តម្លៃ​មាស​កើនឡើង​ខ្ពស់​ដោយសារ កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

តម្រូវ​ការទិញ​មាស​ដើម្បី​រក្សាទ្រព្យ​បាន​កើនឡើង​ខ្ពស់​នៅពេល​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​អំពី​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​សកល​ត្រូវបាន​គំរាមកំហែង​ដោយ​ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៤ មករា មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៨១៤ ដុល្លារ​អាម៉េរិក ឡើងថ្លៃ ១៣ ដុល្លារ/អោន។ កាលពី​ម្សិលមិញ មានពេលខ្លះ មាស​ឡើងថ្លៃ​ដល់ ១,៨១៦ ដុល្លារ/អោន។ ព្រឹក​នេះ មាស​នៅតែ​មានតម្លៃ​ក្នុង​រង្វង់ ១,៨១៣ ដុល្លារ/អោន។

ដើមឆ្នាំ ២០២២ ទីផ្សារ​មូល​ប​ត្រ​បាន​ងើបក្បាលឡើង​ខ្ពស់ ប៉ុន្តែ នៅពេល​អ្នកវិនិយោគ​មានការ​ពិបាក​ក្នុងការ​វាយតម្លៃ​លើ​ល្បឿន​នៃ​កំណើន ពួកគេ​ក៏​ងាក​មករ​កមាស ដែលជា​ទ្រព្យ​សុវត្ថិភាព។ «ឥទ្ធិពល​របស់ អូ​មី​ក្រុង នឹង​ស្ដែង​ឱ្យឃើញ​ច្បាស់​បំផុត​នៅលើ​បញ្ហា​អតិផរណា និង​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច» Ed Moya អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ជើងសា OANDA អះអាង​ដូច្នេះ។

Wall Street កាលពី​ម្សិលមិញ​បាន​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ការចាប់ផ្ដើម​ដ៏​គួរ​ឱ្យមាន​ក្ដីសង្ឃឹម ដោយសារតែ​វិស័យ​ផលិតកម្ម​នៅ សហរដ្ឋ​អាម៉េរិក ដើរ​យឺត​មកវិញ​ក្នុង​ខែ​មុន ចំណែក​អ្នកវិនិយោគ​ក៏​នៅតែ​ព្រួយបារម្ភ​អំពី​បញ្ហា កូ​វីដ-១៩ ខណៈ ប្រទេស​ជាច្រើន​បាន និង​កំពុង​ចាត់វិធានការ​បន្ថែម​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង។

TD Securities យល់ថា ការ​ព្រួយ​ភ័យ​អំពី អូ​មី​ក្រុង បាន​ផ្ដើម​ធ្វើឱ្យ​តម្រូវ​ការទិញ​មាស​កើនឡើង។ ទោះជា​យ៉ាងនេះ​ក៏ដោយ «កំណើន​នេះ​ត្រូវបាន​កាត់បន្ថយ​បន្ទាប់ពី Fed បាន​ដំឡើង​ការប្រាក់​កាលពី​ខែមីនា។ មាស​មិន​តម្រូវឱ្យ​បង់​ការប្រាក់​ថេរ ទើប​វា​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅពេល​ការប្រាក់​ឡើង​ខ្ពស់។

ចំណែក Jim Wyckoff អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Kitco Metals វិញ យល់ថា ការបារម្ភ​អំពី​បញ្ហា​អតិផរណា អាច​កើត​ឡើងវិញ​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ខ្លី ធ្វើឱ្យ​ការវិនិយោគ​លើ​ទ្រព្យ​ហានិភ័យ​មានការ​ថយចុះ។ តម្លៃ​របស់​មាស​កើនឡើង​បើទោះជា​ប្រាក់ចំណេញ​នៃ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល​អាម៉េរិក កើនឡើង និង «អំណាច» នៃ​ប្រាក់​ដុល្លារ​កើនឡើង។ Fed អាច​នឹង​ដំឡើង​ការប្រាក់ ៣ ដង ក្នុង​ឆ្នាំ ២០២២ នេះ៕

Advertisement