CEO នៃ​ក្រុមហ៊ុនមេ របស់ TikTok លាលែង​ពី​តំណែង ក៏​ដោយ​សារ​​តែ «ខ្វះ​ជំនាញ​ជា​អ្នកដឹកនាំ​ល្អ»

យោងតាម​សារព័ត៌មាន Reuters លោក Zhang Yiming សហ​ស្ថាបនិក​របស់ ByteDance ដែលជា​ក្រុមហ៊ុនមេ នៃ​បណ្ដាញ​សង្គម TikTok ទើបតែ​បានប្រកាសថា នឹង​លាលែង​ពី​តំណែង CEO ហើយ​កៅអី​នេះ នឹងត្រូវ​ប្រគល់ឱ្យ​សហ​ស្ថាបនិក Rubo Liang។

នេះ​គឺជា​សកម្មភាព​កែទម្រង់​ថ្នាក់ដឹកនាំ​ថ្មី​បំផុត​របស់ ByteDance រាប់​ចាប់ពី​ពេល​បង្ហាញខ្លួន​កាលពី​ឆ្នាំ2012។​ ក្រុម​ហ៊ុន​ ByteDance បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ក្លាយជា​កម្លាំង​មួយ​ដែល​គ្រប់គ្រង​ទីផ្សារ​បណ្ដាញ​សង្គម​ចិន ហើយ​ប្រែក្លាយ TikTok ទៅជា​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លី ដ៏​ពេញនិយម​នៅលើ​ពិភពលោក។

Zhang Yiming បាន​សរសេរ​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា Rubo Liang ដែល​បច្ចុប្បន្ន​កំពុងកាន់​កាប់​តំណែង​ប្រធាន​ផ្នែក​ធនធានមនុស្ស គឺជា «ដៃគូ​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ជាម​នុស្ស​ដែល​បាន​ជួយ​កែលម្អ​ដំណើរការ​ជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិក​នៅ​ក្រុមហ៊ុន ByteDance។ លោក Zhang Yiming បន្ថែមថា នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​លោក Rubo Liang នា 6ខែ​ទៀត ដើម្បី​ធានាថា ដំណើរការ​នៃ​ការផ្ទេរ​តំណែង ប្រព្រឹត្តិទៅបាន​រលូត។

ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Zhang Yiming បាន​ពិចារណា​អស់​ជាច្រើន​ខែ អំពី​បញ្ហា​ថា តើ​អាចមាន​ឥទ្ធិពល​ធំ​ជាង​ណាមួយ​កើតឡើង​ចំពោះ​គំនិត​ច្នៃប្រឌិត​សម្រាប់​រយៈពេល​យូរ​របស់ ByteDance ដែរ ឬ​អត់ បើសិន​លោក​ផ្ទេរតំណែង CEO ទៅឱ្យ​អ្នកផ្សេង។

«ជាការ​ពិត​គឺថា ខ្ញុំ​ខ្វះ​ជំនាញ​មួយចំនួន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ។ ខ្ញុំ​ចូលចិត្ត​ផ្ដោតលើ​ការវិភាគ និង​គោលការណ៍​នៃ​ទីផ្សារ ហើយ​ការប្រើប្រាស់​សម្មតិកម្ម​នោះ​អាច​កាត់បន្ថយ​ពេលវេលា​ធ្វើ​កិច្ចការ​គ្រប់គ្រង ជំនួស​ឱ្យ​ការគ្រប់គ្រង​ពិតប្រាកដ»។

Zhang Yiming

លោក Zhang Yiming វ័យ 38ឆ្នាំ គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​មួយរូប​នៅក្នុង​ពិភពលោក។ កើត​នៅក្នុង​ទីក្រុង Longyan នៃ​ខេត្ត Fujian ប្រទេស​ចិន លោក Zhang គឺជា​កូនប្រុស​តែមួយគត់​នៅក្នុង​គ្រួសារ។ លោក​បាន​សិក្សា​ផ្នែក​សរសេរ​កូដ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ Nankai។

