ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​រីកដុះដាល​យ៉ាងខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​គម្រោងធំៗជាច្រើន​ត្រូវបាន​ក្រុមហ៊ុន​មកពី​បរទេស​បោះទុន​វិនិយោគ ជាពិសេស​ក្រុមហ៊ុនធំៗមកពី​ប្រទេស​ចិន​ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​សេដ្ឋកិច្ចសំខាន់ៗ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជាដើម​កាន់​តែមាន​សក្ដា​នុព​ល​ខ្លាំង​ឡើង។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បញ្ចប់​គម្រោង​អគារ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ថា វិស័យ​អចលនទ្រព្យ​ពិតជា​បាន​ចូលរួមចំណែក​លើកកម្ពស់​ការ​ស្នាក់នៅ​បែប​ទំនើប​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​ឆ្លើយតបបាន​នឹង​តម្រូវការ​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ភ្ញៀវទេសចរ​ចិន​ដែល​កំពុងមាន​ការកើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

ជាការ​កត់សម្គាល់ កត្តា​ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​នៅ​ទូទាំងប្រទេស​មានការ​បោះ​ជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មកពី​កម្ពុ​ជាមាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ និង​ទេសចរណ៍។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់​ដែលមាន​រោងចក្រ​ចំនួន125 មាន​កម្មករ​ប្រមាណ​ជាង 2ម៉ឺន​នាក់។

ចំណែក​អ្នកជំនាញ​អចលនទ្រព្យ លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ធ្លាប់បាន​លើកឡើងថា “ហេតុដែល​វិនិយោគិន​ចិន​សម្រុក​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ទំនាក់ទំនង​ជិតស្និទ​រវាង​រដ្ឋាភិបាល​ទាំង2 ញ៉ាំងឱ្យមាន​បរិយាកាស​ល្អប្រសើរ​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង2 ក្នុងការ​សហការគ្នារ​ក​ស៊ី ‟។

ស្រដៀង​គ្នា​នេះ លោក​គីម ហ៊ាង ប្រធាន​សមាគម​អចលនទ្រព្យ​បាន​មានប្រសាសន៍ថា “ចិន​វិនិយោគ​នៅ​កម្ពុ​ជាមាន​សម្ទុះ​ខ្លាំង ជាពិសេស​នៅ​ខេត្ត​សក្តានុពល ដូចជា​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ចិន​ចូលមក​រកស៊ី​នៅ​ព្រះសីហនុ​ភ្លាម ធ្វើឱ្យ​តម្លៃ​សណ្ឋាគារ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេង​មានការ​ឡើងថ្លៃ ជាពិសេស​តម្លៃ​ដីធ្លី​មានការ​ហក់​ឡើង​ខ្លាំង ធ្វើឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មានការ​អភិវឌ្ឍ​លឿន​បំផុត‟។

សូមបញ្ជាក់ថា រយៈពេល 2ឆ្នាំនេះ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អភិវឌ្ឍ​យ៉ាងគំហុក មាន​អគារ​ខុន​ដូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោងចក្រ និង​សណ្ឋាគារ​លំដាប់​ពី​ផ្កាយ3 ដល់​ផ្កាយ5 ហើយ​ក៏មាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មានការ​ចាប់អារម្មណ៍​យក​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍ និង​វិនិយោគ​ផងដែរ។ ការផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឱ្យមាន​សោភណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​យ៍​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវទេសចរ សុទ្ធតែជា​កត្តា​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ និង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ឡើង។

បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​ជន​ជាតិចិន​កាន់តែច្រើន​ចូលមក​ទស្សនា និង​វិនិយោគ និង​ជាពិសេស អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ និង​ពិតជា​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​នោះ គឺ​ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែ​ច្រើនឡើង។

សូមបញ្ជាក់​បន្ថែមថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​មានការ​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​កើនឡើង​ដល់ 5.8.ពាន់​លាន​ដុល្លារហើយ​រយៈពេល2-3ឆ្នាំ​កន្លងទៅនេះ គឺ​កើនឡើង​លឿន ពី 900លាន​ដុល្លារ​នៅ​ឆ្នាំ2016 ដល់1.6ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2017 និង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ គឺមាន​ការកើនឡើងរ​ហូត​ដល់2.8ពាន់​លាន​ដុល្លារ៕

Advertisement