ស្ពាន​កោះកុង​ត្រូវបាន​ប្រគល់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ

ភ្នំពេញ៖ ពិធី​ប្រគល់-ទទួល​ស្ពាន​កោះកុង (ឬ​ហៅថា​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) ដើម្បី​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​ឥតគិតថ្លៃ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017នេះ​តទៅ។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចួ​ន។

ឯកឧត្តម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកោះកុង ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​រស់នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ដែរនោះ បាន​សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ទិញ​ស្ពាន​មួយ​នេះ​ពី​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​មក​ដាក់​ជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ទូទៅ ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ដោយ​មិន​យកលុយ។

សម្រាប់​តម្លៃ​ដែល​អ្នកធ្វើដំណើរ​ឆ្លងកាត់​ត្រូវ​បង់​កាលពីពេល​កន្លងមក ក្នុងនោះ​ឡានតូច​លក្ខណៈ​គ្រួសារ​ត្រូវបាន​បង់ប្រាក់​ចំនួន48បាត ឬ​ស្មើនឹង5000រៀល ឡានធំ​ត្រូវ​បង់ប្រាក់​ថ្លៃ​ឆ្លងកាត់​ចំនួន9000រៀល និង​ម៉ូតូ​ត្រូវ​បង់ប្រាក់1400រៀល ប៉ុន្តែ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​មក​ដោយ​មិនបាច់​បង់ប្រាក់​មក ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​សប្បាយរីករាយ ដោយបាន​នាំគ្នា​ជិះ​រថយន្ត ម៉ូតូ ទៅ-មក​កម្សាន្ត​នៅ​តំបន់​នោះ​ដូចជា​តំបន់​ទេសចរណ៍​មាត់ទន្លេ​នៅ​រាជធានី​ភ្នំពេញ​យើង​ដែរ។

ស្ពាន​កោះកុង​ត្រូវបាន​គេ​មើលឃើញថា ជា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ផ្លូវ​ដែនសមុទ្រ​ភាគខាងត្បូង​របស់​កម្ពុ​ជា​ដែលមាន​សក្តានុពល​ខាង​ការដឹកជញ្ជូន​ផ្លូវ​ជិត​ជាងគេ​ពី​ប្រទេស​ថៃ​ឆ្លងកាត់​កម្ពុជា​ចេញចូល​ទៅ​ប្រទេស​វៀតណាម។ ឯកឧត្តម វ៉ា ស៊ឹម សូរិយា បាន​មានប្រសាសន៍​បន្ថែមថា «នេះ​គឺជា​គោលនយោបាយ​ត​ភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់​នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន» ។

គួរ​បញ្ជាក់ថា ស្ពាន​កោះកុង (ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) មាន​ប្រវែង​ប្រមាណ​ជា2,000ម៉ែត្រ ដែលជា​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​កាលពី​ឆ្នាំ2002៕

Advertisement