ឥណ្ឌា ចង់​ទិញ​បន្ថែម​ប្រេង​ពី រុស្ស៊ី

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល របស់ ឥណ្ឌា លោក Hardeep Singh Puri បានឱ្យដឹងថា កំពុង​ចរចា​ជាមួយ ភាគី​រុស្ស៊ី អំពី​ការបង្កើន​ការ​នាំចូល​ប្រេង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឡើង​ថ្លៃ​សាំង​ក្នុងប្រទេស។

«ខ្ញុំ​បាន​និយាយ​គ្នា​ជាមួយ​ក្រុមមន្ត្រី​របស់ សហព័ន្ធរុស្ស៊ី» អំពី​ការ​នាំចូល​ប្រេង លោក Hardeep Singh Puri បាន​ប្រាប់ សភា​ឥណ្ឌា កាលពី​ថ្ងៃទី ១៤ មីនា។ លោក Puri និយាយថា បញ្ហា​កំពុង​ជជែក​គ្នា​រួមមាន ការធានារ៉ាប់រង វិធី​ដឹកជញ្ជូន និង​ការទូទាត់។

ឥណ្ឌា ត្រូវ​នាំចូល​ប្រេង ៨០% ក្នុងចំណោម​ប្រេង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក​សរុប ហើយ​ក្នុងចំណោម​នោះ មាន ៣% ទិញ​ពី រុស្ស៊ី។ កាលពី​ចុង​សប្ដាហ៍​មុន ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandrer Novak បានឱ្យដឹងថា ការ​នាំចូល​ប្រេង​ពី រុស្ស៊ី របស់ ឥណ្ឌា មានតម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ត្រឹមតែ ៩ ពាន់​លាន​ដុល្លារ មិន​ដល់ ១/១០ នៃ​ពាណិជ្ជកម្ម​រវាង រុស្ស៊ី និង ចិន។

ឥណ្ឌា ជា​ប្រទេសមួយ​ដែល​ជិតស្និទ្ធ​នឹង រុស្ស៊ី។ ឥណ្ឌា រក្សា​ទំនាក់ទំនង​ជាមួយ អ៊ុយ​ក្រែ​ន និង​លោកខាងលិច ប៉ុន្តែ ក៏​បង្ហាញ​ការមិនយល់ស្រប​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី នៅក្នុង​វេទិកា​អន្តរជាតិ។

សហរដ្ឋ​អាម៉េរិក បាន​ហាម​ការ​នាំចូល​ប្រេង​ពី រុស្ស៊ី។ ប៉ុន្តែ អឺរ៉ុប នៅតែមាន​ការស្ទាក់ស្ទើរ​ចំពោះ​បញ្ហា​នេះ ព្រោះ​កំពុង​ពឹង​ផ្អែកលើ​ប្រេង និង​ធនធាន​ថាមពល​របស់ រុស្ស៊ី ច្រើនជាង​ឆ្ងាយ ធៀប​នឹង សហរដ្ឋ​អាម៉េរិក៕

Advertisement