ឧកញ៉ា ចេង ខេងៈ វិនិយោគលើដីធ្លី ពេលណាក៏ជោគជ័យដែរ ឱ្យតែចេះរកអ្នកជំនាញជួយ

ភ្នំពេញ – សព្វថ្ងៃមានអ្នកមានធនធាន និងទ្រព្យសម្បតិ្ដជាច្រើនមានបំណងចង់ធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យ ប៉ុន្ដែអ្នកទាំងនោះហាក់នៅមានអារម្មណ៍ស្ទាក់ស្ទើរជាមួយការសម្រេចចិត្ដរបស់ខ្លួន ដោយពួកគាត់បារម្ភខ្លាចខាតបង់ប្រាក់ទុន។ បញ្ហានេះត្រូវបានលោកឧកញ៉ា ចេង ខេង បញ្ជាក់ថា បើចង់វិនិយោគលើវិស័យនេះបានជោគជ័យគួរតែពិភាក្សាជាមួយអ្នកជំនាញដែលមានបទពិសោធ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ កម្ពុជា ស៊ីភីអិល (CPL)បានលើកឡើងថា មនុស្សគ្រប់រូបអាចយកលុយដែលខ្លួនមានមកវិនិយោគលើវិស័យអចលនទ្រព្យ ឬវិស័យដីធ្លី ហើយគាត់នឹងអាចក្លាយជាអ្នកមានទ្រព្យសម្បត្ដិកើនឡើងបាន ប៉ុន្ដែចំណុចនេះលោកសំដៅទៅលើការវិនិយោគដែលបានឆ្លងកាត់ការពិភាក្សាជាមួយអ្នកជំនាញដែលមានបទពិសោធ។ ជួនកាលគាត់មានលុយច្រើន អាចវិនិយោគលើវិស័យនេះបានមែន ប៉ុន្ដែគាត់មិនបានពិភាក្សាជាមួយអ្នកជំនាញ គាត់អត់ទទួលបានព័ត៌មានគ្រប់គ្រាន់ ពុំដឹងថា ទីផ្សារត្រូវពង្រីកទៅកន្លែងណា ដូច្នេះគាត់ក៏ពុំទទួលបានភាពជោគជ័យដែរ។

អគ្គនាយកក្រុមហ៊ុន CPL បញ្ជាក់ថា៖ «ដូចជារូបខ្ញុំជាដើម កន្លងមកខ្ញុំបាននាំអ្នកវិនិយោគលើវិស័យនេះឱ្យក្លាយជាសេដ្ឋីច្រើននាក់មកហើយក្នុងរយៈពេល20ឆ្នាំកន្លងមកនេះ ពោលគឺខ្ញុំបាននាំអ្នកដែលចូលចិត្ដវិនិយោគលើដីធ្លីឱ្យទទួលបានជោគជ័យច្រើន ទើបគេជឿជាក់លើខ្ញុំ។ ប្រសិនបើយើងឱ្យយោបល់ទៅគេនូវអ្វីដែលមិនមែនជាការពិត និយាយផ្សេង លទ្ធផលក៏នឹងចេញមកផ្សេង នោះគេនឹងមិនអាចជឿជាក់លើយើងបានទេ»។

លោកឧកញ៉ាបន្ដថា  ប្រសិនបើយើងចង់វិនិយោគលើអចលនទ្រព្យពិតប្រាកដមែន មានថវិកាប៉ុន្មានក៏អាចវិនិយោគបានដែរ អ្វីដែលសំខាន់គឺគួរតែមកពិភាក្សាជាមួយអ្នកជំនាញ ព្រោះពួកគេអាចធ្វើការងារនេះបានពី Aដល់ Z។ គេអាចដឹងថាមានថវិកាប៉ុន្មាន គួរវិនិយោគកន្លែងណា? យើងមានលុយតិចរកស៊ីតាមតិច មានលុយច្រើនរកស៊ីតាមហ្នឹង ព្រោះអ្នកជំនាញគេអាចច្នៃគ្រប់រសជាតិបានទាំងអស់។ ពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខដែលអ្នកវិនិយោគជាច្រើនតែងមានការព្រួយបារម្ភនោះ ត្រូវបានលោកឧកញ៉ា ចេង ខេង បញ្ជាក់ថា ជាទស្សនរបស់លោកគឺគ្មានអ្វីជាការព្រួយបារម្ភទេ ព្រោះយើងមើលឃើញថា គណបក្សនយោបាយទាំងអស់មានចរិតចាស់ទុំហើយតាមរយៈការបោះឆ្នោតឃុំ -សង្កាត់កន្លងមក តាមរយៈការបង្ហាញនូវសកម្មភាពល្អៗ។ ដូច្នេះអ្វីដែលគួរបារម្ភគឺថា តើយើងអាចរកបានអ្នកជំនាញមានបទពិសោធពិតប្រាកដ មានក្រមសីលធម៌វិជ្ជាជីវៈមកជួយយើងបានដែរឬទេ? ដូច្នេះ មុននឹងយើងជឿជាក់លើមនុស្សម្នាក់យើងត្រូវមើលពីប្រវត្ដិរបស់គេឱ្យបានច្បាស់។ លោកបញ្ជាក់បន្ថែមថា៖ «ភ្នាក់ងារអចលនវត្ថុមានច្រើន ប៉ុន្ដែភ្នាក់ងារខ្លះអត់មានសច្ចភាពក្នុងការងាររបស់គាត់ទេ គាត់ក៏មិនគិតដល់អនាគតដែរ គាត់ធ្វើយ៉ាងម៉េចឱ្យតែបានលុយពេលហ្នឹង បោកប្រាស់គេបានកាន់តែល្អ ព្រោះគាត់អត់មានជំនាញត្រឹមត្រូវ គ្មានកេរ្ដិ៍ឈ្មោះក្នុងសង្គម»។

លោកឧកញ៉ាសង្កត់ធ្ងន់ថា ការវិនិយោគក្នុងវិស័យដីធ្លី យើងវិនិយោគពេលណាក៏ជារឿងត្រឹមត្រូវដែរ សំខាន់រកអ្នកជំនាញឱ្យជួយ។ កន្លងមកយើងមើលឃើញថា អ្នករង់ចាំទិញដីធ្លាក់ថ្លៃ ឬមានតម្លៃទាបមិនដែលទិញបាននោះទេ ព្រោះការរកស៊ីលើវិស័យនេះគឺយើងត្រូវទិញហើយរង់ចាំបន្ដិច នោះយើងនឹងទទួលបានផលចំណេញ ព្រោះមកដល់ចំណុចនេះ ដីវាពិបាកនឹងធ្លាក់ថ្លៃចុះណាស់ ដោយសារតម្រូវការមនុស្សមានជាប់ជានិច្ច៕

Advertisement