លំនៅឋាន​គ្រប់​ប្រភេទ​នៅតែមាន​តម្រូវការ​រហូតដល់​ឆ្នាំ2030

ចំនួន​ប្រជាជន​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់15 ទៅ19លាន​នាក់​នៅត្រឹម​ឆ្នាំ2030ខាងមុខ ដោយឡែក​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ជិតខាង​នឹងមាន​ប្រជាជន​កើនឡើង​ក្នុង​ចំនួន​ប្រមាណ​ជា4 ទៅ7លាន​នាក់​ដែល​កត្តា​នេះ​នឹង​ជំរុញឱ្យមាន​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជា 800.000ខ្នង​ផ្ទះ​ទៀត​បន្ថែម​ពីលើ​លំនៅឋាន​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។

ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា កាលពី​ឆ្នាំ2017កន្លងទៅ វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន 3,418គម្រោង ហើយ​វិស័យ​សំណង់​បាន​កើនឡើង22% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែលមាន​ទឹកប្រាក់​វិនិយោគ​រហូតដល់ 6.5ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន82%ជា​គម្រោង​លំនៅឋាន។

លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា និន្នាការ​នៃ​តម្រូវការ​លំនៅឋាន​ពិតជា​កើនឡើង​ដូច​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​ដែល​បាន​រកឃើញ​ពិតប្រាកដ​មែន ពិសេស​លំនៅឋាន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទៅ​ប្រជុំជន​ក្នុង​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​ចំនួន​ប្រជាជនមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​បាន​បន្តថា មិនមែន​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​សូម្បី​នៅតាម​បណ្តា​ខេត្តឆ្ងាយៗដូច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុង​សៀមរាប ខេត្តសៀមរាប និង​ក្រុង​បាន​លុង ខេត្តរតនគិរី ជាដើម លំនៅឋាន​លក្ខណៈ​ជា​បុរី​ដែល​សាងសង់​នៅលើ​ផ្ទៃដីធំៗ និង​មាន​ចំនួន​ច្រើន​ល្វែង​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​ដែលមាន​ទាំង​លំនៅឋាន​មានតម្លៃ​ខ្ពស់ និង​សមរម្យ​សម្រាប់​ដាក់លក់​ជូន​អតិថិជន​ដែលមាន​ជីវភាព​ធូរធារ និង​មាន​ជីវភាព​មធ្យម​ទៅតាម​នោះដែរ។

លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) មានប្រសាសន៍ថា កម្ពុជា​បានទទួល​នូវ​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​សម្រាប់​ឆ្នាំ​កន្លងទៅ​ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ គឺជា​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ។ ស្របពេល​ជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​រីកចម្រើន​ខ្លាំង​ដោយសារ​វត្ត​មាននៃ​ការសាងសង់​សំណង់​សណ្ឋាគារថ្មីៗ អគារ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន​និង​អគារ​លំនៅឋាន​ដែល​កំពុង​រីកដុះដាល​ឡើង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​បាន​រីក​រាលដាល​ទៅកាន់​ទីក្រុង​នានា​នៅតាម​បណ្ដា​ខេត្ត​ក្នុងប្រទេស​កម្ពុជា។ បច្ចុប្បន្ននេះ​ប្រជាជន​ថ្នាក់កណ្តាល (ដែលមាន​កម្រិតជីវភាព​មធ្យម)កំពុងមាន​ការកើនឡើង ហើយ​របៀប​នៃ​ការរស់នៅ​របស់​ពួកគេ​កំពុងមាន​ការផ្លាស់ប្តូរ​ទាំង​ការងារ ជីវភាព និង​បរិស្ថាន​ផ្ទាល់ខ្លួន​ផងដែរ។

នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ផ្ទះ​ជាប់​ដី​ត្រូវបាន​បែង​ចែកជា 4ប្រភេទ ដូចជា​ផ្ទះល្វែង​ជួរមុខ (purpose-build shophouse) ផ្ទះល្វែង​ធម្មតា​នៅក្នុង​បុរី (residential link-house) ផ្ទះ​វីឡា​ភ្លោះ(semi-detached) និង​ផ្ទះ​វីឡា​ទោល(single-deta-ched)។ ចំណែក​ប្រភេទ​បន្ទប់​ខុន​ដូ​មាន 5ប្រភេទ ដូចជា​យូ​នី​ត​ខុន​ដូ​មាន​បន្ទប់​គេង1(one bed-room or studio) បន្ទប់​គេង2(two-bedroom) បន្ទប់​គេង3 (three-bedroom) បន្ទប់​គេង4(four-bedroom) និង​បន្ទប់​វីឡា​ខុន​ដូ (Penthouse)។

ជាមួយនឹង​កំណើន​ដែល​កើនឡើង​នៃ​សំណង់​លំនៅឋាន​នេះ​បានធ្វើឱ្យ​តម្រូវការ​នៃ​ការប្រើប្រាស់​គ្រឿងសង្ហារិម សម្ភារ​តុបតែង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​លំនៅឋាន​ក៏មាន​តម្រូវការ​កាន់តែខ្លាំងឡើង​ផងដែរ។ លោកស្រី ឃាន ណា​រី ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន INYHANOU ដែល​ផ្គត់ផ្គង់​ពូក​ដំណេក​នាំចូល​ពី​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា ដោយ​យល់ដឹង​ពី​សុខភាព​ដំណេក​ក៏ដូចជា​តម្រូវការ​នៃ​ប្រើប្រាស់​សម្ភារ​ក្នុង​លំនៅឋាន​ផងដែរ​នោះ ការលក់​ពូក​នៅក្នុង​ក្រុមហ៊ុន​ពិតជា​មានការ​កើនឡើង​ច្រើន ដោយសារ​អតិថិជន​មក​ជាវ​ពូក​ដំណេក​មាន​ចំនួន​ច្រើនឡើង​គួរឱ្យកត់សម្គាល់ពិសេស​អ្នកមាន​ចំណូល​មធ្យម និង​ខ្ពស់ ខណៈដែល​អគារ​លំនៅឋាន​ក៏មាន​ការកើនឡើង​ដែរ​ជា​រៀងរាល់ឆ្នាំ។

ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏ដូចជា​រដ្ឋាភិបាល​ដែរ​បានធ្វើការ​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​រង្វង់ 7%ថេរ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ ក្នុងនោះ​វិស័យ​សំណង់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងចំណោម​វិស័យ​ដែល​ជំរុញ​សេដ្ឋកិច្ចផ្សេងៗទៀត ដូចជា​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

Advertisement