បន្ដិចទៀត កម្ពុជា​អាច​គ្រប់គ្រង​គម្រប​ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ផ្កាយរណប​បាន​ហើយ

ភ្នំពេញ – ដើម្បី​ចូលរួម​ថែរក្សា​ជីវចម្រុះ និង​គម្រប​ព្រៃឈើ​ឱ្យមាន​និរន្ដរភាព  និង​ការពារ​បាន​នូវ​ការបាត់បង់​បន្ដទៅទៀត រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ចេញ​ថវិកា​ដើម្បី​ទិញ​ទិន្នន័យ​ដែល​សហរដ្ឋអាមេរិក​ថ​តទៅ​លើ​គម្រប​ព្រៃឈើ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ជាមួយ​ប្រព័ន្ធ​ផ្កាយរណប​បាន។

ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​ជួយ​ក្នុង​កម្មវិធី​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ការការពារ​អភិរក្ស​គម្រប​ព្រៃឈើ ក៏ដូចជា​ការបង្កើន​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឱ្យមាន​ការកកើត​ឡើងវិញ​ជា​បន្ដបន្ទាប់​ដែរ។

ការត្រួតពិនិត្យ​គម្រប​ព្រៃឈើ​តាមរយៈ​ផ្កាយរណប​នឹង​ជួយ​ឱ្យ​កម្ពុជា​មានលទ្ធភាព​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់ និង​មាន​លទ្ធផល​ល្អ ព្រមទាំង​ឈានទៅដល់​ការកាត់បន្ថយ​ការបាត់បង់​រេច​រិល និង​អាច​គ្រប់គ្រង​គម្រប​ព្រៃឈើ​បាន​ដោយ​និរន្ដរភាព​ទៅ​ថ្ងៃ​អនាគត។ ក្នុងនោះ​រដ្ឋាភិបាល​ជប៉ុន និង​ជួយ​ចេញ​ការចំណាយ​ក្នុង​ការទិញ​ទិន្នន័យ​ដែល​ថត​បាន​ដោយ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ត្រួតពិនិត្យ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា។

រហូតមកដល់​ពេលនេះ​អង្គការ​Jica និង​អង្គការ​មួយចំនួនទៀត​បានរួម​គ្នា​កសាង​សមត្ថភាព​បច្ចេកទេស​ផ្ដល់​ឧបករណ៍​វាស់វែង រាយការណ៍ ផ្ទៀងផ្ទាត់​ព្រៃឈើ និង​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ព្រៃឈើ និង​ផែនទី​គម្រប​ព្រៃឈើ​មួយ​ដែលមាន​លក្ខណៈ​ស្ដង់ដារ​អាច​ដឹង​ពី​ទិន្នន័យ​នៃ​ការប្រែប្រួល និង​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​គម្រប​ព្រៃឈើ​មានការ​ប្រែប្រួល​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា។

ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​ដែល​ជប៉ុន​បាន​ជំនួយ​ដល់​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​កសាង​សមត្ថភាព​សម្រាប់​កម្មវិធី​រេ​ដ​បូក ជាពិសេស​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឈានដល់​ការបង្ហាញ​ផែនទី​គម្រប​ដី/ការប្រើប្រាស់​ដី​ចុងក្រោយ​របស់ខ្លួន។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សម្ដែង​ការអបអរសាទរ​ផងដែរ ដល់​ក្រុមបច្ចេកទេស JICA ដែល​នឹង​ជួយ​បញ្ចប់​ការបង្កើត​ក្របខ័ណ្ឌ​រេ​ដ​បូក ហើយ​ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុ​ជាប​ន្ថែ​ម​ទៀត​ក្នុងការ​អនុវត្ត​កម្មវិធី​រេ​ដ​បូ​កនៅ​ទីវាល និង​ជួយ​ការពារ​ប្រព័ន្ធ​ជីវចម្រុះ​ព្រៃឈើ​ដ៏​មានតម្លៃ​របស់​កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត​បាន​កៀរគរ​ការគាំទ្រ​បន្តទៀត​ដល់​ការអនុវត្ត​កម្មវិធី​រេ​ដ​បូក​សម្រាប់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព។ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​ដោះស្រាយ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា៕

Advertisement