ក្រោយពី​បានបញ្ចប់​ការសិក្សា​ភ្លាម លោក Zhang ក៏បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន Microsoft ប៉ុន្តែ ក្រោយមក ដោយសារ​មាន​អារម្មណ៍​ធុញ​នឹង​ការងារ លោក​ក៏បាន​គិតដល់​ការរកស៊ី​ដោយ​ខ្លួនឯង។

របត់​ដ៏​សំខាន់​របស់ Zhang បានមក​ដល់ នៅក្នុង​ឆ្នាំ2012 នៅពេលដែល​លោក​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ដ៏​ខ្លាំងក្លា​លើកដំបូង ជាមួយនឹង ByteDance ដែលជា​កម្មវិធី​ចែករំលែក​រឿងរ៉ាវ​កំប្លែង បើទោះជា​ក្រោយមក ត្រូវបាន​អាជ្ញាធរ​ស្នើឱ្យ​លុបចោល។

បន្ទាប់ពី​ការប្រឹងប្រែង​ជាមួយនឹង​កម្មវិធី (App) នៅក្នុង​វិស័យ​ព័ត៌មាន ទើប Zhang បង្កើតបាន TikTok ដែល​បច្ចុប្បន្ន​មាន​អ្នកលេង​នៅ​ជុំវិញ​ពិភពលោក ជាង 1ពាន់​លាន​នាក់ បូករួម​ទាំង Douyin ដែលជា​កំណែ TikTok នៅ​ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ ទាក់ទាញ​បាន​អ្នកវិនិយោគធំៗ រួមមាន ក្រុមហ៊ុន Softbank, Sequoia Capital ។ល។

លោក Zhang Yiming វ័យ 38ឆ្នាំ គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេមួយរូបនៅក្នុងពិភពលោក។

Bytedance បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​មូល​ប​ត្រ​ដែល​ត្រូវបាន​ជួញដូរ​ជាមួយនឹង​ការកំណត់​តម្លៃ​ក្រុមហ៊ុន​ឡើងដល់​ជាង 250ពាន់​លាន​ដុល្លារ​អាមេរិក នៅលើ​ទីផ្សារ​បន្ទាប់ (Secondary market)។

ឆ្នាំ2019 ByteDance រកបាន​ប្រាក់ចំណេញ​សុទ្ធ ជាង 3ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រាក់ចំណូល​កើន​ទ្វេដង ឡើងដល់ 17ពាន់​លាន​ដុល្លារ ធៀប​នឹង 7.4ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2018។ ប្រភពព័ត៌មាន​មួយចំនួន ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កាន់កាប់​សាច់ប្រាក់​សុទ្ធ​ជាង 6ពាន់​លាន​ដុល្លារ​ឯណោះ។

ក្រៅពី TikTok និង​កំណែ TikTok សម្រាប់​ជនជាតិ ដែល​ហៅថា Douyin ក្រុមហ៊ុន ByteDance ក៏​នៅមាន App ជាច្រើន​ផ្សេងទៀត រួមមាន​ដូចជា Toutiao និង App សម្រាប់​ទំនាក់ទំនង​ក្នុង​ក្រុមហ៊ុន ដែលមាន​ឈ្មោះថា Feishu ។ល។ ជា​សរុប ByteDance ទាក់ទាញ​អ្នកប្រើប្រាស់​ប្រចាំខែ បាន​ប្រមាណ 1.5ពាន់​លាន​នាក់។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ជាង 60,000នាក់ និង​ធ្វើ​សកម្មភាព​ក្នុង​ទីផ្សារ​ជាង 150ប្រទេស និង​តំបន់។ ពួកគេ​មាន​ការិយាល័យ​នៅក្នុង​ទីក្រុង​ចំនួន 126 ក្នុង​ពិភពលោក រួមមាន​ទាំង​ទីក្រុង​សៀង​ហៃ, នី​វ​យ៉​ក, ក្រុង​ឡុង​ដ៍, បារី​ស, ម៉ុម​បៃ, សិង្ហ​បុរី, ហ្សា​ការ​តា, សេ​អ៊ូ​ល និង​តូ​ខ្យូ។ល។

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement