រាជធានីភ្នំពេញអាចនឹងធ្លាក់ពីបេក្ខភាពទីក្រុងស្អាតអាស៊ាន បើសិនដោះស្រាយបញ្ហាសំរាមមិនចេញ

ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាក្តៅគគុកនៅឡើយ សម្រាប់រាជធានីភ្នំពេញ បើទោះបីជាមានក្រុមហ៊ុនស៊ីនទ្រីជាអ្នកទទួលខុសត្រូវដឹកសំរាមចេញទៅចាក់ចោលនៅក្រៅក្រុងក៍ដោយ ក៏បញ្ហាសំរាមនេះនៅតែប្រឈមនឹងការរិះគន់ពីសាធារណជន ជាពិសេសពេលភ្លៀងខ្លាំងម្តងៗ បង្កជាការស្ទះលិចលង់តំបន់ជាច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតដែលបានរៀបចំកិច្ចប្រជុំស្តីពីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា «បេក្ខភាពទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវដោះស្រាយបញ្ហាសំរាម សណ្ដាប់ធ្នាប់ បង្គន់អនាម័យសាធារណៈ និងមណ្ឌលព័ត៌មានទេសចរណ៍ដើម្បីប្រជែងយកជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅដើមឆ្នាំ2018នេះ»។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាពដោយក្នុងនោះមានរាជធានី-ខេត្តចំនួន 7 ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី1នេះ ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ហើយពិធីប្រកាសជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះនឹងប្រព្រឹត្តទៅនាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) 2018 នៅប្រទេសថៃ។

ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានដែលមានកម្ពុជាជាប្រទេសនាំមុខក្នុងការរៀបចំត្រូវបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាននាឱកាសវេទិកាទេសចរណ៍អាស៊ាន ATF 2015។ ស្តង់ដារថ្នាក់តំបន់នេះត្រូវបានរៀបចំដោយផ្អែកលើគំរូ និងបទពិសោធនៃការអនុវត្តស្តង់ដារទីក្រុងស្អាតរបស់កម្ពុជា ហើយរួមមាន 7 សូចនាករគោល (1.ការគ្រប់គ្រងបរិស្ថាន 2.ភាពស្អាត 3.ការគ្រប់គ្រងកាកសំណល់ 4.ការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការពារបរិស្ថាន និងភាពស្អាត 5.តំបន់បៃតង 6.សុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង 7.ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍) និង8 សូចនាករលម្អិត ហើយត្រូវបានដាក់ពិន្ទុតាមរយៈលក្ខណវិនិច្ឆ័យចំនួន108។

ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះនឹងចូលរួមបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍ក្នុងតំបន់ព្រមទាំងជាផ្នែកមួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗនៅតាមទីក្រុង (Secondary destinations) ផងដែរ។

ដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាព ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានដាក់ចេញនូវអនុសាសន៍ចំនួន20ចំណុច ដោយក្នុងនោះផ្តោតសំខាន់ទៅលើ ទី1.ការពង្រឹងការគ្រប់គ្រងកាកសំណល់រឹង (ការវេចខ្ចប់ទុកដាក់ និងសេវាប្រមូលសំរាម) ទី2. ការរក្សាភាពស្អាតនៅតាមទីសាធារណៈ សួនច្បារ ផ្លូវសំខាន់ៗក្នុងក្រុង និងផ្លូវចូលក្រុង ទី3.ការរៀបចំ និងថែទាំបង្គន់អនាម័យសាធារណៈ ទី4.ការរៀបចំសាងសង់បន្ថែម និងពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ឱ្យបានសមស្របតាមទំហំ និងកំណើនទេសចរ ទី5.ការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្នអាស៊ានបានរៀបចំដាក់ចេញនូវស្តង់ដារគុណភាពទេសចរណ៍កម្រិតតំបន់រួមមាន 7 ស្តង់ដាររួមមាន៖ ស្តង់ដារសណ្ឋាគារបៃតងអាស៊ាន ស្តង់ដារផ្ទះស្នាក់នៅអាស៊ាន ស្តង់ដារស៉្បា និងផាសុកភាពអាស៊ាន ស្តង់ដារបង្គន់សាធារណៈអាស៊ាន ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងស្តង់ដារបន្ទប់ប្រជុំអាស៊ាន (MICE Venue) សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យនៃការបង្កើនភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន ក៏ដូចជាដើម្បីធានាការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ប្រកបដោយនិរន្តរភាព និងសមធម៌ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន 2016-2025 ។

សាធារណជនបានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ជាការជំរុញឱ្យថ្នាក់ដឹកនាំនីមួយៗខិតខំអភិវឌ្ឍទីក្រុងរបស់ខ្លួន ពិសេសដោះស្រាយបញ្ហាសំរាមចៀសវាងការរិះគន់ពីសាធារណជន ហើយសម្រាប់រាជធានីភ្នំពេញក៍ដូចជាទីក្រុងមួយចំនួនទៀត បើសិនដោះស្រាយបញ្ហាសំរាមមិនបានទេនោះនឹងមិនអាចប្រឡងជាប់ក្នុងកម្មវិធីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅចុងឆ្នាំ2018នេះទេ៕

Advertisement