មហាសេដ្ឋី Elon Musk និយាយថា Tesla អាចទទួលយក Bitcoin ជាថ្មី ធ្វើឱ្យអ្នកវិនិយោគ «ភ័យ-អរ» ម្ដងទៀត

បន្ទាប់ពី​ធ្វើឱ្យ Bitcoin ធ្លាក់​ថ្លៃ​ខ្លាំង ដោយសារតែ​បាន «បែរខ្នង» ដាក់ កាលពី​ពាក់កណ្ដាល​ខែឧសភា ពេលនេះ មហាសេដ្ឋី Elon Musk ក៏​បែរជា​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Tesla អាច​ងាក​មក​ទទួលយក​ការទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល នេះ ឡើងវិញ។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla អាច​នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន ប្រើប្រាស់ Bitcoin ដើម្បី​ទូទាត់​នៅក្នុង​ការទិញ​រថយន្ត នៅពេល​ក្រុម​អ្នករុករក Bitcoin (Bitcoin Miners) ប្រើប្រាស់​ថាមពល​ស្អាត និង​សមស្រប។ «នៅពេល​មានការ​បញ្ជាក់​អំពី​ការប្រើប្រាស់​ថាមពល​ស្អាត សមស្រប (ប្រហែល 50%) Tesla នឹង​ទទួលយក​ការទូទាត់​ដោយ​ប្រើ Bitcoin» លោក Musk សរសេរ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី13 ខែមិថុនា។

យោងតាម Coinmarketcap តម្លៃ​របស់ Bitcoin បាន​កើន​ជាង 9% នៅក្នុង​ថ្ងៃទី13 ខែមិថុនា ពោលគឺ​ឡើងដល់​ជិត 39,000ដុល្លារ/Bitcoin។

ការលើកឡើង​របស់​ម​ហា​សេដ្ឋី Elon Musk ខាងលើនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​មតិ​របស់ Magda Wierzycka នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ Sygnian។ អ្នកស្រី​យល់ថា សារ​ដែល​លោក Musk បាន​បង្ហោះ​អំពី​តម្លៃ​របស់ Bitcoin គឺជា​ការ «ប្រើ​ល្បិចកល​ក្នុង​ទីផ្សារ» ហើយ​ថា គណៈ​កម្ម​មូល​ប​ត្រ របស់ សហរដ្ឋអាមេរិក (SEC) គួរ​ណាស់​តែ​ធ្វើការ​ស៊ើបអង្កេត។

មហា​សេដ្ឋី Elon Musk

នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅកាន់ SEC កាលពី​ខែកុម្ភៈ Tesla ឱ្យដឹងថា ខ្លួន​បាន​ទិញ Bitcoin ក្នុងតម្លៃ 1.5ពាន់​លាន​ដុល្លារ។ ក្រោយមក ក្រុមហ៊ុន​នេះ​ក៏បាន​អនុញ្ញាតឱ្យ​អតិថិជន ទូទាត់​ថ្លៃ​ទិញ​រថយន្ត Tesla ដោយ​រូបិយវត្ថុ Bitcoin។

ប៉ុន្តែ មិនយូរប៉ុន្មាន Elon Musk ក៏បាន​បែរខ្នង​ដាក់ Bitcoin ដោយ​ប្រកាសថា ផ្អាក​ទទួលយក​ការទូទាត់​ដោយ Bitcoin ព្រោះថា ប្រតិបត្តិការ​នៅក្នុង​ការជួញដូរ ឬ​ផ្ទេរ Bitcoin គឺ​ស៊ី​ភ្លើង​ខ្លាំង ដែល​នេះ ប៉ះពាល់​ដល់​បរិស្ថាន រួមចំណែក​ធ្វើឱ្យ​អាកាសធាតុ​ប្រែប្រួល។

លោក Musk កាលពី​ម្សិលមិញ ក៏បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ Wierzycka ទាក់ទិន​នឹង​ទីផ្សារ Bitcoin។ លោក Musk និយាយថា «Tesla បាន​លក់​ប្រហែល 10% ប៉ុណ្ណោះ នៅក្នុង​ចំណោម Bitcoin ដែល​ក្រុមហ៊ុន​នេះ​កំពុង​កាន់កាប់» ដើម្បី​បញ្ជាក់​អំពី​ភាពងាយស្រួល​ក្នុងការ​ជួញដូរ នៃ​រូបិយវត្ថុ​ឌីជីថល​នេះ។

ថ្មីៗនេះ អ្នកលេង Bitcoin ជាច្រើន មានការ​ព្រួយបារម្ភ ខ្លាច​លោក Musk ចូលមក​កកូរ​តម្លៃរ​បស់ Bitcoin ជាថ្មី ក្រោយពី​ការ​បង្ហោះ​សារ​ច្រើនលើក អំពី​រូបិយវត្ថុ​នេះ។ ចាប់ពី​ដើមឆ្នាំ លោក Musk បាន​បញ្ចេញមតិ​ជា​បន្តបន្ទាប់​អំពី Bitcoin, Dogecoin ធ្វើឱ្យ​តម្លៃ​របស់​បណ្ដា​រូបិយវត្ថុ​ឌីជីថល​ទាំងនេះ ត្រូវ​ឡើង-ចុះ ប្រែប្រួល​យ៉ាងខ្លាំង​ក្លា៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement