ប្រព័ន្ធយានអវកាស SpaceShipTwo របស់ Virgin Galactic កំពុងឆ្ពោះទៅជិតដល់ដំណាក់កាលធ្វើពាណិជ្ជកម្ម ដោយជើងហោះហើរសាកល្បងដឹកមនុស្សលើកទីបី ទទួលបានជោគជ័យ។
យានអវកាស SpaceShipTwo VSS Unity ដែលភ្ជាប់នៅខាងក្រោមយន្តហោះមេ VMS Eve បានហោះឡើងពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Spaceport America របស់ក្រុមហ៊ុន Virgin Galactic កាលពីវេលាម៉ោង 8និង35នាទីព្រឹក ថ្ងៃទី22 ខែឧសភា (ម៉ោងក្នុងស្រុក) គឺជាជើងហោះហើរដែលមានក្រុមអ្នកបើកបរដំបូង នៃយានដែលត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរសាកល្បងពីរលើកមុននោះ សុទ្ធតែត្រូវបានធ្វើឡើងនៅឯកំពង់ផែអាកាសចរណ៍អវកាស Mojave នៅភាគអាគ្នេយ៍នៃរដ្ឋ California។
ប្រហែល 50នាទី បន្ទាប់ពីហោះឡើង យាន VSS Unity បានផ្ដាច់ខ្លួនចេញពីយានមេ VMS Eve នៅលើកម្ពស់ 13,411ម៉ែត្រ រួចបញ្ឆេះម៉ាស៊ីនរ៉ុក្កែតដែលនៅលើយាន ដើម្បីហោះចូលលម្ហអាកាសខាងក្រោមគន្លងគោចររបស់ផែនដី។ អ្នកនាំពាក្យរបស់ Virgin Galactic បានឱ្យដឹងថា យានអវកាសនេះបានហោះក្នុងល្បឿនលឿនជាងសំឡេងបីដង និងហោះដល់កម្ពស់ 89,2គីឡូម៉ែត្រ មុនពេលចុះចតលើដី។ ប្រការនេះ មានន័យថា វាហោះជិតដល់គន្លង Karman (ដែលមានកម្ពស់ 100គីឡូម៉ែត្រលើផ្ទៃទឹកសមុទ្រ) ជាគន្លងខណ្ឌចែករវាងបរិយាកាសផែនដី និងទីអវកាស។
ជើងហោះហើរសាកល្បងខាងលើ អូសបន្លាយពេលសរុប 1ម៉ោង និង10នាទី ដោយអវកាសយានិកឈ្មោះ CJ Sturckow និង Dave Mackay បញ្ជាឱ្យយានចុះចតលើផ្លូវរត់ នៅវេលាម៉ោង 9និង45នាទី (ម៉ោងក្នុងស្រុក)។ VSS Unity ត្រូវបានរចនាដើម្បីផ្ទុកមនុស្សបាន 6នាក់ ប៉ុន្តែ ការសាកល្បងលើកនេះ មានតែអ្នកបើកបរពីរនាក់ និងបន្ទុកទម្ងន់ផ្នែកវិទ្យាសាស្ត្រ (scientific payload) មួយចំនួន។
យានទេសចរណ៍អវកាសរបស់ក្រុមហ៊ុន Virgin Galactic កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃបេសកកម្មសាកល្បង ប៉ុន្តែមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើពាណិជ្ជកម្មនៅឡើយ។ ក្រុមហ៊ុននឹងត្រូវធ្វើការហោះហើរសាកល្បងដែលមានមនុស្សបើកជាច្រើនលើកទៀត នៅក្នុងឆ្នាំនេះ មុនពេលចាប់ផ្ដើមបម្រើអតិថិជន នៅដើមឆ្នាំ2022។
កាលបរិច្ឆេទរបស់ក្រុមហ៊ុន Virgin Galactic យឺតយ៉ាវជាងគូប្រជែងផ្ទាល់របស់ពួកគេគឺ Blue Origin របស់មហាសេដ្ឋីអាមេរិក Jeff Bezos។ ក្រុមហ៊ុន Blue Origin បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទាល់សេវាកម្មទេសចរណ៍អវកាស ដែលចាប់ផ្ដើមពីខែកក្កដា ឆ្នាំ2021 ដោយប្រើប្រព័ន្ធស្វ័យប្រវត្ត New Shepard។ Blue Origin កំពុងលក់ដេញថ្លៃសំបុត្រសម្រាប់កៅអីមួយក្នុងចំណោមកៅអីចំនួន 6 សម្រាប់ជើងហោះហើរទេសចរណ៍ទៅកាន់ទីអវកាសរបស់ខ្លួន ដែលគិតមកដល់ថ្ងៃទី21 ខែឧសភា មានអតិថិជនមួយរូបបានឱ្យតម្លៃដល់ 2.8លានដុល្លារអាមេរិក។
ក្រុមហ៊ុន Blue Origin មិនទាន់ប្រកាសពីតម្លៃសំបុត្រធម្មតានៃជើងហោះហើរធម្មតារបស់ពួកគេនៅឡើយ ខណៈដែល Virgin Galactic បានចាប់ផ្ដើមទទួលការកក់មុន ជាមួយនឹងតម្លៃ 250,000ដុល្លារអាមេរិក/កៅអី។ Richard Branson ស្ថាបនិករបស់ក្រុមហ៊ុន Virgin Galactic បានឱ្យដឹងថា បច្ចុប្បន្ន មានអតិថិជនជាង 600នាក់ បានកក់សំបុត្រទិញសេវាកម្មទេសចរណ៍អវកាសរបស់ពួកគេរួចហើយ៕
ប្រភព៖ Space
ប្រែសម្រួល៖ បុត្រា