មហា​សេដ្ឋី​រុស្ស៊ី សម្រេច​ចិត្ត​លក់​ក្លឹប​ Chelsea ដើម្បី​ស្រោច​ស្រង់​ស្ថានការណ៍! ម្ចាស់​ថ្មី​របស់ក្លឹប​មានទ្រព្យ​ច្រើនជាង​ប្រធាន​របស់​ PSG ទៅទៀត

មហាសេដ្ឋី រុស្ស៊ី Roman Abramovich

បើទោះជា​មិន​សប្បាយចិត្ត ប៉ុន្តែ ប្រធាន​បច្ចុប្បន្ន​របស់​ក្រុមបាល់ទាត់ Chelsea លោក Roman Abramovich បានធ្វើការ​សម្រេចចិត្ត​មួយ​ដែល​មិនមាន True Blues (អ្នកគាំទ្រ​លុះ​ក្ស័យ) ណា​ម្នាក់​ចង់ឱ្យ​កើតឡើង​ឡើយ។

វេលា​ទៀបភ្លឺ (ម៉ោង​នៅ កម្ពុជា) Fabrizio Romano ដែលជា​អ្នកជំនាញ​ខាង​យក​ព័ត៌មាន​អំពី​ការ​ទិញដូរ​ក្រុមហ៊ុន បាន​បញ្ជាក់ថា មហាសេដ្ឋី Roman Abramovich ដាក់លក់ Chelsea។

«ខ្ញុំ (Abramovich) តែងតែ​ជ្រើសរើស​ប្រការ​ល្អ​បំផុត​សម្រាប់​ក្លឹប​នេះ។ មូលហេតុ​នេះហើយ ធ្វើឱ្យ​ខ្ញុំ​ត្រូវ​សម្រេច​ថា​នឹង​លក់ Chelsea» នៅលើ Twitter របស់ខ្លួន អ្នកយកព័ត៌មាន ជនជាតិ​អ៊ីតាលី បាន​បង្ហោះ​សារ​ដែល​ដកស្រង់​សម្ដី​របស់លោក Abramovich ស្ដីពី​ការសម្រេចចិត្ត​លក់​ក្លឹប​ដែល​គាត់​ស្រលាញ់​ដូច​កូនបង្កើត។

«ខ្ញុំ​ជឿថា នេះ​គឺជា​វិថី​ល្អ​បំផុត​សម្រាប់​ក្រុមបាល់ទាត់ និង​សម្រាប់​អ្នកគាំទ្រ។ ជាង​នេះ ការសម្រេច​នេះ​របស់ខ្ញុំ​នឹង​ជួយ​សម្រាលទុក្ខ​របស់​ម​នុស្ស​ជាច្រើន​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ រួមទាំង​បុគ្គលិក​របស់​ក្លឹប និង​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាដើម» មហាសេដ្ឋី Roman Abramovich បន្ថែម​ដូច្នេះ។

ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud

ចាប់តាំងពី​បាន​ទិញ​ក្រុមបាល់ទាត់ Chelsea កាលពី​ឆ្នាំ ២០១៣ ប្រាក់​របស់លោក Abramovich បាន​ជួយ​ឱ្យ​ក្លឹប​នេះ​បាន​ស្គាល់​យុគសម័យ​រុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម។ ប៉ុន្តែ «មិនមាន​បុប្ផា​អ្វីមួយ​ដែល​រីក​ហើយ មិន​ស្រពោន​ទៅវិញ​ឡើយ»។

ប្រភពព័ត៌មាន​មួយចំនួន​ឱ្យដឹងថា ប្រធាន​ថ្មី​របស់ Chelsea មិនមែនជា​មហាសេដ្ឋី Hansjorg Wyss នោះទេ ប៉ុន្តែ​គឺជា​ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud។ Al Waleed Bin Tallal បច្ចុប្បន្ន​គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ មជ្ឈិមបូព៌ា ដោយមាន​ទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ៨ ពាន់​លាន​ដុល្លារ​របស់​ប្រធាន​ក្លឹប PSG លោក Al-Khelaifi។

កាលពី​សប្ដាហ៍​កន្លង មហាសេដ្ឋី​រុស្ស៊ី Roman Abramovich បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ក្រុមបាល់ទាត់ Chelsea ទៅឱ្យ​មូលនិធិ​មនុស្សធម៌ មុនពេល អង់គ្លេស អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​ក្រុម​មហា​សេដ្ឋី​របស់​ រុស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដែល​ រុស្ស៊ី បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន៕

Advertisement