ADBផ្តល់ប្រាក់កម្ចីចំនួន 90លានដុល្លារដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) Asian Development Bankបានអនុម័តប្រាក់កម្ចីចំនួន 90លានដុល្លារកាលពីថ្ងៃពុធ ដើម្បីជួយដល់ប្រទេសកម្ពុជា​ក្នុង​ការ​លើកកម្ពស់ ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​និង​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ​គម្រោង​ខ្សែ​ចង្វា​ក់​ផលិតកម្ម​កសិ-ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​អាកាសធាតុ ​ហើយក៏​ទទួល​បាន​ជំនួយ​ពី​កម្ចី​បន្ថែមចំនួន 10លាន​ដុល្លារ ​និង​ជំនួយ​ឥត​សំណង​ចំនួន ​30លាន​ដុល្លារ​ពី​មូលនិធិ​អាកាសធាតុ​បៃតង​(GCF) Green Climate Fund ដែលគម្រោង​ទាំងនេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ADB​។ វាក៏ជាគម្រោងទីមួយដែលត្រូវបានអនុវត្តបន្ទាប់ពីការអនុម័តយុទ្ធសាស្រ្តសម្រាប់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្មដែលមានសុវត្ថិភាព និងបរិស្ថានដែលងាយស្រួលក្នុងផែនការសកម្មភាពមហាអនុតំបន់ទន្លេមេគង្គ (GMS) Greater Mekong Subregion និងផែនការសៀមរាបឆ្នាំ2018 – 2022 ។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងមហាអនុតំបន់ទន្លេមេគង្គខណៈពេលដែលការគូសបញ្ជាក់ពីគុណតម្លៃបន្ថែមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីជាពិសេសនៅក្នុងការបញ្ចូលបច្ចេកវិទ្យាទំនើបនៅក្នុងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

លោក Srinivasan Ancha អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុរបស់ADB ប្រចាំនៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា «វិស័យកសិកម្មដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែវិស័យនេះពឹងផ្អែកយ៉ាងធំធេងលើការចិញ្ចឹមជីវិត។ ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូល​និធិសកលនឹងជួយដល់វិស័យកសិកម្មរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកការអនុវត្តទំនើបៗជាងមុន និងការទ្រទ្រង់ដល់អាកាសធាតុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

វិស័យកសិកម្មរបស់កម្ពុជាដែលផលិតផលិតកម្មកែច្នៃ ដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មកសិផល – មានប្រហែល33,7% នៃផលិតផលក្នុងស្រុកសរុប។ ទោះជាយ៉ាងណាក៏ដោយចង្វាក់តម្លៃកសិផលនៅក្នុងប្រទេសនៅតែមានភាពបែកបាក់ជាទូទៅ និងមិនមានការអភិវឌ្ឍដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ បរិយាកាសគោលនយោបាយទន់ខ្សោយសម្រាប់កសិ-ពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអាកាសធាតុមិនគ្រប់គ្រាន់ និងការសម្របសម្រួលជាពិសេសក្នុងការដោះស្រាយភាពងាយរងគ្រោះរបស់វិស័យនេះចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីខែមីនាធ្លាប់បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អា​ស៊ីពិចារណាពីកម្មវិធីថ្មីៗដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជាជាមួយនឹងគម្រោងតំបន់ និងគម្រោងបម្រែបម្រួលអាកាសធាតុ ទើបមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ីក៏បានរៀបចំគម្រោងថ្មីៗនេះឡើងដើម្បីបន្តជួយវិស័យកសិកម្មកម្ពុជាដោយអនុវត្តចាប់ពីឆ្នាំ2019 ដល់ឆ្នាំ2021។

លោក Jiangfeng ប្រធានបរិស្ថានធនធានធម្មជាតិ និងផ្នែកកសិកម្មសម្រាប់ADB នៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖ «ដោយសារតែប្រទេសកម្ពុជាកំពុងដើរទៅមុខក្នុងការប្រកួតប្រជែងក្នុងជំនួញកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងស្ថិតនៅដំណាក់កាលពិគ្រោះយោបល់ហើយចង់ដឹងពីកម្មវិធីកម្ពុជាដែលកម្មវិធីADB អាចជួយក្នុងគម្រោង2019-2021»

លោកថ្លែងថា ធនាគារកំពុងពិនិត្យមើលថា អ្វីទៅជាការគាំទ្រក្នុងការឆ្លើយតបទៅនឹងការប្រមូលផលនៅតាមតំបន់នីមួយៗនៅក្នុងប្រទេសកម្ពុជា ពីព្រោះADBបានរកឃើញថា វិស័យកសិកម្ម ការអភិ​វឌ្ឍជនបទ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាគឺជាអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច៕

Advertisement