ឪឡឹក​រាប់ពាន់​តោន ត្រូវ​​បាន​ឈ្មួញ​បោះចោល​ក្បែរ​ព្រំដែន​ចិន

ឪឡឹក​រាប់ពាន់​តោន ត្រូវ​ឈ្មួញ​បោះចោល​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទឹកដី​នៃ​ប្រទេស​មី​យ៉ាន​ម៉ា ក្បែរ​ព្រំដែន​ចិន ដោយសារតែ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ធ្វើឱ្យ​ឡាន​ដឹកទំនិញ​ពី មី​យ៉ាន​ម៉ា មិនអាច​ចូលទៅក្នុង​ទឹកដី​ចិន។

ដងផ្លូវ​ភ្ជាប់​ពី​ទីក្រុង Ruili នៃ​ខេត្ត Yunnan ដែលជា​ច្រក​ផ្លូវ​សំខាន់​របស់ ចិន និង មី​យ៉ាន​ម៉ា បាន​កកស្ទះ​យ៉ាង​ណែន ដោយមាន​ឡាន​ដឹកទំនិញ​រាប់រយ​គ្រឿង​កំពុង​រង់ចាំ​នៅក្បែរ​ស្ថានីយ​ត្រួតពិនិត្យ នេះ​បើតាម​សារព័ត៌មាន SCMP ចុះផ្សាយ​នា​ថ្ងៃទី ៦ មករា។

Lee Htay វ័យ ៦៥ ឆ្នាំ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ បានឱ្យដឹងថា៖ «មុន​វិបត្តិ​អាសន្នរោគ ក្នុង​មួយថ្ងៃ យើង​នាំ​ផ្លែឈើ​ជាង ៥០០ តោន ចូល​ប្រទេស​ចិន ភាគច្រើន​គឺ ឪឡឹក ត្រសក់ផ្អែម (honeydew lemon) ស្វាយ។ល។ ពេលនេះ ក្នុង​មួយថ្ងៃ មាន​ឡាន​មិន​ដល់ ១០ គ្រឿង ដែល​អាច​ឆ្លងកាត់​ច្រកព្រំដែន»។

«យើង​ត្រូវ​ស្វែងរក​វិធី​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ ឬ​លក់​ក្នុងស្រុក ប៉ុន្តែ ត្រូវការ​ពេលវេលា។ ក្នុងករណី​ភាគច្រើន យើង​មានតែ​បោះចោល​ផ្លែ​ឪឡឹក» លោក Lee Htay បន្ថែម​ដូច្នេះ និង​បន្តថា យ៉ាងហោចណាស់​មាន​ឡាន​ដឹកទំនិញ​ចំនួន ២០០ គ្រឿង​ដែល​ដឹក​ផ្លែឈើ កំពុង​កកស្ទះ​លើ​ដងផ្លូវ​ពី Mandalay ដែលជា​ទីក្រុង​ធំជាងគេ​ទី២ របស់ មី​យ៉ាន​ម៉ា ភ្ជាប់​ទៅកាន់​ទីរួមស្រុក Musem។ នេះ​គឺជា​ផ្លូវ​សំខាន់​ដែល​ភ្ជាប់​ទៅ​ទីរួមស្រុក​មួយចំនួន​នៅ ប្រទេស​ចិន ដូចជា Wanding និង Ruili ជាដើម។

យោងតាម​ស្ថានទូត​ចិន ប្រចាំ មី​យ៉ាន​ម៉ា ទំហំ​នៃ​ការនាំចេញ នាំចូល​តាម​ច្រកព្រំដែន Wanding មានតម្លៃ​ប្រហែល ២០០ លាន​យុន (៣១ លាន​ដុល្លារ​អាម៉េរិក) នៅក្នុង​ខែធ្នូ ២០២១ ក្រោយ​ការបើក​ច្រកព្រំដែន​ឡើងវិញ​បាន​មួយខែ ថយចុះ​ជាង ៤០% ធៀប​នឹង​ឆ្នាំមុន។ ស្ថានទូត​ចិន បានឱ្យដឹង​ដែរ​ថា ការអនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ គឺ​មានន័យថា ឡាន​ដឹកទំនិញ​ប្រមាណ ៤០ គ្រឿង​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​ត្រួតពិនិត្យ និង​អនុញ្ញាតឱ្យ​ឆ្លងកាត់​ច្រកព្រំដែន​នេះ នៅក្នុង ១ ថ្ងៃ៕

Advertisement