មាស​ជាង ​២,០០០ ​តោន​ របស់ ​រុស្ស៊ី ​ត្រូវ​រង​​ការ​ដាក់​ទណ្ឌ​កម្ម​​ពី ​សហរដ្ឋ​​អាម៉េរិក

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​ហាម​ការជួញដូ​រមាស​ជាមួយ រុស្ស៊ី ដែល​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទណ្ឌកម្ម​ត្រូវបាន​សំពង​លើ​ឃ្លាំង​មាស ២,៣០០ តោន តម្លៃ ១៤០ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក កាលពី​ថ្ងៃទី ២៤ មីនា បានប្រកាសថា «ពលរដ្ឋ​អាម៉េរិក ត្រូវបាន​ហាម​ការចូលរួម​ជំនួញ​នានា ក្នុងនោះ​មាន​ទាំង​ការជួញដូរ​មាស ទាក់ទង​នឹង ធនាគារជាតិ​រុស្ស៊ី, មូលនិធិ​ហិរញ្ញវត្ថុ​ជាតិ​រុស្ស៊ី ឬ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី»។

ការហាមឃាត់​នេះ​ត្រូវបាន​អនុវត្ត​ទៅតាម​បទបញ្ជា​ដោយយោង​ទៅតាម​ច្បាប់​អាម៉េរិក របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន នេះ​បើតាម ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក បានប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី សំដៅលើ​ក្រុមហ៊ុន​ការពារជាតិ​របស់​រដ្ឋ​ចំនួន ៤៨, តំណាងរាស្ត្រ​ចំនួន ៣២៨ រូប រួម​នឹង​ក្រុម​អ្នកមាន​ទ្រព្យ និង​អ្នកមានអំណាច​របស់ រុស្ស៊ី រាប់សិប​នាក់​ផ្សេងទៀត។

រុស្ស៊ី បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការកសាង​ឃ្លាំង​មាសធំ​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ដោយមាន​មាស​សរុប​ប្រហែល ២,៣០០ តោន និង​មានតម្លៃ​រហូតដល់ ១៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

អាម៉េរិក និង​សម្ព័ន្ធមិត្ត យក​ឃ្លាំង​មាស​របស់ រុស្ស៊ី ជា​គោលដៅ​សម្រាប់​ការដាក់ទណ្ឌកម្ម​នេះ ក៏​ព្រោះតែ​ការលក់​មាស​របស់ រុស្ស៊ី អាចជួយ​ដំឡើងថ្លៃ​រូបិយវត្ថុ​ក្នុងស្រុក ដែល​បច្ចុប្បន្ន តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី កំពុង​ធ្លាក់​ថ្លៃ​យ៉ាងជ្រៅ ក្រោយ​ការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ពី​សំណាក់​បស្ចិម​លោក ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៕

Advertisement