បើ​មិន​ចង់​បោះបង់​អាជីវកម្ម​កណ្តាល​ទី អ្នករកស៊ី​ត្រូវ​រកឱ្យឃើញ​ហេតុផល​ច្បាស់​បំផុត​មុន​ចាប់ផ្តើម

នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ការចាប់ផ្តើម​អាជីវកម្ម (start up) ជា​ចំណុច​សំខាន់​មួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់ និង​ហ៊ាន​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​សហគ្រិន​ប្រកបដោយ​សមត្ថភាព​ដើម្បី​ចួ​ល​រួមចំណែក​អភិវឌ្ឍ​សង្គម។ ប្រទេស​ណា​ដែលមាន​សហគ្រាសធុន​តូច និង​មធ្យម​ច្រើន​នោះ​នឹង​អាច​អភិវឌ្ឍ​បាន​លឿន​បំផុត តែ​កន្លងមក​ក្នុង​សកម្មភាព​លើកស្ទួយ​ការបង្កើត​អាជីវកម្ម មាន​ចំណុច​វិជ្ជមាន និង​ឧបសគ្គ​ជាច្រើន​បានកើត​ឡើង។ ឧបសគ្គ​សំខាន់​ក្នុង​វិស័យ​អាជីវកម្ម​គឺ ទន្ទឹមនឹង​ទទួលបាន​ផលចំណេញ​ពី​អាជីវកម្ម​ជោគជ័យ មាន​សហគ្រិន​ជាច្រើន​បាន​បិទ​អាជិ​វ​កម្ម​របស់ខ្លួន​ទៅវិញ បន្ទាប់ពី​បើក​បាន​រយៈពេល​មិនយូរប៉ុន្មាន ដែល​រឿងនេះ​បាន​ក្លាយជា​បន្ទុក​សម្រាប់​សង្គម។

លោក ហាវ គង់​ងី សហ​ស្ថាបនិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា បាន​លើកឡើងថា គេ​ថា ការរកស៊ី​ត្រូវតែ​ហ៊ាន​ប្រថុយ តែ​មុននឹង​ធ្វើការ​ប្រថុយ​ចាំបាច់​ត្រូវ​សិក្សា​ឱ្យបាន​ហ្មត់ចត់​សិន​ដែរ​មុននឹង​ចាប់ផ្តើម។ សម្រាប់​លោក គឺ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​អាជីវកម្ម​ដែល​លោក​បង្កើត ព្រោះថា ការបង្កើត​អាជីវកម្ម​មិនមែន​ចេះតែ​បង្កើតឱ្យតែបានៗនោះទេ គឺ​ចាំបាច់​ត្រូវមាន​ហេតុផល​ច្បាស់លាស់​ដើម្បី​បង្កើតឡើងហើយ​អាច​ដោះស្រាយ​បញ្ហា​របស់​មនុ​ស្សបាន។ ក្រោយពេល​សិក្សា​ពី​តម្រូវការ​ជាក់ស្តែង​នៅក្នុង​សង្គម​រួចហើយ លោក​មើលឃើញថា លំនៅដ្ឋាន​ជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ ក៏ដូចជា​ប្រជាជន​នៅក្នុង​តំបន់ ហេតុនេះ​លោក​បាន​បន្ត​ទៅមួយ​ជំហាន​ទៀត​ដើម្បី​ ដោះស្រាយ​ថា តើ​ត្រូវធ្វើ​បែបណា​ដើម្បីឱ្យ​ប្រជាជន​មានផ្ទះ​ស្នាក់នៅ​សមរម្យ។

លោក ហាវ គង់​ងី បាន​និយាយថា៖ “បើ​គិតពី​កម្រិត​ប្រាក់ខែ​របស់​កម្មករ កម្មការិនី និង​ប្រជាជន​ខ្មែរ​យើង​មួយចំនួន គាត់​មិនអាច​មានលទ្ធភាព​សន្សំ​លុយ​ទិញ​ផ្ទះថ្លៃៗបាន​នោះទេ។ ហេតុនេះ​ប្រសិនបើ​យើង​អាច​ច្នៃ​ផ្ទះ​ដែលមានគុណភាព​ល្អ ហើយ​មានតម្លៃ​សមរម្យ​សម្រាប់​គាត់​បាន នោះ​មានន័យថា យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​ធំ​មួយ​របស់គាត់​បាន​មិន​ខាន”។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាក្រោយពេល​ដឹង​ច្បាស់​ពី​បញ្ហា និង​តម្រូវការ​ហើយលោក​បាន​បន្ត​គិតពី​ជំនាញ ឬ​ការបង្កើត​ផលិតផល​ដែល​អាចជួយ​ធ្វើឱ្យ​បញ្ហា​ទាំងអស់នោះ​អាច​ដោះស្រាយបាន។ បន្ទាប់ពី​គិត​ឃើញ​បញ្ហា​នេះហើយ លោក​បាន​ដើរ​មើល​សហគ្រាសធំៗមួយចំនួន​នៅ​បរទេស និង​ដើរ​មើល​ពី​ចង្វាក់​ផលិតកម្ម​ដែល​គេ​ដោះស្រាយបញ្ហាសំខាន់ៗរបស់​ប្រទេស​គេ។ ចុងក្រោយ​លោក​បាន​រកឃើញ​ដំណោះស្រាយ​យ៉ាងសំខាន់​មួយ គឺ​បង្កើត​ឥដ្ឋ​បរិស្ថាន​ដែល​អាច​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ការសង​សង់ផ្ទះ​ដល់​ទៅ 30% ពី​តម្លៃ​នៃ​ឥដ្ឋ​ធម្មតា ហើយ​ថែមទាំង​អាចជួយ​ដល់​បរិស្ថាន​បាន​ទៀតផង។ ចាប់ផ្តើម​ពី​ផលិតផល​នេះ​លោក​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ​រហូត​សម្រេចបាន​លទ្ធផល​ល្អ គឺ​បាន​សាងសង់​គម្រោង​លំនៅដ្ឋាន​ក្នុងតម្លៃ​សមរម្យ​សម្រាប់​កម្មករ-កម្មការិនី។

