វិថី​ក្លាយជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ សិង្ហ​បុរី របស់​ម្ចាស់​ផ្សារ​អន​ឡាញ Shopee

ធ្លាប់​ស្រលាញ់​ចូលចិត្ត​ហ្គេម​យ៉ាង​ខ្លាំងក្លា Forrest Li ទទួលបាន​អារម្មណ៍​ពុះកញ្ជ្រោល​ពី​សម្ដី​របស់លោក Steve Jobs ដែលនាំឱ្យ​លោក សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ហើយ​បច្ចុប្បន្ន​ក៏​ក្លាយជា​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​ប្រទេស​សិង្ហ​បុរី។

Forrest Li (Li Xiaodong) កើត​ឆ្នាំ 1977 នៅ​ប្រទេស​ចិន (ដីគោក)។ ដូច​ទៅនឹង​យុវវ័យ​ជំនាន់ 1970 ដទៃទៀត លោក Li Xiaodong ឆាប់​ដឹង​ច្បាស់​អំពី​ការប្ដូរ​ផ្លាស់​របស់​ប្រទេស​ចិន និង​បាន​ស្វែងរក​រៀន​ភាសា​អង់គ្លេស ក្នុង​បំណង​បាន​យល់ដឹង​អំពី​វប្បធម៌​លោកខាងលិច ដើម្បី​បម្រើ​ដល់​មហិច្ឆតា​រកស៊ី​រប​ស់​ខ្លួន។

កំពូល​អ្នកញៀន​ហ្គេម និង​ឥទ្ធិពល​ពី Steve Jobs

ក្នុង​កិច្ច​សម្ភាស​ជាមួយ Bloomberg លោក Li Xiaodong ឱ្យដឹងថា លោក​ធ្លាប់ជា​អ្នកញៀន​នឹង​ហ្គេម​កំសាន្ត។ ពេល​បញ្ចប់​ការសិក្សា លោក​បាន​បម្រើការ​ជា​អ្នក​ជ្រើសរើស​បុគ្គលិក​ក្នុង​ក្រុមហ៊ុន Motorola Solutions។ ដោយ​ដឹងថា ខ្លួន​មិនអាច​បង្រួញ​ខ្លួន​នៅតែ​ក្នុង​បន្ទប់​ការិយាល័យ​ប៉ុន​នេះ Li ក៏បាន​ចាប់ផ្ដើម​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​នានា​ដែល​ទាក់ទង​នឹង​ការបើក​ក្រុមហ៊ុន។

ចុងក្រោយ លោក Li Xiaodong សម្រេចចិត្ត​ធ្វើដំណើរ​ទៅ សហរដ្ឋអាមេរិក ដើម្បី​រៀន​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម នៅ Stanford។ ខែមិថុនា ឆ្នាំ 2005 Li Xiaodong បាន​ទៅ​ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៃ​សាលា​របស់​មិត្តស្រី ដែល​​ក្រោយ​មក​​នាង​​គឺជា​ភរិយា​របស់លោក។ នៅ​ទីនោះ Li Xiaodong បាន​ស្ដាប់​សេចក្ដីថ្លែងការណ៍​របស់ Steve Jobs ក្នុងនោះ​ក៏មាន​ឃ្លា​មួយ​ដែល​ល្បីល្បាញ នោះ​គឺ «Stay hungry, stay foolish» (ចូរ​បន្ត​ស្រេកឃ្លាន និង​បន្ត​ធ្វើជា​មនុស្ស​ល្ងង់)។

លោក Li ប្រាប់ថា លោក​ស្ដាប់​សេចក្ដីថ្លែងការណ៍​នេះ 3 ដង ក្នុង 1 ថ្ងៃ ក្នុង​រយៈពេល 1 ខែ​ពេញ ហើយក៏​សម្រេចចិត្ត​បើក​ក្រុមហ៊ុន។ «សេចក្ដីថ្លែងការណ៍​នោះបាន​ក្លាយជា​កត្តា​ជំរុញ​ទឹកចិត្ត ដែល​ជួយ​ឱ្យ​ខ្ញុំ​មាន​ភាពក្លាហាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​ដូច​បច្ចុប្បន្ន» Li Xiaodong បាន​ប្រាប់ Bloomberg ដូច្នេះ។

