(វីដេអូ)-រោងចក្រ​​នៅ​ ស្រុក​​ចិន បាន​​បញ្ចេញ​​កប៉ាល់​​​​ដឹក​​អ្នក​ដំណើរ​​​​ប្រភេទ ​«Ro-Ro»​ ប្រណិត​ ល្បឿន​លឿន​​បំផុត​​ដែល​​ផលិត​​នៅ​​ប្រទេស​​នេះ

ក្រុមហ៊ុន​ផលិត​កប៉ាល់​អន្តរជាតិ​ក្វាង​ចូ​វ បាន​ដំឡើង​កប៉ាល់​ដឹក​អ្នកដំណើរ​ប្រភេទ​ប្រណិត Xianglongdao រួចរាល់​ជា​ស្ថាពរ និង​ប្រគល់ឱ្យ​ដៃគូ​សហការ​កាល​ពីថ្ងៃ​ទី ១៨ មករា ២០២២។

កប៉ាល់​ដឹក​អ្នកដំណើរ​ប្រណិត​ថ្មី​មួយគ្រឿង ដែលមាន​ឈ្មោះថា Xianglongdao ត្រូវបាន​បញ្ចេញ​ពី​រោងចក្រ​កាលពី​ថ្ងៃទី ១៨ មករា និង​ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខណ្ឌ Nansha នៃ​ក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង។

កប៉ាល់​នេះ​មាន​បណ្ដោយ ២០៨ ម៉ែត្រ និង​ទទឹង ២៨.៦ ម៉ែត្រ។ ដោយ​អាចធ្វើ​ដំណើរ​បាន ៤២.៦ គីឡូម៉ែត្រ/ម៉ោង Xianglongdao បាន​ក្លាយជា​កប៉ាល់​ដឹក​អ្នកដំណើរ​ប្រភេទ «Ro-Ro» មាន​ល្បឿន​លឿន​ជាងគេ​បង្អស់​ដែល​ត្រូវបាន​ផលិត​នៅ ប្រទេស​ចិន។

Ro-Ro គឺជា​ពាក្យ​សរសេរ​កាត់​របស់ roll-on/roll-off ដែល​មានន័យថា វា​អាច​ដឹកទំនិញ​ដែលមាន​កង់ ដូចជា រថយន្ត និង​ទូរថភ្លើង​ជាដើម ដោយ​មិនបាច់​ប្រើប្រាស់​ដង​ស្ទូច។

Xianglongdao អាចដាក់​អ្នកដំណើរ​បាន ១,៣៧៥ នាក់ និង​យានយន្ត​ដែលមាន​ខ្នាត​ប្រហាក់ប្រហែល​នឹង​រថយន្ត​ដឹកទំនិញ​ជាង ៥០០ គ្រឿង។ ក្នុង​កប៉ាល់​ប្រណិត​នេះ មាន​បំពាក់​ប្រព័ន្ធ​ចង្ក្រាន​អាំង​សាច់​ដែល​អាច​ផ្គត់ផ្គង់​សម្រាប់​មនុស្ស​ប្រហែល ៣៤០ នាក់, បន្ទប់​កា​រ៉ា​អូ​ខេ​ធំ​មួយ​ដែល​អាចដាក់​មនុស្ស​បាន ១០ នាក់, បន្ទប់​លេងអុក​មួយ, រោងភាពយន្ត​មួយ, ផ្សារ​ទំនើប​មួយ​ដែលមាន​ទំហំ ១២០ ម៉ែត្រក្រឡា និង​បន្ទប់​ហាត់ប្រាណ​មួយ។ល។

Advertisement