មហាសេដ្ឋី Elon Musk នឹងត្រូវ​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ បើសិន​មិន​ទិញ Twitter

ខ្ទង់​ប្រាក់​ពិន័យ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​នេះ អនុវត្ត​ចំពោះ​ទាំង​លោក Musk និង​ទាំង​បណ្ដាញ​សង្គម Twitter បើសិន​មួយ​ក្នុងចំណោម​ភាគី​ទាំង ២ បញ្ឈប់​កិច្ចព្រមព្រៀង​ទិញដូរ​នេះ។

យោងតាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) កាលពី​ថ្ងៃទី ២៦ មេសា Twitter នឹងត្រូវ​បង់ថ្លៃ​បញ្ចប់​កិច្ចសន្យា​ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងករណី​បញ្ឈប់​កិច្ចព្រមព្រៀង​លក់​បណ្ដាញ​សង្គម​នេះ​ឱ្យ Elon Musk ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ។ នាយក​ប្រតិបត្តិ​របស់ Tesla ក៏​នឹងត្រូវ​បង់ថ្លៃ​ពិន័យ​ដូចគ្នានេះ​ផងដែរ បើសិន​ប្ដូរ​គំនិត។

ករណី​ដែល​ភាគី​ទាំង ២ ខាងលើ ត្រូវបាន​តម្រូវឱ្យ​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​នេះ រួមមាន «បើសិន Musk មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ដូច​បាន​ចុះ​កិច្ចព្រមព្រៀង, Twitter ទទួលយក​ការស្នើ​ទិញ​មួយ​ផ្សេងទៀត ឬ​ក្រុម​ភាគ​ហ៊ុ​និករ​បស់ Twitter បោះឆ្នោត​បដិសេធ​សំណើ ទិញ​របស់ Musk។ លោក Musk ដែលជា នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX បច្ចុប្បន្ន​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​ប្រាក់ ២៥២ ពាន់​លាន​ដុល្លារ នេះ​បើតាមទំព័របញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ប្រចាំ​ថ្ងៃ​​ Bloomberg Billionaires Index។

នៅ​ពាក់​កណ្ដាលខែ​នេះ មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានស្នើ​ទិញ Twitter ក្នុងតម្លៃ ៥៤.២ ដុល្លារ​អាម៉េរិក/ហ៊ុន ដោយ​សាច់​ប្រាក់សុទ្ធ។ កាលពី​សប្ដាហ៍​មុន Musk ប្រកាសថា មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ។

បច្ចុប្បន្ន ការ​ទិញដូរ​ខាងលើ កំពុងដំណើរការ​រលូន ដែល​នេះ​ផ្ទុយ​ទាំងស្រុង​បើ​ធៀប​នឹង​ការព្រួយបារម្ភ​ដំបូង។ ការ​ទិញដូរ​បណ្ដាញ​សង្គម​នេះ​ក៏​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​របស់ Twitter យល់ព្រម ហើយ​វា​នឹង​សម្រេច​ជា​ស្ថាពរ​ក្នុងឆ្នាំនេះ បើសិន​មិនមាន​ឧបសគ្គ​ពី​ក្រុម​ភាគ​ហ៊ុ​និក និង​ក្រុមមន្ត្រី​រដ្ឋាភិបាល៕

Advertisement