លោក គង់​ងី បាន​លើកឡើងថា ដំណើរ​នៃ​ការធ្វើ​អាជីវកម្ម ពេលខ្លះ​ជួបនឹង​បញ្ហា និង​ឧ​សគ្គលំបាកៗជាច្រើន ប្រសិនបើ​យើង​ធ្វើ​អាជីវកម្ម​ដោយ​ផ្តោត​សំខាន់​តែ​លើ​ប្រាក់ចំណេញ ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យើង​អាច​នឹង​បោះបង់​នៅ​ថ្ងៃ​ណាមួយ តែ​ប្រសិនបើ​យើង​មាន​ហេតុផល​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ជាទូទៅ យើង​នឹង​អាច​មើលឃើញ​ភាព​ទទួលខុសត្រូវ និង​ហេតុផល​ដ៏​ធំ​ដើម្បី​បន្តសកម្មភាព។

សហគ្រិន​ម្នាក់ទៀត​ដែលជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា លោក សុខ សុភមង្គល ស្ថាបនិក​ក្រុមហ៊ុន Codingate បាន​លើកឡើងថា ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវតែមាន​ហេតុផល​ច្បាស់លាស់​បំផុតព្រោះ​ប្រសិនបើ​យើង​ធ្វើ​អាជីវកម្ម​ដើម្បី​តែ​ប្រាក់ចំណេញ យើង​នឹង​អាច​អស់ចិត្ត​នៅពេល​យើង​មាន​ចំណូល​គ្រប់គ្រាន់ ឬ​ជួប​ឧបសគ្គ​ដែល​ធ្វើឱ្យ​យើង​លំបាក​រហូត​លែង​ចង់បាន​វា តែ​ប្រសិនបើ​យើង​ដឹង​ខ្លួនឯង​ច្បាស់​ថា យើង​កំពុង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយជ្រោមជ្រែង​មនុស្ស​ជុំវិញខ្លួន​ឱ្យ​រីកចម្រើននោះ​យើង​នឹង​មិនអាច​បោះបង់​វា​ចោល​បានឡើយ។ការរកឃើញ​គោលដៅ​ច្បាស់លាស់​បែបនេះ​អាចធ្វើឱ្យ​យើង​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​កា​ន់​តែ​ច្រើន​ជាមួយ​ក្រុមការងារ​ដើម្បីឱ្យ​មនុស្ស​ក្នុងសង្គម​កាន់តែ​ប្រសើរឡើង មិន​ថា​អ្នករកស៊ី ឬ​មនុស្ស​ទូទៅ​នោះទេ។

លោក សុខ សុភមង្គល បាន​និយាយថា៖ “គ្មានអ្វី​ដែល​បាន​ដោយងាយៗនោះទេ តែ​ក៏​គ្មានអ្វី​លំបាក​ខ្លាំងពេក​នោះដែរ ប្រសិនបើ​យើង​ចេះ​លើកទឹកចិត្ត​ចំពោះ​ដំណើរ​ឆ្ពោះទៅកាន់​គោលដៅ​របស់​យើង​នោះ។ ពេលខ្លះ​ការធ្វើ​អាជីវកម្ម​ជួប​រឿង​ជាច្រើន តែ​នៅពេលដែល​ផលិតផល​របស់​យើង​បាន​ជួយ​ឱ្យ​អតិថិជន និង​អ្នក​គ្រប់គ្នា​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ យើង​នឹង​កាន់​តែមាន​ថាមពល​ក្នុង​ការតស៊ូ​បង្កើន​សកម្មភាព​កាន់តែខ្លាំង​ឡើង”។

សហគ្រិន​ខាងលើ​បាន​បន្ថែមថា មុននឹង​ចាប់ផ្តើម​អាជីវកម្ម​ត្រូវតែ​ច្បាស់​ក្នុង​ចិត្ត​ថា​យើង​ស្រឡាញ់​វា ហើយ​ការធ្វើ​នោះ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដូច​ពាក្យ​ខ្មែរ​ថា “មុជ​ឱ្យ​ជ្រៅ ទៅឱ្យ​ឆ្ងាយ”។ បើ​យើង​មិន​ច្បាស់លាស់ មិន​ដាក់ចិត្ត​ដាក់​កាយ​ធ្វើឱ្យបាន​ពិតប្រាកដ​ទេនោះ អាជីវកម្ម​របស់​យើង​នឹង​មិនអាច​រីកចម្រើន​បានឡើយ ព្រោះ​យើង​គ្រប់គ្នា​អាច​នឹង​រួញរា​គ្រប់​កាលៈទេសៈ ហើយ​ផលិតផល​ដែល​យើង​បង្កើតបាន​នោះ​ក៏​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បានដែរ ដែល​នេះ​គឺជា​ហេតុ​ធ្វើឱ្យ​យើង​បាក់​ទឹកចិត្ត ហើយ​បិទ​អាជីវកម្ម​ទៅវិញ​យ៉ាង​ងាយ៕

Advertisement