃទី ២៨ មិថុនា មេដឹកនាំ​នៃ​ក្រុម​ប្រទេស G៧ បាន​ឯកភាពគ្នា​លើ​ការស្វែងរក​វិធី​ដើម្បី​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​របស់ រុស្ស៊ី ក្នុង​បំណង​កាត់បន្ថយ​ប្រភព​ចំណូល​ដែល វិមាន​ក្រឹម​ឡាំង ប្រើប្រាស់​សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ គំនិត​នេះ​នឹង​ត្រូវបាន​ពិភាក្សា​លម្អិត​នៅក្នុង​សប្ដាហ៍​នេះ។

ក៏ប៉ុន្តែ ទិន្នន័យ​ពី រដ្ឋាភិបាល​រុស្ស៊ី បាន​បង្ហាញថា តម្លៃ​ប្រេង Urals របស់​ប្រទេស​នេះ​កំពុងតែ​កើនឡើង​នៅឡើយ។ ប្រការនេះ​បញ្ជាក់ថា តម្រូវការ​ប្រេង​រុស្ស៊ី ពិត​ជាមាន​កម្រិត​ខ្ពស់។ ក្នុងអំឡុងពេល​ពី​ពាក់កណ្ដាល​ខែឧសភា និង​ពាក់កណ្ដាល​ខែមិថុនា តម្លៃ​មធ្យម​របស់​ប្រេង Urals គឺ ៨៧.៤៩ ដុល្លារ/ធុង។ តួលេខ​នេះ​កើន ២០% ធៀប​នឹង​មួយខែ​មុន​នោះ នេះ​បើតាម ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី។

បើទោះជា​ប្រេង Urals នៅតែមាន​តម្លៃថោក​ជាង​ប្រេង Brent ប៉ុន្តែ​គ​ន្លាត​រវាង​តម្លៃ​ប្រេង​ទាំងពីរ​នេះ​កាន់តែ​ត្រូវបាន​កាត់បន្ថយ។

ប្រេង Urals ថ្លៃ​ជាង​មុន បើទោះជា កាលពី​ថ្ងៃទី ១៥ ឧសភា សហភាព​អឺរ៉ុប បាន​ហាម​ជួញដូរ​ជាមួយ​បណ្ដា ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ក៏ដោយ។ ថ្វីបើ​បទបញ្ជា​របស់ សហភាព​អឺរ៉ុប នៅតែ​អនុញ្ញាតឱ្យ​ទិញ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី ប៉ុន្តែ ក្រុម​អ្នកជំនួញ​បាន​ចាត់ទុកថា នេះ​គឺជា​ការហាមឃាត់​ទាំងស្រុង​នូវ​ការរកស៊ី​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ថាមពល​របស់ រុស្ស៊ី។

ក៏ប៉ុន្តែ ដោយសារតែ​បាន​ផ្ដោតទៅលើ​ទីផ្សារ​នៅ អាស៊ី បូករួម​នឹង​ការដែល​បណ្ដា​ក្រុមហ៊ុនតូចៗ ហ៊ាន​រកស៊ី​ជាមួយ រុស្ស៊ី ដូច្នេះ លំហូរ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី នៅតែ​ត្រូវបាន​រក្សា។ ក្នុង​រយៈពេល ១៣ ថ្ងៃ​ដើមខែ​មិថុនា ការនាំចេញ​ប្រេង​តាមរយៈ​បំពង់​បង្ហូរ និង​កំពង់ផែ​នានា​របស់ រុស្ស៊ី សម្រេច​បានជា​មធ្យម ៤.៦២ លាន​ធុង/ថ្ងៃ នេះ​បើតាម Bloomberg។ តួលេខ​នេះ​គ្រាន់តែ​ទាប​បន្តិច​ប៉ុណ្ណោះ បើ​ធៀប​នឹង​មួយខែ​មុន​នោះ៕

Advertisement