តម្លៃ​​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ណា ដែល​​ទាប​ជាងគេ​ក្នុង​ពិភពលោក?

ថ្មីៗនេះ ទំព័រ Confused.com ទើបតែ​បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​ស្ដីពី​ខ្ទង់​ប្រាក់​ដែល​អ្នកប្រើប្រាស់​ត្រូវចំ​ណា​យ ដើម្បី​ទិញ​រថយន្ត​នៅក្នុង​ប្រទេស និង​ដែនដី​មួយចំនួន។

Confused.com បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ខ្លួន​ស្ដីពី​ខ្ទង់​ប្រាក់​ដែល​ពលរដ្ឋ​ម្នាក់​ត្រូវ​ចំណាយ​ច្រើន​បំផុត និង​តិច​បំផុត​ដើម្បី​ទិញ​រថយន្ត។ ក្នុងការ​ស្រាវជ្រាវ ក្រុម​អ្នកជំនាញ​របស់ Confused.com បាន​ពិនិត្យ​រាល់​ប្រភេទ​មធ្យោបាយ​ធ្វើដំណើរ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​ក្រោយមក ពួកគេ​បានធ្វើការ​ប្រៀបធៀប​តម្លៃ​នៅលើ​ទីផ្សារនីមួយ។ បើ​ទោះ​នៅ​មិនទាន់មាន​សុក្រឹតភាព​បំផុត​ក៏ដោយ ប៉ុន្តែ វា​បាន​ផ្ដល់ឱ្យ​គ្រប់គ្នា​បានដឹង​នូ​វប្រ​ការដែល​គួរឱ្យ​យកចិត្តទុកដាក់ខ្លះ។

ចំពោះ​រថយន្ត​អគ្គិសនី Confused.com បានជ្រើសរើស Tesla Model 3 ហើយ​បាន​រកឃើញថា ទីក្រុង​ម៉ា​កាវ (ប្រទេស​ចិន) គឺជា​កន្លែង​ដែល​លក់​ក្នុងតម្លៃ​ទាប​បំផុត ពោលគឺ​ប្រហាក់ប្រហែល ៤០,៣៨២ ដុល្លារ​អាម៉េរិក បន្ទាប់មក​គឺ ចិនដីគោក រ៉ូ​ម៉ា​នី ជប៉ុន និង បារាំង។ ចំណែក សហរដ្ឋ​អាម៉េរិក វិញ ឈរ​លំដាប់​ទី ៨ (ស្មើនឹង​ដែនដី ព័រ​តូ​រី​កូ/Puerto Rico (សហរដ្ឋ​អាម៉េរិក)) ដោយ Tesal Model 3 ត្រូវបាន​លក់​ក្នុងតម្លៃ ៤៤,៩៩០ ដុល្លារ/គ្រឿង។

តម្លៃ​នេះ​ហាក់​មាន​បញ្ហា​សម្រាប់​អតិថិជន​នៅ ប្រទេស​អង់គ្លេស ព្រោះថា Tesal Model 3 នៅទីនេះ មានតម្លៃ​ប្រហែល ៥៨,៣៧៩ ដុល្លារ។ ប្រការនេះ​បានបង្ហាញ​នូវ​ភាព​ខុសឆ្គង​ខ្លះ​នៅក្នុង​ការស្រាវជ្រាវ ព្រោះថា នៅមាន​រថយន្ត​អគ្គិសនី​ខ្លះ មានតម្លៃ​ទាប​ជាង​នេះ នៅ ប្រទេស​អង់គ្លេស ដូចជា Volkswagen ID.3 ជាដើម ដែលមាន​តម្លៃ ៤៣,៥៣០ ដុល្លារ។ ប៉ុន្តែ និយាយ​រួម រថយន្ត​ស្ទើរ​គ្រប់​ប្រភេទ​នៅ អង់គ្លេស មានតម្លៃ​ថ្លៃ​ជាង​នៅ សហរដ្ឋ​អាម៉េរិក។

ក៏ប៉ុន្តែ ប្រទេស​ដែល​រថយន្ត Tesal Model 3 ត្រូវបាន​លក់​ក្នុងតម្លៃ​ថ្លៃ​ជាងគេ​បង្អស់​គឺ សិង្ហ​បុរី ដោយមាន​តម្លៃ​ប្រហែល ៨៣,៤៨៩ ដុល្លារ/គ្រឿង។  ចំណែក​ប្រទេស​ដែល​លក់​រថយន្ត Tesal Model 3 ថ្លៃ​ជាងគេ​លំដាប់​ទី ២ គឺ អ៊ីស្រាអែល ដោយមាន​តម្លៃ​ប្រហែល ៦៤,៦២៩ ដុល្លារ ទាប​ជាង​ជិត ២,០០០ ដុល្លារ ធៀប​នឹង សិង្ហ​បុរី។ បន្ទាប់មក​គឺ​បណ្ដា​ប្រទេស ដូចជា ស៊ុយអែត ឆែក និង ដា​ណឺ​ម៉ាក៕

Advertisement