កម្ពុជា​ទទួលបាន​អ្វីខ្លះ​ពី​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ

ភ្នំពេញ –  ខណៈ​កម្ពុជា​បាននិងកំពុង​គាំទ្រ​យុទ្ធសាស្ដ្រ​នៃ​ប្រទេស​ចិន​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏មាន​ការលើក​ជា​ចម្ងល់​ឡើង​ដែរ​ថា តើ​គោលនយោបាយ​នេះ​បានផ្ដល់​សារៈសំខាន់​អ្វីខ្លះ​ដល់​កម្ពុជា?

ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ2017ដែល​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់-អូស្ត្រាលី សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​ផ្ដួចផ្ដើម​ផ្លូវ និង គំនិត​ផ្ដួចផ្ដើម​នៃ​ការបង្កើត​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​នេះ ព្រោះ​វា​មិន​ត្រឹមតែ​នាំមក​នូវ​ឧត្ដមប្រយោជន៍​ជូន​ប្រទេស​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ តែ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការជំរុញ​ការតភ្ជាប់ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ។តាមរយៈ​គំនិត​ផ្ដួចផ្ដើម​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចពង្រឹង​សហប្រតិបត្តិការ និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម នៅ​ថ្ងៃទី15 ខែតុលា ឆ្នាំ2015 នៅ​ទីក្រុង​ប៉េកាំង។

ពាណិជ្ជកម្ម​មួយចំនួន​ដែល​កម្ពុជា​ទទួលបាន​តា​មរយៈ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ និង​ខ្សែក្រវាត់​នេះ មាន​ដូចខាងក្រោម៖

1) ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន China Huanneng Group របស់​ចិន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​400MW នៅ​ទន្លេសេសាន​ក្រោម ដែល​នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា ដោយមាន​ទុនវិនិយោគ​ប្រមាណ 900 លាន​ដុល្លារ​អាមេរិក។

2) ការវិនិយោគ​ប្រមាណ 1,4 ប៊ី​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​246MW នៅ​ស្ទឹង​តា​តៃ ដែល​នឹងមាន​សមត្ថភាព​ចែកចាយ​អគ្គិសនី​ចំនួន30 ភាគរយ​នៃ​អគ្គិសនី​ត្រូវការ​សរុប។

3) វិនិយោគ​លើ​គម្រោង​ផ្លូវ​ចំនួន16 ខ្សែ​ក្រោម​តម្លៃ​សរុប1,6 ប៊ី​លាន​ដុល្លារ​អាមេរិក។

4) វិនិយោគ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ទីក្រុង​សៀមរាប ដែលមាន​តម្លៃ880 លាន​ដុល្លារ​អាមេរិក។

5) ចិន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ 300,000 តោន​ក្នុង​ឆ្នាំ2018

យុទ្ធសាស្ដ្រ​ខ្សែក្រវាត់ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ (Road and Belt Initiative or One Belt One Road) ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ២០១៣ ដែលមាន​គោលបំណង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម ដើម្បី​ត​ភ្ជាប់​ទ្វីបអាស៊ី ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក តាមផ្លូវ​ពាណិជ្ជកម្ម​សូត្រ​ពី​ជំនាន់​មុន៕

Advertisement