បន្ទាប់ពីខេត្តព្រះសីហនុ បច្ចុប្បន្នតម្លៃដីនៅខេត្តកំពត ក៏កំពុងមានសម្ទុះកើនឡើងខ្លាំងដែរ ដោយសារតែខេត្តនេះក៏មានទីតាំងនៅជាប់សមុទ្រ មានសក្តានុពលក្នុងវិស័យទេសចរណ៍ និងមានសក្តានុពលក្នុងការធ្វើកំពង់ផែដឹកជញ្ជូនទំនិញតាមសមុទ្រដូចគ្នាដែរ។
លោក អៀង ហោ ប្រធានក្រុមហ៊ុនអចលនទ្រព្យ សុវណ្ណភូមិ គ្រុប មានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីនៅខេត្តនោះកំពុងមានសម្ទុះឡើងខ្លាំងមែនពិសេសនៅចំណុចតាមដងព្រែកកំពង់បាយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ និងដីនៅតាមសងខាងផ្លូវជាតិឆ្លងកាត់ពីខេត្តកំពតទៅខេត្តព្រះសីហនុតែម្តង។ លោកថា កាលពីឆ្នាំមុន ដីនៅតំបន់ទាំងនោះមានតម្លៃប្រមាណជា25 ទៅ30ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមកទល់បច្ចុប្បន្នដីនៅ តំបន់នោះបានស្ទុះឡើងយ៉ាងខ្លាំងក្នុងមួយម៉ែត្រការ៉េ មានតម្លៃដល់ទៅជាង 100ដុល្លារឯណោះ។
អ្វីដែលធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្ពស់ គឺដោយសារជនបរទេសបានចូលមករស់នៅទីនោះកាន់តែច្រើនឡើងៗ ដូចជាជនជាតិអឺរ៉ុបបានចូលមកជួលដីប្រជាពលរដ្ឋបើកធ្វើអាជីវកម្មផ្សេងៗពិសេសធ្វើជាភោជនីយដ្ឋានលក់ម្ហូបអាហារជូនភ្ញៀវទេសចរបរទេសដូចគ្នា។ មួយវិញទៀតវិនិយោគិនក៏កំពុងឈានជើងចូលទៅទីនោះ ដើម្បីទិញដីទ្រង់ទ្រាយធំទុកវិនិយោគថែមទៀតផង។
ចំណែកលោក ឃាង ពុទ្ឋិ ប្រធានក្រុមហ៊ុន Sleukrith Realty ក៏មានប្រសាសន៍ទទួលស្គាល់ដែរថាតម្លៃដីនៅខេត្តកំពតឥឡូវកំពុងមានសម្ទុះកើនឡើងបណ្តើរៗហើយ ស្របពេលដែលរដ្ឋាភិបាលប្រកាសសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ និងពង្រីកផ្លូវជាតិលេខ3 ពីភ្នំពេញទៅខេត្តកំពតកាលពីពេលថ្មីៗរួចមក។ លោកថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនេះសាងសង់រួច តម្លៃដីនៅទីនោះនឹងកាន់តែឡើងថ្លៃខ្ពស់ឡើងៗដូចគ្នានឹងខេត្តព្រះសីហនុដែរ ហើយដោយសារតែតម្លៃដីនៅខេត្តនោះឡើងថ្លៃខ្ពស់រួចទៅហើយ ដូច្នេះអ្នកវិនិយោគនឹងងាកមករកតំបន់ណាដែលមានទីតាំងភូមិសាស្ត្រប្រហាក់ប្រហែលគ្នា ពិសេសគឺខេត្តកំពតតែម្ដង ព្រោះមានទីតាំងជាប់មាត់សមុទ្រដូចនឹងខេត្តព្រះសីហនុដែរ។
យ៉ាងណាក៏ដោយ លោកបានបន្ថែមថា បើសិនជាអាជ្ញាធរខេត្តខិតខំពង្រឹងវិស័យទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង ភ្ញៀ់វទេសចរនឹងងាកមកកម្សាន្តក្នុងខេត្តនេះច្រើនឡើងៗ ខណៈដែលទេសចរខេត្តព្រះសីហនុមានកាន់តែច្រើនឡើង ដែលពេលខ្លះអាចនឹងបង្កជាភាពរញ៉េរញ៉ៃ និងម្យ៉ាងទៀតតម្លៃស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងម្ហូបអាហារក៏មានតម្លៃខ្ពស់ខ្លាំងដែរ “បើសិនជាទេសចរមកលេងទីនេះ(កំពត)កាន់តែច្រើន ជាធម្មតាវានឹងធ្វើឱ្យតម្លៃដីនៅទីនេះកាន់តែឡើងថ្លៃខ្លាំងឡើង ប៉ុន្តែយ៉ាងណាក៏ឡើងមិនដល់ខេត្តព្រះសីហនុដែរ។
លោកក៏បានអំពាវនាវទៅដល់ឈ្មួញក៏ដូចជាប្រជាពលរដ្ឋដែរថា ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញដីគួរមើលពីទីតាំងភូមិសាស្ត្រ ពិនិត្យមើលឯកសារឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមផ្លូវច្បាប់ ចៀសវាងហានិភ័យកើតឡើងក្រោយពេលទិញរួច។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទ្រីភាពគ្រុប ក៏បានសហការជាមួយក្រុមហ៊ុនចិន គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយទៀតនៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមនាវាសមុទ្រទឹកជ្រៅដែលអាចផ្ទុកទំនិញបានច្រើនពាន់តោនផងដែរ។
អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប លោកឧកញ៉ា ទ្រី ភាព បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការស្តីពីកំពង់ផែខេត្តកំពត រវាងក្រុមហ៊ុនកំពង់ផែអន្តរជាតិនៃខេត្តគ័ងស៊ី ប្រទេសចិនថា ការបង្កើតកំពង់ផែនៅក្នុងខេត្តកំពត គឺមានគោលបំណងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែទូលាយឡើងក្នុងការធ្វើពាណិជ្ជកម្មរួមគ្នារវាងប្រទេសកម្ពុជា- ចិន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន ជាពិសេសការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចសង្គមផងដែរ ដែលធ្វើឱ្យខេត្តនោះមានសក្តានុពលសេដ្ឋកិច្ច និងធ្វើឱ្យតម្លៃដីនៅទីនោះកាន់តែឡើងខ្ពស់ដែរ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានប្រកាសដែរថា គម្រោងពង្រីកផ្លូវជាតិលេខ3 ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្ពោះទៅទីរួមខេត្តកំពតនឹងចាប់ផ្តើមសាងសង់នៅដើមខែឧសភាខាងមុខនេះ ក្រោមកម្ចីសម្បទាន 215លានដុល្លារពីប្រទេសចិនដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូល។
គម្រោងនេះត្រូវបានបែងចែកជាពីរកំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និងកំណាត់ផ្លូវបែកគូស-កំពត ដែលផ្លូវចោមចៅ-បែកគូសនឹងសាងសង់ជាផ្លូវបួនគន្លង (2ទៅ 2មក) ដោយមានទទឹងសរុប 24.5 ម៉ែត្រ។ ចំណែកឯកំណាត់ផ្លូវពីបែកគូស-កំពតនឹងពង្រីកជាផ្លូវទទឹង 12 ម៉ែត្រ ប៉ុន្តែមានពីរគន្លង ដែលករណីនេះគេរំពឹងថា នៅពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែទឹកជ្រៅសាងសង់រួចរាល់ជាស្ថាពរ តម្លៃដីនៅខេត្តកំពតនឹងឡើងថ្លៃខ្ពស់ជាមិនខាន៕