Apple សំច័យ​ប្រា​ក់បាន​រាប់ពាន់​លាន​ដុល្លារ ដោយសារ​បោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស​របស់ iPhone

iPhone 12 លក់ចេញដោយអមជាមួយតែខ្សែសាកថ្មប៉ុណ្ណោះ

ក្រុមហ៊ុន Apple ត្រូវបាន​គេ​ជឿថា សំច័យ​ប្រាក់​បាន​ជាង ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការបោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស របស់​ទូរស័ព្ទ iPhone ចាប់ពី​ឆ្នាំ ២០២០។

យោងតាម Daily Mail ក្រុមហ៊ុន Apple កាត់បន្ថយ​ការ​ចំណាយបាន​ប្រហែល ៣៥ ដុល្លារ សម្រាប់​ទូរស័ព្ទ​ឆ្លាត​វៃ iPhone ១ គ្រឿង ដែល​ក្រុមហ៊ុន​បាន​លក់​ចេញ ដោយសារ​បំបាត់ចោល​ឧបករណ៍​អមរ​បស់​ផលិតផល​នេះ។ រាប់​ចាប់​តាំង​ពី​ចុងឆ្នាំ ​២០២០ ដល់​ដើមឆ្នាំ ២០២២ Apple បាន​លក់ iPhone ប្រហែល ១៩០ លាន​គ្រឿង ដូច្នេះ ទឹកប្រាក់​ដែល​ក្រុមហ៊ុន​នេះ​សំច័យ​បាន គឺ​ប្រហែល ៦.៥ ពាន់​លាន​ដុល្លារ។

កន្លងមក ក្រុម​អ្នកជំនាញ​​បាន​គណនា​ឃើញថា ការកាត់បន្ថយ​ទំហំ​របស់​ប្រអប់​ដាក់​ទូរស័ព្ទ អនុញ្ញាតឱ្យ Apple បន្ថយ​ការចំណាយ​ទៅលើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​ប្រអប់​ទូរស័ព្ទ ក៏ដូចជា​បង្កើន​ចំនួន iPhone បាន ៧០% នៅក្នុង​ប្រអប់​ប៉ា​ឡែ​ត (pallet) នីមួយៗ ដូច្នេះ ក៏​អាច​បន្ថយ​ការចំណាយ​ទៅលើ​សេវា​ដឹកជញ្ជូន​បាន ៤០% ធៀប​នឹង​ដំណាក់កាល​មុន​នោះ។

iPhone 11

Ben Wood ដែលជា​អ្នកវិភាគ​របស់ CCS Insight បាន​វាយតម្លៃថា ទិន្នន័យ​ខាងលើ​គឺមាន​មូលដ្ឋាន។ ប៉ុន្តែ Apple បាន​បដិសេធ​ការអធិប្បាយ​ទាក់ទង​នឹង​តួលេខ​ខាងលើ។ ក្រុមហ៊ុន​នេះ​សង្កត់ធ្ងន់ថា ការ​កាត់ចោល​ឆ្នាំង​សាក​ថ្ម និង​កាស ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​ពុល​បាន​ជាង ២ លាន​តោន ស្មើនឹង​រថយន្ត ៥ សែន​គ្រឿង ដែល​មិន​ធ្វើ​ចរាចរណ៍ ជា​រៀងរាល់ឆ្នាំ៕

Advertisement