ជប៉ុនគ្រោងវិនិយោគវិស័យថាមពលបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគ ចូលមកបណ្តាក់ទុន បង្កើតរោងចក្រកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុន មានគម្រោងវិនិយោគលើវិស័យថាមពល បន្ថែមទៀតនៅកម្ពុជា។

លោកសាស្ត្រាចារ្យ ហ្វូមីអូ ហូឈិ (Fumio Hoshi) ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Sumitomo Mitsui Banking Corporation បានមានប្រសាសន៍នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា ថាមពលជាគន្លឹះមួយក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយមុននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា លោកបានជួបជាមួយក្រុមហ៊ុនមួយចំនួននៅជប៉ុនដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការធ្វើវិនិយោគនៅកម្ពុជាក្នុងវិស័យនេះ។

ជាមួយនឹងការវិនិយោគនេះដែរ លោកសាស្ត្រាចារ្យបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនកំពុងតែប្រឹក្សាលើយុទ្ធសាស្ត្រវិនិយោគមួយចំនួន ដូចជាការវិនិយោគលើរោងចក្រដែលប្រើប្រេងឥន្ធនៈជំនួសឲ្យការដុតធ្យូងថ្ម ការប្រើថាមពលព្រះអាទិត្យ (Solar) និងការកសាងស្ថានីយតភ្ជាប់ការទិញថាមពលពីប្រទេសឡាវ ជាដើម។ល។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់លោកសាស្ត្រាចារ្យ Fumio Hoshi តែសូមឱ្យភាគីជប៉ុនបន្តជំរុញ និងលើកកម្ពស់លើកាលានុវត្តន៍ភាពវិនិយោគរបស់កម្ពុជាបន្ថែមទៀតក្នុងនាមលោកសាស្ត្រាចារ្យជាបុគ្គលម្នាក់ដែលមានការគោរពក្នុងចំណោមធុរជនជប៉ុនដូចគ្នា។

ឯកឧត្តមបានជម្រាបជូនបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុនមួយចំនួនបាន និងកំពុងវិនិយោគក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងគួបផ្សំជាមួយនឹងការលើកទឹកចិត្តពិសេសលើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ឯកឧត្តមមានសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុនជប៉ុននឹងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

Advertisement