ចិន​កំពុងដណ្តើម​ទីផ្សារ​ខ្នាតតូច​របស់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមអាជីវករ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​អំពី​ក្តីបារម្ភ​របស់​ពួកគាត់ ខណៈដែល​ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​កាន់តែច្រើនឡើងៗ បង្កឱ្យមាន​ភាព​រញ៉េរញ៉ៃ និង​កំពុងដណ្តើម​ទីផ្សារ និង​អាជីវកម្ម​ខ្នាតតូច​របស់​ពួកគាត់​ទៀតផង។

លោក ស្រ៊ន វ៉ាន់ឌី អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​បាន​រៀបរាប់ថា បច្ចុប្បន្ន​ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​កាន់តែច្រើនឡើងៗ ហើយ​ពេល​ពួកគេ​ចេញ​ដើរទៅ​ណា​មក​ណា​ចូលចិត្តនិយាយ​គ្នាឮៗ ជក់បារី​បង្ហុយ​ដាក់​គេឯង ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​បាន​ដណ្តើម​ទីផ្សារ​ខ្នាតតូច​ដែលជា​អាជីវកម្ម​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យើង​ទៀតផង។

លោក​ថា គ្រប់​មុខរបរ​លក់ដូ​រ​រួមមាន​ហាង​លក់​ម្ហូបអាហារ ហាង​ប្តូរប្រាក់ និង​ហាង​កាត់សក់​ហាង​កម្សាន្តផ្សេងៗ គឺ​ពួកគេ​បើក​ព្រោងព្រាត​ដើម្បី​ចាំ​ទទួល​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ ធ្វើឱ្យ​អាជីវករ​ខ្មែរ​បាត់បង់​ប្រាក់ចំណូល​មួយផ្នែកធំ។ លោក​បញ្ជាក់​ដូច្នេះ​ថា “បច្ចុប្បន្ននេះ​ដើរទៅ​ណា​ក៏​ឃើញ​ចិន​ដែរ មិនមែន​តែ​នៅតាម​កន្លែង​កម្សាន្ត​មាត់សមុទ្រ​នោះទេសូម្បីតែ​ក្នុង​ផ្សារ​លក់​ត្រី លក់​សាច់ជ្រូក លក់​គ្រឿងទេសផ្សេងៗក៏មាន​ចិន​ចូលទៅ​លក់​នៅ​ទីនោះ​ដែរ​គឺ​ទិញ​ពី​ផ្សារ​យកទៅលក់​បន្ត ពិសេស​លក់​ឱ្យ​ជនជាតិ​ចិន​គ្នា​គេ​ហ្នឹង។

ក្រៅពី​ការដណ្តើម​ទីផ្សារ​ខ្នាតតូច​ហើយ ក្រុម​វិនិយោគិន​ចិន​ក៏បាន​ចូលមក​ជួល និង​ទិញ​អចលនទ្រព្យផ្សេងៗជាច្រើន ដូចជា​ដីធ្លី អគារ​ខុន​ដូ ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ដើម្បី​ទុក​បម្រើ​សេវាកម្ម​ដល់​ជនបរទេស ពិសេស​ជនជាតិ​ចិន​គ្នា​គេ​តែម្តង ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង។

ជាមួយគ្នានេះ លោកស្រី កែវ សុភា អ្នករស់នៅ​ក្នុង​ក្រុង​កំពង់សោម​បាន​និយាយថា បច្ចុប្បន្ន​ចិន​ពិតជា​កំពុងដណ្តើម​ទីផ្សារ​របស់​អាជីវករ​ក្រុង​កំពង់សោម​មែន ដោយ​ពួកគេ​បាន​ជួល​តូប​លក់ដូរ​នៅក្នុង​ផ្សារ​តែម្តង លើសពីនេះ​ពួកគេ​បាន​ដើរ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​បើកហាង​លក់ដូរ​ទំនិញផ្សេងៗ បើកហាង​ផឹកស៊ី​តាំងពី​ព្រលប់​រហូតទល់​ភ្លឺ​ក៏មានដែរ។

ចំណែក​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការ​ចូលមក​វិនិយោគ​កាន់តែច្រើន​របស់​ចិន​គឺជា​រឿង​ល្អ ព្រោះ​វា​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា ប៉ុន្តែ​ការពឹង​ផ្អែកលើ​ចិន​តែមួយ​មិនមែនជា​រឿង​ល្អ​នោះទេ ព្រោះ​បើ​ចិន​មាន​បញ្ហា​កម្ពុជា​ក៏​នឹងមាន​បញ្ហា​ដែរ។ លោក​បន្តថា នៅ​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​មួយចំនួន​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ហេតុនេះ​យើង​គួរ​ស្រឡាញ់​ចិន​ក្នុង​កម្រិត​មួយ​ដែល​ប្រជាជន​យើង​ទាំងអស់​ទទួលយកបាន។

