វិស័យ​អចលនទ្រព្យ​ខេត្តកណ្តាល​កំពុងមាន​ស​ម្ទុះ​ខ្លាំង

វិស័យ​អចលនទ្រព្យ​ខេត្តកណ្តាល​កំពុងមាន​ស​ម្ទុះ​ឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារ​ភូមិសាស្ត្រ​ដី​របស់​ខេត្ត​មួយ​នេះ​មាន​ទីតាំង​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ដែលជា​ទីប្រជុំជន​ធំជាងគេ​បង្អស់​ក្នុងប្រទេស​កម្ពុជា។

លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​មានប្រសាសន៍ថា ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សម្ទុះ​កើនឡើង​ខ្លាំង​ស្ទើរ​ដល់​ចំណុចកំពូល​ហើយ​នោះ បានធ្វើឱ្យ​វិស័យ​មួយ​នេះ​កំពុង​ហៀរ​ឆ្ពោះទៅ​ខេត្តកណ្តាល​តាមរយៈ​ផ្លូវ60 ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មក​ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​មិន​ថា​ភាគខាងត្បូង ភាគ​ខាងកើត និង​ភាគ​ខាងជើង​របស់​ខេត្ត​មួយ​នេះ​ទេ គឺ​សុទ្ធតែ​កំពុង​ត្រូវប៉ាន់​ទាំងអស់។

លោក​មានប្រសាសន៍ថា តម្លៃ​ដី​ដែល​ឡើងថ្លៃ​ជាងគេ​ស្ថិតក្នុង​ក្រុង​តាខ្មៅ​កាត់​តាមផ្លូវ​21B ឆ្ពោះទៅ​ស្រុក​ស្អាង​តែម្តង​ដោយសារតែ​រដ្ឋបាលខេត្ត​បាន​ប្រជុំ​សម្រេច​ជាគោលការណ៍​កាត់​ដី​ក្នុង​ឃុំ​ចំនួន4មានដូចជា​ឃុំ​ស្វាយ​រលំ ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ និង​ឃុំ​កោះអន្លុងចិន​ចូលក្នុង​ភូមិសាស្ត្រ​ទឹកដី​ក្រុង​តាខ្មៅ​ដោយ​ទទួលបាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចរាល់​ហើយ រង់ចាំតែ​ការប្រកាស​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​នៅពេលឆាប់ៗខាងមុខនេះ​ប៉ុណ្ណោះ។ ប្លង់គោល​នេះ​បានរៀបចំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ក្រុង​តាខ្មៅ និង​ប្លង់គោល​ប្រើប្រាស់​ដី​ក្នុងស្រុក​កោះធំ-ជ្រៃ​ធំ​នៅ​ឆមាស​ទី1 ឆ្នាំ2018 គឺ​ត្រៀម​អនុម័ត​សម្រេច​លើ​ប្លង់គោល​ប្រើប្រាស់​ឆ្នាំ2030 របស់​គណៈកម្មាធិការ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ និងសំណង់ថ្នាក់ជាតិ។

លោក​អះអាងថា នៅពេល​មាន​គម្រោង​កាត់​ឃុំ​ខាងលើ​ចូលក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​រួច​បានធ្វើឱ្យ​ការទិញ​ដី​ពុះ​ឡូត៍​លក់​កាន់​តែមាន​សកម្មភាព​ម​មាញឹកឡើងៗ ហើយ​ការសាងសង់​សំណង់​ក្នុង​ក្រុង​តាខ្មៅ​ក៏មាន​ការកើនឡើង​ដែរ ពិសេស​សំណង់​លំនៅឋាន​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប​ស្ថិតក្នុង​ឃុំ​រកា​ខ្ពស់​បាន​ចាក់ដី​ខ្សាច់​បំពេញ​រួចរាល់ និង​បាន និង​កំពុង​ចាប់ផ្តើម​សាងសង់​ជាបណ្តើរៗហើយ។ ហើយ​លោក​បាន​បន្តថា តម្លៃ​ដី​នៅក្នុង​ឃុំ​ទាំង4នេះ​នឹង​កើនឡើង​ខ្លាំង​ថែមទៀត ខណៈ​វិស័យ​សំណង់​ក៏​កំពុង​ហូរ​ចូលទៅ​ចាក់គ្រឹះ​នៅ​ទីតាំង​នោះ​ជាបណ្តើរៗដែរ​នៅ​រយៈពេល​ចុងក្រោយ​នេះ។

លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​

មិនថាតែ​ភាគខាងត្បូង​ក្រុង​តាខ្មៅ​នោះទេ សូម្បី​នៅក្នុង​ភាគ​ខាងកើត​ដូចជា​ស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម​ក៏​តម្លៃ​ដី​មាន​សម្ទុះ​កើនឡើង​ដែរ ខណៈ​រដ្ឋាភិបាល​បាន និង​កំពុង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ1 ត្រង់ចំណុច​កំពង់ផែ​ដឹកទំនិញ​តាមផ្លូវ​ទឹក​នៅ​ស្រុក​កៀនស្វាយ ដែល​នេះ​ជា​ចលករ​ជំរុញ​ឱ្យ​ដី​នៅក្នុង​ស្រុក​កៀនស្វាយ​មាន​សម្ទុះ​កើនឡើង​ខ្លាំង​ដែរ ហើយ​សំណង់​លំនៅឋាន​តូចធំ និង​បុរីទំនើបៗក៏​កំពុង​បែ​មុខ​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ផងដែរ។ ជាមួយគ្នានេះដែរ នៅពេលដែល​រដ្ឋាភិបាល​រៀបចំ​គម្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ​ឆ្ពោះទៅ​តំបន់​ស្វាយជ្រុំ សាងសង់​ស្ពាន​ពី​កំពង់ចម្លង​មុខ​សណ្ឋាគារ​ណាហ្គា​ឆ្ពោះទៅ​កំពង់ដ​អរិយ​ក្សត្រ និង​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ1កំពង់ចម្លង​ក្តី​តា​កុយ​ឆ្ពោះទៅកាន់​ឃុំ​សារិកាកែវ ក្នុងស្រុក​ល្វាឯម បានធ្វើឱ្យ​ស្ពាន​ទាំង 3ខ្សែ​នេះ​ទៅ​ជួប​ប្រសព្វ​គ្នា​នៅក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល​តែមួយ ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មាន​សម្ទុះ​ឡើង​ខ្លាំង ហើយ​គម្រោង​សាងសង់​លំនៅឋាន​លក់​នៅ​តំបន់​អរិយ​ក្សត្រ តំបន់​ស្វាយជ្រុំ​របស់​ក្រុមហ៊ុន​សាងសង់​សំណង់​លំនៅឋាន​លក់បាន​ចូលទៅ​វិនិយោគ​ជា​បន្តបន្ទាប់​ដែរ​ និងថ្មីៗនេះ​មាន​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មួយទៀត​ទើបតែ​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅឋាន​លក់​នៅ​ទីនោះ​ដែរ។ ចំណែក​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ក៏បាន​រៀបចំ​ប្លង់គោល​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម​ផងដែរ ដើម្បី​ត្រៀម​ទុកជាមុន មុន​ពេលដែល​រដ្ឋាភិបាល​សាងសង់​ស្ពាន​អភិវឌ្ឍន៍​ទៅដល់​ទីនោះ។

ងាក​ទៅ​ទិស​ខាងលិច និង​ទិស​ខាងជើង​វិញ ដូចជា​តំបន់ភ្នំ​ប្រសិទ្ធិ៍​ជាដើម សកម្មភាព​ពុះ​ដីឡូត៍​លក់​ក៏​កំពុង​រីកដុះដាល និង​មាន​សកម្ម​ភាពខ្លាំងហើយ​ដី​នៅតាម​ផ្លូវជាតិ​លេខ3 ចាប់ពី​ចំណុច​ស្ពានកំពង់ទួល ឬ​ស្ពាន​ទំនប់7មករា ឆ្ពោះទៅ​ផ្សារ​ព្រៃទទឹង​ក្បែរផ្លូវ​រថភ្លើង ហួស​ទៅមុខ​ប្រមាណ​ជាង10គីឡូ-ម៉ែត្រ​ទៀត ក៏​សកម្មភាព​ពុះ​ដីឡូត៍​កំពុង​មមាញឹក​ដែរ ខណៈដែល​រដ្ឋាភិបាល​ប្រកាស​សាងសង់​ផ្លូវជាតិ​លេខ3 ឡើងវិញ ចាប់ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​សមុទ្រ​ក្នុង​ខេត្តកំពត។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​បានបង្ហាញ​ថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ មន្ទីរ​ទទួលបាន​សំណើសុំ​សាងសង់​លំនៅឋាន​សម្រាប់​លក់​កម្រិត​ថ្នាក់​ខេត្ត និង​ក្រសួង ចំនួន 55ច្បាប់ និង​បាន​បញ្ជូនទៅ​ក្រសួង​រួចរាល់​ហើយ​ដែលមាន​ផ្ទៃដី​សរុប​ចំនួន 879,981.05ម៉ែត្រក្រឡា និង​មាន​ទុនវិនិយោគ​សរុប​ចំនួន 241,361,000.ដុល្លារ។ ក្នុងនោះ​មន្ទីរ​ទទួលបាន​សំណើ​សាងសង់​កម្រិត​ថ្នាក់​ខេត្ត​ចំនួន 22ច្បាប់​ដែលមាន​ផ្ទៃដី​សរុប​ចំនួន 27,913.71ម៉ែត្រក្រឡា មាន​ទុនវិនិយោគ​សរុប​ចំនួន 7,143,358.80ដុល្លារ និង​សមត្ថកិច្ច​ក្រសួង​ចំនួន 33ច្បាប់​ដែលមាន​ផ្ទៃក្រឡា​សរុប 852,067.34ម៉ែត្រក្រឡា​ដែលមាន​ទុនវិនិយោគ 234,217,642.00ដុល្លារដែល​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017 មាន​ចំនួន48ច្បាប់ និង​មាន​ទំហំ​ដី​សរុប​ចំនួន 312,036.70ម៉ែត្រក្រឡា កើនឡើង​ប្រមាណ​ជា1.82ដង៕

Advertisement