មហាសេដ្ឋី​លំដាប់​ទីមួយ Elon Musk ចំអក​ឱ្យ មហាសេដ្ឋី​លំដាប់​ទី​ពីរ Jeff Bezos ជុំវិញ​រឿងក្ដី​ជាមួយ NASA

លោក​ Elon Musk (ឆ្វេង) និង​លោក​ Jeff Bezos

មហាសេដ្ឋី Elon Musk បាន​បង្ហោះ​រូប​ត្លុក​ដើម្បី​ចំអក​ឱ្យ Jeff Bezos បន្ទាប់ពី​ក្រុមហ៊ុន​អវកាស Blue Origin របស់​ម្ចាស់ Amazon បាន​ចាញ់ក្ដី​ជាមួយ NASA។

តុលាការ​សហរដ្ឋ​អាម៉េរិក កាលពី​ម្សិលមិញ (4 វិច្ឆិកា) បានចេញ​សាលក្រម​ជំទាស់​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin របស់​មហាសេដ្ឋី Jeff Bezos ដែល​បាន​ប្ដឹង​ទីភ្នាក់ងារ​អវកាស​អាម៉េរិក NASA ថា បានផ្ដល់​កិច្ចសន្យា​ទាក់ទិន​នឹង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដែលមាន​តម្លៃ 2.9 ពាន់​លាន​ដុល្លារ ឱ្យទៅ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk ដោយ​វិធី «មិន​សម​ហេតុផល»។

ក្រោយ​ការសម្រេច​របស់​ចៅក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាម៉េរិក Richard Hertling ទីភ្នាក់ងារ​អវកាស ​NASA​ ប្រកាស​ថា​ កិច្ចសហការ​ជាមួយ SpaceX នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ «កាន់តែ​ឆាប់ កាន់តែ​ល្អ»។

ភ្លាមនោះ លោក Elon Musk បាន​បង្ហោះ​សារ​នៅលើ Twitter ចំអក​ឱ្យ​លោក Jeff Bezos ដោយ​ប្រើប្រាស់​រូប​ត្លុក​ដែលមាន​ប្រភពពី​ខ្សែភាពយន្ត Judge Dredd ឆ្នាំ 1995 អម​ជាមួយនឹង​ឃ្លា៖ «អ្នក​ត្រូវ​ទទួល​សាលក្រម»។

«ទំនាស់​អវកាស» របស់​បណ្ដា​មហាសេដ្ឋី​អាម៉េរិក បានចាប់ផ្ដើម​ឡើង​កាលពី​រដូវ​ផ្កា​រីក នៅពេល NASA បាន​ចុះកិច្ចសន្យា​លើ​គម្រោង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ជាមួយ SpaceX ក្នុង​គ្រា​ដែល Blue Origin និង Dynetics ក៏បាន​ចូលរួម​ដេញថ្លៃ​ដើម្បី​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ NASA ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​តម្លៃ​ខុសគ្នា​ឆ្ងាយ។

កាលពី​ខែតុលា នៅពេល Musk យកឈ្នះ Bezos ដោយបាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk ក៏បាន​ផ្ញើ​រូបភាព​តំណាង​មេដាយប្រាក់​ឱ្យទៅ​លោក Bezos ផងដែរ ដែល​នេះ​មានន័យថា ចំណាត់ថ្នាក់​លេខ​ពីរ​គឺ​សម្រាប់​ម្ចាស់ Amazon៕

Advertisement