ក្រោយពី​បញ្ចប់​ការសិក្សា​នៅ សហរដ្ឋអាមេរិក លោក Li រួម​នឹង​មិត្តស្រី បាន​ត្រលប់​មកកាន់ សិង្ហ​បុរី។ លោក Li បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន MTV Network ហើយ​បន្ទាប់មក​ក៏​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដំបូង នោះ​គឺ GG Game។ ប៉ុន្តែ Li ឆាប់​ដឹងខ្លួន​ថា បាន​ដើរ​ខុស​ទិសដៅ ព្រោះថា ពេលនោះ ហ្គេម​អន​ឡាញ​កំពុងតែ​ពេញនិយម តែ​លោក​បែរជា​បង្កើត​ក្រុមហ៊ុន ហ្គេម​អ​ហ្វ​ឡាញ​ទៅវិញ។

ដំណាក់​កាលវិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ 2008 ធ្វើឱ្យ​គ្រប់យ៉ាង​ត្រូវ​ក្រឡាប់ចាក់។ ក្រុមហ៊ុន​របស់ Li ត្រូវ​ក្ស័យធន ហើយ​លោក​ក៏បាន​ទទួលស្គាល់​បរាជ័យ​នៅ​ចំពោះមុខ​ក្រុម​អ្នកវិនិយោគ។ «ពួកគេ​គោរព​ចំពោះ​ភាពស្មោះត្រង់​របស់ខ្ញុំ។ សម្រាប់​អ្នកវិនិយោគ​ផ្សងព្រេង ពួកគេ​សង្ឃឹមលើ​មនុស្ស ហើយ​ជឿថា អ្នកនោះ​នឹង​រកបាន​ជោគជ័យ​ក្នុង​ថ្ងៃ​ណាមួយ» Li Xiaodong ប្រាប់ Forbes ដូច្នេះ។

ក្រោយ​បរាជ័យ​ដំបូង Li បាន​ស្វែងរក​ឱកាស​ថ្មី។ «ខ្ញុំ​បាន​ជជែក​ជាមួយ​ក្រុម​អ្នកវិនិយោគ អាមេរិក។ ពួកគេ​ចាប់អារម្មណ៍​នឹង​គម្រោង​របស់ខ្ញុំ ប៉ុន្តែ ពួកគេ​ចូលចិត្ត​ក្រុមហ៊ុន​ដែល​នៅ​ឆ្ងាយ​ពី​ពួកគេ 30 នាទី​នៃ​ការបើកបរ ច្រើនជាង» លោក Li រៀបរាប់។ ឆ្នាំ 2009 លោក Li ទទួលបាន​ខ្ទង់​ប្រាក់​វិនិយោគ​ជិត 1 លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​របស់​ Li Xiaodong បានចុះបញ្ជីនៅផ្សារហ៊ុននីវយ៉ក កាល​ពី​ឆ្នាំ​ 2017

ពេលនោះ Forrest Li បានដឹង​ច្បាស់​អំពី​សក្ដានុពល​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) នៅ​អាស៊ីអាគ្នេយ៍។ លោក Li បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​សមស្រប​នឹង​វប្បធម៌​ក្នុង​តំបន់ ដោយ​ល្បែង​កំសាន្ត​សកល Global Arena ដែល​ក្រោយមក​ត្រូវបាន​បង្រួម​មកជា​ឈ្មោះ​ក្រុមហ៊ុន Garena។ ជោគជ័យ​ដំបូង​របស់ Garena គឺ​ហ្គេម​អន​ឡាញ។ ក្រុមហ៊ុន​នេះ បន្ទាប់មក​ក៏​ទទួលបាន​ការវិនិយោគ​បន្ថែម​ពី Tencent នៅក្នុង​ការពង្រីក​មុខ​ជំនួញ​ទៅកាន់​វិស័យ​ទូទាត់​អន​ឡាញ និង​លក់រាយ។

