ក្រុមហ៊ុន​អ៊ីស្រាអែល កំពុង​ផលិត​សាច់​ត្រី​សាល់​ម៉ុង​សិប្បនិម្មិត ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​តម្លៃ ៥៨៦ ពាន់​លាន​ដុល្លារ

អាហារ​មួយ​មុខ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ពី​រុក្ខជាតិ​ របស់​ក្រុម​ហ៊ុន​អ៊ីស្រាអែល Plantish 

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែលមាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​អាហារ Plantish របស់ អ៊ីស្រាអែល កំពុង​បំពេញបេសកកម្ម​សង្គ្រោះ​មហាសមុទ្រ តាមរយៈ​ការអភិវឌ្ឍ​សាច់​ត្រី​សិប្បនិម្មិត។

Plantish កាលពី​ថ្ងៃទី ១៣ មករា បានប្រកាសថា មុខម្ហូប «សាច់​ត្រី​សាល់​ម៉ុង​សម្រាប់​អ្នក​ចូលចិត្ត​បន្លែ» របស់​ពួកគេ ត្រូវបានធ្វើ​ត្រាប់​តាម​រូបមន្ត រចនាសម្ព័ន្ធ និង​ក្លិន​របស់​ត្រីពិត។ វា​ត្រូវបាន​ធ្វើឡើង​អំពី​ម្សៅសណ្ដែក ផ្សំ​ជាមួយ​ប្រេង​សា​រ៉ា​យ និង​វត្ថុ​ធាតុ​ស្អិត​មួយចំនួន​ផ្សេងទៀត។

ផលិតផល​នេះ​ក៏​ផ្ដល់​ប្រូតេអ៊ីន, អូ​មេ​ហ្គា-៣, អូ​មេ​ហ្គា-៦ និង​វីតាមីន-B ប៉ុន្តែ ពុំមាន​ផ្ទុក​សារធាតុ​បារត និង​មីក្រូ​ប្លា​ស្ទិ​ក ជាដើម ដែល​អាចមាន​នៅក្នុង​ត្រី​សមុទ្រ។

ក្រុមហ៊ុន Plantish កំពុង​សហការ​ជាមួយ​មេ​ចុងភៅ​ល្បីឈ្មោះ Jone Andres ដើម្បី​ផ្គត់ផ្គង់​មុខម្ហូប​ធ្វើ​អំពី​សាច់​ត្រី​សាល់​ម៉ុង​សិប្បនិម្មិត​របស់​ពួកគេ នៅ​ភោជនីយដ្ឋាន​មួយចំនួន​ដែល​បានជ្រើសរើស​នៅក្នុង​ឆ្នាំនេះ និង​ឆ្ពោះទៅរក​ការដាក់​លក់​ក្នុង​ទីផ្សារ​នៅក្នុង​ឆ្នាំ ២០២។

Plantish ផលិត​សាច់​ត្រី​សាល់​ម៉ុង​ធ្វើ​អំពី​រុក្ខជាតិ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បោះ​ពុ​ម្ភ ៣D ជា​វិធី​មួយ​ដែល​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ផលិត​អាហារ​សិប្បនិម្មិត​ដែលមាន​ប្រភពពី​រុក្ខជាតិ។

IMARC Group ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​លំដាប់​កំពូល​របស់​ពិភពលោក បានឱ្យដឹងថា ទីផ្សារ​អាហារ​សមុទ្រ​បច្ចុប្បន្ន​មានតម្លៃ​ប្រហែល ៥៨៦ ពាន់​លាន​ដុល្លារ ក្នុងនោះ​ត្រី​សាល់​ម៉ុង មាន​ចំណែក​ទីផ្សារ ៥០ ពាន់​លាន​ដុល្លារ។

ការនេសាទ​ហូ​ស​កម្រិត​កំពុងតែ​គំរាមកំហែង​ដល់​ប្រព័ន្ធ​ជីវចម្រុះ​នៅក្រោម​ទឹកសមុទ្រ នាំឱ្យ​ប្រភេទ​ត្រី​សមុទ្រ​មួយចំនួន​ប្រឈម​នឹង​ការ​ផុត​ពូជ។ ដូច្នេះ ក្រុមហ៊ុន Plantish សង្កត់ធ្ងន់ថា ពួកគេ​កំពុង​បំពេញបេសកកម្ម​ជួយសង្គ្រោះ​ត្រី​សមុទ្រ៕

Advertisement