អាជ្ញាធរ​អាម៉េរិក ប្រកាស​​លើក​លែង​ពន្ធ​លើ​ទំនិញ​រាប់រយ​មុខ​ដែល​នាំចូល​ពី ប្រទេស​ចិន

សហរដ្ឋ​អាម៉េរិក បានធ្វើការ​ពិនិត្យ​លើ​ទំនិញ​ជាង ៥០០ មុខ ហើយ​មកដល់​ថ្ងៃ​ពុធ​ម្សិលមិញ តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​អាម៉េរិក ប្រកាសថា ពួកគេ​សម្រេច​មិន​យកពន្ធ​លើ​ទំនិញ​ចំនួន ៣៥២ មុខ ពី ប្រទេស​ចិន។

យោងតាម Reuters ប្រភេទ​ទំនិញ​ដែល​ត្រូវបាន​លើកលែង​ពន្ធ រួមមាន​ទាំង​ផលិត​ជា​គ្រឿងបន្លាស់​កង់ រថយន្ត​អគ្គិសនី ម៉ាស៊ីន សារធាតុ​គីមី និង​គ្រឿង​សមុទ្រ​ផងដែរ។

មុខទំនិញ​ទាំងឡាយ​ខាងលើ ធ្លាប់​ត្រូវបាន​លើកលែង​ពន្ធ​កាលពី​សម័យ​រដ្ឋការ​លោក Donald Trump គ្រា​ដែល អាម៉េរិក និង ចិន ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​អំឡុង​ឆ្នាំ ២០១៨ និង ២០១៩ ប៉ុន្តែ គោលនយោបាយ​លើកលែង​ពន្ធ​នោះ បាន​អស់​សុពលភាព​ទៅហើយ។

ការសម្រេច​លើកលែង​ពន្ធ​លើ​ទំនិញ​ចំនួន ៣៥២ មុខ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាជ្ញាធរ​អាម៉េរិក បាន​ពិនិត្យ​ទំនិញ​ចំនួន ៥៤៩ មុខ​រួចរាល់។ ក៏ប៉ុន្តែ នៅមាន​ទំនិញ​ច្រើន​ប្រភេទ​ទៀត​ដែល​នៅតែ​ជាប់ពន្ធ​កម្រិត​ខ្ពស់។

ការបង់ពន្ធ​ត្រូវធ្វើឡើង​ដោយ​ក្រុមហ៊ុន​នាំចូល​របស់ សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន​អាហរ័ណ​ជាច្រើន​របស់ អាម៉េរិក​បាន​អំពាវនាវ​ឱ្យមាន​ការពង្រីក​ចំនួន​ប្រភេទ​ទំនិញ​ដែល​ត្រូវ​លើកលែង​ពន្ធ​ពី​បរទេស៕

Advertisement