តើភាពជោគជ័យ និងការមានបានរបស់មនុស្សកើតមកពីឫសគល់អ្វី?

ភ្នំពេញ៖ មនុស្សកើតមកតែងមានវាសនាផ្សេងគ្នា ខ្លះកើតមកជាកូនអ្នកក្រមានតែបាតដៃទទេ ខ្លះកើតមកជាកូនអ្នកមាន មានទ្រព្យចាយមិនអស់ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ឋតែមានអនាគតល្អដូចៗគ្នា ប្រសិនបើចេះចាប់យកឱកាសហុចឱ្យ និងព្យាយាមធ្វើការប្រកបដោយភាពអំណត់អត់ធ្មត់ខ្ពស់។ ​

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA) ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់ ឌី​ហ្សាញ ការសិក្សា​ពី​គម្រោង​នៃ​ការវិនិយោគ សាងសង់ ផ្តល់​ការប្រឹក្សា​ និង​ដៃគូ​វិនិយោគ ព្រមទាំង​ផ្តល់​សេវាកម្ម​ទិញ​-លក់-​ជួល​អចលនវត្ថុ​ផងដែរនោះ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនថា រាល់ទ្រឹស្តីទាំងអស់គឺមិនខុសគ្នាទេ តែសំខាន់គឺយើងបានអនុវត្តនូវអ្វីដែលយើងចង់ធ្វើ ដែលខាងក្រោមនេះជាចំណុចមួយចំនួន ដែលជាដើមចមធ្វើឱ្យមនុស្សក្លាយជាអ្នកមានបាន៖

1.គេថា មនុស្សកើតមករៀនមិនចេះចប់ រៀនហើយរៀនទៀត ការសិក្សាមិនមែនរៀនតែនៅក្នុងសាលានោះទេ គឺរៀនបានគ្រប់ទីកន្លែង រៀនពីមិត្តភ័ក្តិ រៀនពីមនុស្សនៅជុំវិញខ្លួន ឬក៏ឧស្សាហ៍អានសៀវភៅ ពិសេសអានពីប្រវត្តិជីវិតមនុស្សជោគជ័យ ហើយមកអនុវត្តដោយខ្លួនឯង។

2.សន្សំគ្រប់បែបយ៉ាង មិនមែនសន្សំប្រាក់តែមួយមុខនោះទេ ត្រូវតែសន្សំញាតិ សន្សំពេលវេលា ចេះសន្សំចំណេះដឹងទុកពីមួយថ្ងៃទៅមួយថ្ងៃនឹងក្លាយជាមនុស្សដែលកាន់តែពូកែឡើងៗ។

3.ហ៊ានវិនិយោគ នៅពេលដែលយើងសន្សំបានប្រាក់ សន្សំចំណេះដឹងបានគ្រប់គ្រាន់ហើយ នៅពេលឱកាសហុចឱ្យគឺយើងត្រូវហ៊ានវិនិយោគទើបយើងអាចក្លាយខ្លួនជាអ្នកមានបាន។

4.ការសេពគប់មិត្តភ័ក្តិគឺជារឿងសំខាន់ ដូចពាក្យចាស់លោកថា សេពពាលនឹងក្លាយជាពាលសេពបណ្ឌិតនឹងក្លាយជាបណ្ឌិត ដូច្នេះយើងត្រូវសេពគប់មិត្តភ័ក្តិល្អចេះជួយគ្នាទៅវិញទៅមកទើបជាការប្រសើរ។  

ក្រៅពីនេះ ដើម្បីឱ្យជោគជ័យក្នុងជីវិត មនុស្សត្រូវមានវិន័យលើខ្លួនឯង ចេះកំណត់គោលដៅក្នុងជីវិត មានឆន្ទៈមោះមុត មានការព្យាយាមខ្ពស់ តែបើធ្វើកិច្ចការអ្វីមួយកុំរំពឹងបានជោគជ័យខ្ពស់ពេក ក្រែងមិនបានសម្រេចដូចបំណងប្រាថ្នានាំខកចិត្តធំដូចគ្នា ព្រោះថា រាល់មុខរបរទាំងអស់សុទ្ធតែមានហានិភ័យ ហើយយើងត្រូវចេះកែតម្រូវឱ្យហានិភ័យមានកម្រិតទាបបំផុត និងមិនត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនោះទេ កុំកាត់ម្រាមដៃយើងដើម្បីតម្រឹមដៃគេ ហើយត្រូវរីករាយជាមួយអ្វីៗដែលខ្លួនមាន និងត្រូវបន្តគូសវាសផែនការខ្លី មធ្យម និងផែនការវែងសំរាប់អនាគត ព្រោះសកម្មភាពយើងថ្ងៃនេះនឹងបញ្ជាក់គ្រប់យ៉ាងពីជោគវាសនានាពេលអនាគត៕

 

Advertisement