ធនាគារជាតិនៃកម្ពុជា គាំទ្រការប្រើប្រាស់ប្រាក់យន់របស់ចិនតាមរយៈប្រព័ន្ធធនាគារនៅកម្ពុជា

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកើនឡើងនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសចិន និងកម្ពុជា ធនាគារជាតិនៃកម្ពុជាបានបង្ហាញការគាំទ្ររបស់ខ្លួន ក្នុងការប្រើប្រាស់ប្រាក់យន់តាមរយៈប្រព័ន្ធធនាគារដើម្បី​សម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើមឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមមន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញការគាំទ្រនេះក្នុងវេទិកាស្តីពី រូបិ​យ​ប័ណ្ណយន់នៅកម្ពុជា។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីបើកវេទិកាស្តីពីរូបិ​យ​ប័ណ្ណយន់នៅកម្ពុជា ដែលរៀបចំឡើងដោយធនាគារចិនសាខាភ្នំពេញបានថ្លែងថា វេទិ​កានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យន់ នៅក្នុងតំបន់អាស៊ាន និងកម្ពុ​ជាព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យន់ចំពោះសេដ្ឋកិច្ចខណៈដែល​ទំនងទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែមានការរីកចម្រើនជាលំដាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិន2 ធ្វើជាធនាគារផាត់ទាត់ប្រាក់យន់ គឺ​ធនាគារBOC និងធនាគារICBC និងធនាគារពាណិជ្ជនៅកម្ពុជា13ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យន់ ហើយតាមរយៈនេះ វិនិយោ​គិ​ន ពាណិជ្ជករ និងអ្នកទទួលចំណូ​លជាប្រាក់យន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាត​ឱ្យធនា​គារជាតិនៃកម្ពុជាអាចគ្រប់គ្រងចរាចរណ៍ប្រាក់យន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពា​ណិ​ជ្ជកម្ម ការវិនិយោគ និងទេសច​រណ៍ម​ក​ពី​ប្រទេសចិន។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគាំទ្រចំពោះ​ការដាក់ឱ្យទូទាត់​ប្រាក់យន់របស់ចិននៅក្នុងប្រព័ន្ធធនាគារដោយសារតែជាសញ្ញាល្អសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅ​គ្រា​ដែលវិនិយោគិនចិន និងការធ្វើពាណិជ្ជកម្មរបស់ចិន-កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។

ចំណែកលោក ចាន់ សុផល អ្នកវិភាគផ្នែកសេដ្ឋកិច្ចធ្លាប់បានលើកឡើងថា លំហូរចូលប្រាក់យន់នេះជាសញ្ញាវិជ្ជមានក្នុង​ការជំរុញ​សេ​ដ្ឋ​កិច្ចកម្ពុជា។ លោកថា ចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា ការទូទាត់ប្រាក់យន់នេះ មិនមានជាបញ្ហាខាតបង់អ្វីឡើយ មានតែចំណេញ​ដល់​សេដ្ឋកិច្ចកម្ពុជា ជួយជំរុញឲឱ្យកាន់តែមានភាពងាយស្រួលក្នុងការដោះដូររូបិយប័ណ្ណក្នុងការប្រកបអាជីវកម្មផ្សេងៗ។

តាមធនា​គារ​ជា​តិនៃកម្ពុជាបានឱ្យដឹងថា វេទិ​កា​នេះក៏នឹងមានគោលបំណងបង្ហាញ និងពិភា​
ក្សាអំពីការប្រើប្រាស់ប្រាក់យន់នៅក្នុងតំបន់អាស៊ាន និងកម្ពុ​ជា ព្រមទាំងអត្ថ​ប្រយោជន៍នៃ​ប្រាក់​យន់ចំពោះសេដ្ឋកិច្ចផងដែរ៕

Advertisement