Garena ប្រឈមមុខ​នឹង Alibaba នៅ អាស៊ីអាគ្នេយ៍

ក្នុង​គ្រា​ដែល​ទីផ្សារ​នៅ អាស៊ីអាគ្នេយ៍ ត្រូវ Alibaba របស់ Jack Ma លោត​ចូល​រកស៊ី ក្រុមហ៊ុន Shopee របស់ Garena ក៏​ចាប់ផ្ដើម​លេចធ្លោ​ជា​អាណាចក្រ​ដ៏​គួរឱ្យ​ញញើត​មួយ​ផងដែរ។

យោងតាម​របាយការណ៍​របស់ iPrice និង SimilarWeb ឆ្នាំ 2020 Shopee ក្លាយជា​ផ្សារ​អន​ឡាញ​ដែលមាន​អ្នក​ចូល​ប្រើ​ច្រើន​បំផុត​ក្នុង​តំបន់ ខណៈ​ស្ថិតិ​របស់ App Annie ក៏​បញ្ជាក់ថា Shopee គឺជា​កម្មវិធី​ទិញដូរ​ទំនិញ ដែល​ត្រូវបាន​ទាញ​​យក​មក​ប្រើ​ច្រើនជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក។

Li Xiaodong ក្លាយជា​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ សិង្ហ​បុរី

ទន្ទឹមនឹង​ការរីកចម្រើន​របស់ Shopee ក្រុមហ៊ុន Garena ក៏​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​ហ្គេម និង​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ផងដែរ។ ឆ្នាំ 2014 Forrest Li បង្កើត studio ហ្គេម មួយ នៅ សៀង​ហៃ ដោយ​ប្ដូរ​ទិសដៅ​ពី ហ្គេម​សម្រាប់​កុំព្យូទ័រ មកជា​ហ្គេម​សម្រាប់​ទូរស័ព្ទ។ ឆ្នាំ 2016 Garena បង្ហាញ​ហ្គេម​ដ៏​អស្ចារ្យ​មួយ​ដែលមាន​ឈ្មោះថា Free Fire។

សារព័ត៌មាន SCMP ឱ្យដឹងថា Free Fire គឺជា​កម្មវិធី​ហ្គេម​ទូរស័ព្ទ​ដែលមាន​អ្នក​ទាញយក​ច្រើនជាងគេ​បំផុត​ក្នុង​ឆ្នាំ 2020 នៅលើ Google Play និង App Store។ ជោគជ័យ​ក្នុង​វិស័យ​ហ្គេម បាន​ជួយ​ឱ្យ Garena ប្រមូល​ទុន​បាន 170 លាន​ដុល្លារ ក្នុង​ឆ្នាំ 2016 ហើយ​ក្រុមហ៊ុន​នេះ​ក៏ត្រូវ​បានកំណត់​តម្លៃ​ស្មើ 3.75 ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្លាយជា​កំពូល​ក្រុមហ៊ុន startup ដំបូង​របស់ សិង្ហ​បុរី។

ឆ្នាំ 2017 ក្រុមហ៊ុន Garena បាន​ប្ដូរ​ឈ្មោះ​ជា Sea ដោយ​រកស៊ី​ក្នុង​វិស័យ​ចំនួន 3 គឺ ហ្គេម អាជីវកម្ម​អេឡិចត្រូនិក (ផ្សេ​រ​អន​ឡាញ) និង​ទូទាត់​ប្រាក់​តាម​អន​ឡាញ។

ចុងខែ​សីហា ឆ្នាំ 2021 យោងតាម Bloomberg Billionaires Index មហាសេដ្ឋី Li Xiaodong មានទ្រព្យ​សរុប​ប្រមាណ 19.8 ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្លាយជា​អ្នកមាន​ជាងគេ​បង្អស់​នៅ សិង្ហ​បុរី។ ចំណែក​អ្នកមាន​លំដាប់​ទី​ពីរ​គឺ​លោក Goh Cheng Liang ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្នាំលាប Wuthelam Holdings ដោយមាន​ទ្រព្យ​ប្រមាណ 17.7 ពាន់​លាន​ដុល្លារ​អាមេរិក៕

Advertisement