ទីផ្សារ​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ម្រេច​ខេត្តកំពត

ខណៈ​ម្រេច​កំពត​បានបញ្ចប់​ការប្រមូល​ផល​ដោយ​ទទួលបាន​ទិន្នផល​ល្អប្រសើរ​នោះ បានធ្វើឱ្យ​ប្រជាកសិករ​មាន​ភាព​រីក​រាយ​ជាខ្លាំង ប៉ុន្តែ​ទន្ទឹមនឹងនោះ​ការលក់​ចេញទៅ​កាន់​ទីផ្សារ​ហាក់​មាន​សភាព​យឺតយ៉ាវ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការលើក​សំណូមពរ​មួយចំនួន​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​ស្វែងរក​ទីផ្សារ​បន្ថែមទៀត។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​លើកឡើងថា ការប្រមូល​ផល​ម្រេច​នៅក្នុង​ឆ្នាំនេះ​បានបញ្ចប់​តាំងពី​ខែមិថុនា​មក​ម៉េះ្ល ដោយ​ទិន្នផល​សរុប​ប្រមូលបាន​ក្នុង​រង្វង់80តោន។ លោក​បាន​បន្ថែមថា ពាក់ព័ន្ធ​និង​បញ្ហា​តម្លៃ​សម្រាប់​ម្រេច​ទាំងពីរ​ប្រភេទ (ម្រេចស និង​ម្រេចខ្មៅ) គឺ​នៅតែ​អាច​រក្សា​ស្ថិរភាព​បានល្អ​ដដែល តែ​អ្វីដែល​គួរឱ្យ​យក​ចិ​ត្ដ​ទុកដាក់​បន្ថែម​នោះ​គឺ​ទីផ្សារ​នៃ​ការបញ្ជាទិញ ព្រោះ​លោក​សង្កេតឃើញថា​ការបញ្ជាទិញ​ក្នុងឆ្នាំនេះ​ហាក់​មាន​សកម្ម​ភាពយឺត​យ៉ាវ​ជាង​ឆ្នាំកន្លងមក។ មូល​ហេតុដែល​ធ្វើឱ្យ​ចរន្ដ​នៃ​ការបញ្ជាទិញ​យឺតយ៉ាវ​ទំនងជា​មកពី​ទីផ្សារ​ម្រេច​កំពត​នៅមាន​លក្ខណៈ​មិនទាន់​ធំ​ទូលាយ​នៅឡើយ។

ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​បន្ថែមថា​បើទោះបីជា​ទីផ្សារ​នៃ​ការលក់​ចេញទៅ​ក្រៅប្រទេស​មិនទាន់​ធំ​ទូលំទូលាយ តែ​បច្ចុប្បន្ន​ការដាំដុះ​ម្រេច​កំពត​បាន​បន្ត​កើន​ឡើងជា​បន្ដបន្ទាប់ ក្នុងនោះ​មាន​ទាំង​ការដាំ​របស់​ប្រជាកសិករ​ក្នុងស្រុក និង​មាន​ក្រុមហ៊ុន​មកពី​បរទេស​មួយចំនួន​បានមក​ធ្វើការ​វិនិយោគ​លើ​ការដាំដុះ​ម្រេច​ក្នុង​ខេត្តកំពត​ផងដែរ។

ទោះយ៉ាងណា លោក ងួន ឡាយ បញ្ជាក់ថា៖“ជា​បំណង​របស់ខ្ញុំ គឺ​ចង់ឱ្យ​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ជួយ​ស្វែងរក​ទីផ្សារ​លក់​ម្រេច​កំពត​ឱ្យបាន​ធំ​ទូលាយ​ជាជាង​មក​ពង្រីក​ការដាំដុះ​ម្រេច​ដោយផ្ទាល់។ មាន​ក្រុមហ៊ុន​មួយចំនួន​ពុំបាន​ឆ្លងកាត់​សមាគម​យើង​ទេ គឺ​គាត់​ចេះតែ​ដាំ​បន្ថែម ផ្ទុយទៅវិញ​បើ​មាន​ក្រុមហ៊ុន​ណា​ឆ្លងកាត់​សាកសួរ​យោបល់​ពី​សមាគម​យើង គឺ​យើង​នឹង​ណែនាំ​មិនឱ្យ​ដាំ​ទេ ហើយ​កិច្ចការ​ទាំងនេះ​ក៏​យើង​បានធ្វើ​កន្លងមកខ្លះៗហើយ​ដែរ។

លោក​បាន​បន្ដថា មិន​ថា​ម្រេច​កំពត​នោះទេ អ្វី​ក៏ដោយ​ឱ្យតែ​លើសពី​តម្រូវការ​ទីផ្សារ​វា​នឹងមាន​តម្លៃ​ទាប​ដូចជា​ដំណាំ​ម្រេច​កំពត​ជាដើម។ ដូច្នេះ​ជម្រើស​ល្អ​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែលមាន​បំណង​ចង់​រកស៊ី​លើ​កសិផល​ប្រភេទ​នេះ​គួ​តែ​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ចេញទៅ​វិញ​ជា​រឿង​ប្រសើរ។ ចំពោះ​ការដាំដុះ​ម្រេច​អាច​ទុកឱ្យ​ប្រជាកសិករ​ជា​ម្ចាស់​ស្រុក​អ្នក​ធ្វើជា​រឿង​ល្អ​បំផុត ព្រោះ​ពួកគាត់​យល់ច្បាស់​ពី​ស្ថានភាព​ភូមិសាស្ដ្រ អាកាសធាតុ របៀប​ធ្វើ​ជុំវិញ​ការដាំដុះ​ដំណាំ​ម្រេច​នេះ។

ប្រធាន​សមាគម​ម្រេច​កំពត​បាន​បញ្ជាក់ថា៖ “មូលហេតុ​ខ្ញុំ​ចង់ឱ្យ​ក្រុមហ៊ុនធំៗជួយ​រក​ទីផ្សារ​បន្ថែម​ព្រោះ​កិច្ចការ​នេះ​ហួស​ពី​សមត្ថភាព​ប្រជាកសិករ​ដែល​អាច​ធ្វើទៅ​បាន។ ម្យ៉ាងទៀត​កន្លងមក​ខ្ញុំ​សង្កេតឃើញថា ក្រុមហ៊ុន​ដែល​មក​ផលិត​មិនសូវ​ទទួលបាន​ជោគជ័យ​ទេ ដូច្នេះ​គាត់​មាន​ជំនាញ​ខាង​ពាណិជ្ជកម្ម​គួរតែ​ធ្វើ​ការងារ​ទីផ្សារ​ទៅ រីឯ​ការងារ​ផលិត និង​ដាំ​ដុះ​ទុកឱ្យ​កសិករ​ជា​អ្នកធ្វើ​ទើប​ប្រសើរ”៕

Advertisement