ទោះយ៉ាងណា ដើម្បី​ទប់ស្កាត់​ការដណ្តើម​ទីផ្សារ​ខ្នាតតូច​នេះ ក្រសួងពាណិជ្ជកម្ម​បាន​កោះហៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងការបរទេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ប្រជុំ​ដោះស្រាយ​ជាបន្ទាន់។

ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា កម្ពុជា​គឺជា​ទិសដៅ​វិនិយោគ​មួយ​ដ៏​សំខាន់​នៅក្នុង​តំបន់​ដែល​ទទួលបាន​កំណើន​គួរឱ្យកត់សម្គាល់ ទន្ទឹមនឹងនេះ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ក៏មាន​កំណើន​ឡើង​យ៉ាងគំហុក​ដែរ​ក្នុងអំឡុង​ឆ្នាំ2017 ដែល​ភាគច្រើន​លើ​វិស័យ​សណ្ឋាគារ និង​កាស៊ីណូ។

ដោយឡែក​ជនបរទេស​ដែល​កំពុងស្នាក់នៅ និង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន 15សញ្ជាតិ ដូចជា​អាល្លឺម៉ង់ អុ​ី​តា​លី ហ្វីលីពីន តួ​ក​គី​អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី អុ​ី​ស្រា​អែល ជប៉ុន បារាំង ចិន រុស្សី អាមេរិក អង់គ្លេស និង​កូរ៉េ។ ក្នុងចំណោម​បណ្តាជន​ជាតិ​ទាំងនេះ ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ និង​មួយចំនួនទៀត​កំពុងតែ​ប្រកប​អាជីវកម្ម​ខ្នាតតូច ដូចជា កាត់សក់ លក់​គ្រឿងទេស លក់​គ្រឿងសំណង់ លក់​ម្ហូបអាហារ បន្លែ និង​ផ្លែឈើ​បើក​ប្តូរប្រាក់ និង​អាហារ​ដ្ឋា​ន​ដែល​បាន​បង្ក​ជា​ក្តីកង្វល់​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ប្រកបមុខរបរ​ខាងលើ​ដូចគ្នា​ដែរនោះ។

ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា ការយល់ដឹង​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ ច្បាប់​អន្តោប្រវេសន៍​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅមានកម្រិត កង្វះខាត​បទ​ប្ប​ញ្ញ​តិ្ត​ជាតិ​សម្រាប់​គ្រប់គ្រងជនបរទេស​ក្នុង​ការធ្វើ​អាជីវកម្ម​ខ្នាតតូច និង​ការកំណត់​មុខរបរ​នៅ​កម្ពុជា​និង​ភាព​នៅមានកម្រិត​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អន្តរក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិគឺជា​កត្តា​ចម្បង​ដែល​ធ្វើឱ្យ​បញ្ហា​ដែល​បានលើកឡើង​ខាងលើនេះ​នៅ​មិនទាន់មាន​ដំណោះស្រាយ​បាន​ពេញលេញ​នៅឡើយ។

យ៉ាងណាក៏ដោយ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សន្យា​បង្កើន​ការផ្សព្វផ្សាយ និង​អនុវត្ត​លិខិតបទដ្ឋាន​ច្បាប់​ដោយ​យកចិត្តទុកដាក់ និង​តាមដាន​ស្ថានការណ៍​ជាប្រចាំ បង្កើតឱ្យមាន​មន្ត្រី​បង្គោល​សម្រាប់​សម្របសម្រួល និង​ទំនាក់ទំនង​អន្តរក្រសួង​ស្ថាប័ន បង្កើន​ការចែករំលែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​ដល់​មន្ត្រី​មូលដ្ឋាន ព្រមទាំង​ពិនិត្យ​លទ្ធភាព​កំណត់ ឬ​បង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​ច្បាប់​អន្តោប្រវេសន៍​លើ​ការកំណត់​មុខរបរ​តូចតាច ស្តង់ដារ​សម្រាប់​ការ​ស្នាក់នៅ ការគ្រប់គ្រង​ចលនា​ចេញចូល​នៃ​ជនបរទេស​ជាដើម៕

Advertisement