«ស្រេកឃ្លាន​ប្រេង» ដោយសារ​ជាប់គាំង​កប៉ាល់​តៃវ៉ាន់​នៅ​ព្រែកជីក Suez

កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅក្នុង​ព្រែកជីក Suez កំពុង​រាំងខ្ទប់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​ប្រទេស​ស៊ី​រី នាំឱ្យ​ប្រទេស​នេះ​ត្រូវ​បែងចែក​ប្រេង​ដែលមាន​ស្រាប់ ទៅតាម​បរិមាណ​ដែល​ប្រទេស​នេះ​កំណត់។

ផលប៉ះពាល់​របស់​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅលើ​ព្រែក Suez ចំពោះ​វិស័យ​ដឹកជញ្ជូន​សកល បានបង្ហាញ​យ៉ាងច្បាស់​កាលពី​ថ្ងៃទី 27មីនា នៅពេល​ប្រទេស​ស៊ី​រី ដែល​បាន និង​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​អស់​ជាច្រើន​ឆ្នាំ ត្រូវ​បែងចែក​ប្រេង​ក្នុងស្រុក​ទៅតាម​បរិមាណ​កំណត់​ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់​ក្នុងប្រទេស​ដែល​កំពុង​ថយចុះ​ស្រាប់។

ក្រសួង​ប្រេង​និង​រ៉ែ​នៃ​ប្រទេស​ស៊ី​រី បានឱ្យដឹងថា បញ្ហា​នៅលើ​ព្រែកជីក Suez នៃ​ប្រទេស​អេ​ហ្ស៊ី​ប បាន «រាំងស្ទះ​ប្រភព​ផ្គត់ផ្គង់​ប្រេង ធ្វើឱ្យ​កប៉ាល់​ដឹក​ប្រេង​ដែល​ផ្គត់ផ្គង់​មកឱ្យ​ស៊ី​រី ត្រូវ​ពន្យារពេល» នេះ​បើតាម​សារព័ត៌មាន​ជាតិ SANA របស់​ស៊ី​រី។

ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង ប្រទេស​ស៊ី​រី ដែល​ស្ថិត​នៅក្បែរ​ព្រែកជីក Suez ត្រូវ​បង្ខំចិត្ត​បែងចែក​ប្រេង​ក្នុងស្រុក​ដែលមាន​ស្រាប់​ទៅតាម​បរិមាណ​កំណត់ ក្នុងនោះ​ភាគច្រើន​គឺ​ប្រេងម៉ាស៊ូត និង​សារធាតុ benzene ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​រយៈពេល​វែង តាម​ដែល​អាច​ធ្វើបាន»។

ទីតាំង​របស់​ព្រែក​ជីក​ Suez

ចំនួន​កប៉ាល់​ដែល​កំពុង​ស្ទះចរាចរណ៍​នៅលើ​ព្រែកជីក​ដ៏​មាន​សារសំខាន់​របស់​ប្រទេស​អេ​ហ្ស៊ី​ប បាន​កើន​ឡើងដល់ 326គ្រឿង រួមមាន​ទាំង​កប៉ាល់​ដឹក​កុងតឺន័រ កប៉ាល់​ដឹកទំនិញផ្សេងៗ និង​កប៉ាល់​ដឹក​ប្រេង​ជាដើម នេះ​បើតាម Agencies ដែលជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​របស់ Suez។

សូម​រំលឹកថា កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ ដែលមាន​ជាង 200,000តោន និង​ដោត​ទង់ជាតិ​របស់​ប៉ា​ណា​ម៉ា បាន​បុក​បញ្ឆិត​ជញ្ជាំង​ព្រែកជីក Suez កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​ធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ដោយសារតែ​ត្រូវ​ព្យុះ​បក់បោក។

ជា​លទ្ធផល Ever Given ដែលជា​កប៉ាល់​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ជាមួយនឹង​ប្រវែង 400ម៉ែត្រ បាន​ជាប់គាំង​ទទឹង​ព្រែកជីក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវទឹក​សំខាន់បំផុត​ក្នុង​ពិភពលោក ត​ភ្ជាប់​រវាង​សមុទ្រ​ក្រហម និង​ម​ជ្ឈ​ម​បូព៌ា។

ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez (SCA) បាន​បញ្ជាក់ថា ពួកគេ​កំពុង​ស្ដារ​បាតដី​នៅ​ជុំវិញ​កប៉ាល់ និង​អូស Ever Given ដោយ​ប្រើប្រាស់​កប៉ាល់​សង្គ្រោះ។ ការប្រឹងប្រែង បាន​ជួយ​ឱ្យ​កប៉ាល់​នេះ​ផ្លាស់​ទី​បាន​បន្តិច ប៉ុន្តែ​មិនដឹងថា វា​នឹង​ត្រូវបាន​សង្គ្រោះ​ទាំងស្រុង​នៅពេលណា​ឡើយ៕

>ការជួយ​សង្គ្រោះ​កប៉ាល់ «យក្ស» Ever Given ដែល​​ជាប់គាំង​ទទឹង​ព្រែកជីក Suez កំពុង​​​ដំណើរការ

ប្រភព៖ CNN
ប្រែសម្រួល​៖ បុត្រា

Advertisement