Huawei ឌឺ​ដាក់​អតិថិជន៖ បញ្ចុះតម្លៃ ១០០% សម្រាប់​ទូរស័ព្ទ​ទាំងអស់ ដែល​លក់​នៅ​ទីផ្សារ​ សហរដ្ឋ​អាម៉េរិក

ក្រុមហ៊ុន​ចិន Huawei បានប្រកាស​បញ្ចុះតម្លៃ ១០០% លើ​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​ពលរដ្ឋ​អាម៉េរិក នៅក្នុង​ថ្ងៃ Black Friday ប៉ុន្តែ ជាក់ស្ដែង ពួកគេ​មិនបាន​លក់​ផលិតផល​ណាមួយ​នៅ​ទីផ្សារ​នេះ។

«Black Friday មួយ​ដ៏​ពិសេស។ យើង​នឹង​បញ្ចុះតម្លៃ ១០០% សម្រាប់​រាល់​ទូរស័ព្ទ​ដែល​កំពុង​លក់​នៅ សហរដ្ឋ​អាម៉េរិក» គណនី Huawei អាម៉េរិក បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ២២ វិច្ឆិកា។

ប្រកាស​របស់ Huawei ទាក់ទាញ​បានការ​ចុច​ចូលចិត្ត​ជាង 10,000 លើក រួម​នឹង​មតិ​ជាង 2,000 លើក។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព័ត៌មាន​នេះ និង​បាន​សួរ​អំពី​វិធី​ទិញ​ផលិតផល។

នៅក្នុង​សារ​​បន្ទាប់​​ខាងក្រោម ក្រុមហ៊ុន Huawei បានសរសេរថា នេះ​គ្រាន់តែ​ជាការ​លេងសើច ព្រោះថា ជាក់ស្ដែង ពួកគេ «មិនអាច​លក់​អ្វី​បាន​នៅ សហរដ្ឋ​អាម៉េរិក»។

Huawei ត្រូវបាន អាម៉េរិក ដាក់ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​រដ្ឋ​ចិន តាំងពី​ខែឧសភា 2019 និង​ហាម​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ អាម៉េរិក ដោយសារ​ការព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ ធ្វើឱ្យ​ផ្នែក​ឧបករណ៍​ចល័ត​របស់​ក្រុមហ៊ុន​នេះ ចុះខ្សោយ​យ៉ាង​ឆាប់រហ័ស។

មុន​នោះ Huawei ឈរ​លំដាប់​លេខ ៣ ក្នុងចំណោម​ក្រុមហ៊ុនទូរស័ព្ទ​ធំ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ថែមទាំង​លែង​ស្ថិតនៅក្នុង Top 5 ហើយ​កំពុងតែ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យមាន​ការប្ដូរ​ផ្លាស់ ដូចជា​ការ​ងាក​ទៅ​ផ្គត់ផ្គង់​ការ​រចនា​រូបរាង​ទូរស័ព្ទ និង​ផលិតផល​ចល័ត​ដល់​ភាគី​ទី​បី ឬ​លក់​ទូរស័ព្ទ​កំណែ​ចាស់។

ផ្នែក​ផលិតផល​ចល័ត​របស់ Huawei បាន​ខាតបង់​ប្រាក់​អស់យ៉ាង​តិច 30 ពាន់​លាន​ដុល្លារ​ក្នុងមួយៗ ដោយសារតែ​ការដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក អេ​រិ​ក ស៊ូ (Eric Xu) ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមហ៊ុន Huawei៕

Advertisement