សមាជិក​របស់​ សម្ព័ន្ធ​យោធា​ណា​តូ (NATO) ជំទាស់​រឿង​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី

ហុង​គ្រី ដែលជា​សមាជិក​របស់ អង្គការ​ណា​តូ (NATO) ប្រកាស​ជំទាស់​រាល់​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប (EU) សំដៅលើ​ក្រុមហ៊ុន​ប្រេង​របស់ រុស្ស៊ី ដោយសារ​បារម្ភ​អំពី​ការខាតបង់​ផលប្រយោជន៍​របស់​ប្រទេសជាតិ។

«យើង​នឹងមិន​គាំទ្រ​ចំពោះ​បទបញ្ជា​ដាក់ទណ្ឌកម្ម​ណាមួយ​ដែល​អាច​បង្ក​ហានិភ័យ​ចំពោះ​ប្រភព​ផ្គត់ផ្គង់​ថាមពល​របស់ ហុង​គ្រី» រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បាន​ជួបប្រជុំ​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី ២១ មីនា។

លោក​រដ្ឋមន្ត្រី​យល់ថា ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​របស់ រុស្ស៊ី នឹង​បង្ក​ការខាតបង់​ដល់​ផលប្រយោជន៍​ក្នុង​វិស័យ​ថាមពល​របស់ ហុង​គ្រី ហើយ EU អាច​នឹងមិន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​ដាក់ទណ្ឌកម្ម​លើ​ប្រភព​ផ្គត់ផ្គង់​ប្រេង​ពី រុស្ស៊ី។

«ប្រភព​ផ្គត់ផ្គង់​ថាមពល​មិនមែនជា​បញ្ហា​របស់​ស្មារតី ឬ​ឧ​ត្ត​ម​គតិ ប៉ុន្តែ​វា​គឺជា​ប្រការ​ជាក់ស្ដែង» លោក Peter Szijjarto បញ្ជាក់។

រដ្ឋមន្ត្រី​ការបរទេស​របស់ ហុងគ្រី លោក Peter Szijjarto

ការយល់ឃើញ​របស់លោក Peter Szijjarto ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា EU នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​អំពី​បម្រាម​គោចរ​ទូទៅ​ចំពោះ​វិស័យ​ថាមពល​របស់ រុស្ស៊ី បើ​ទោះ​នៅមាន​ការខ្វែងគំនិត​គ្នា​ក្រោយពី​កិច្ចប្រជុំ​កំពូល​នៅ ព្រុ​ច​សែ​ល កាលពី​ម្សិលមិញ។

រដ្ឋមន្ត្រីការបរទេស​អៀឡង់ Simon Coveney អះអាងថា ពិបាក​ក្នុង​ការដែល​មិន​ដាក់ទណ្ឌកម្ម​ទៅលើ​វិស័យ​ថាមពល​របស់ រុស្ស៊ី ដោយសារតែ​យុទ្ធនាការ​យោធា​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ ការអះអាង​នេះ​ត្រូវបាន ហុង​គ្រី, អាល្លឺម៉ង់ និង ប៉ូឡូញ បដិសេធ។

បច្ចុប្បន្ន EU ទាំងមូល នាំចូល​ប្រេង ៤០% ពី រុស្ស៊ី។ រុស្ស៊ី ក៏​ជា​ប្រទេស​ដែល​នាំចេញ​ប្រេង​ប្រមាណ ២៧% និង​ធ្យូងថ្ម ៤៦% ទៅឱ្យ EU ផងដែរ។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង រុស្ស៊ី និង សហភាព​អឺរ៉ុប ក្នុង​វិស័យ​ថាមពល មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ឆ្នាំ៕

Advertisement