ជួយ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក គឺ​ជួយ​បង្កើន​ការងារ​ដល់​ប្រជាជន​ខ្មែរ

ភ្នំពេញ- ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងទេសចរណ៍​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍​នានា ឱ្យ​ចូលរួម​ប្រើប្រាស់​ផលិតផល និង​សម្ភារ​បរិក្ខារ​ផលិត​នៅក្នុង​ស្រុក និង​ចូលរួម​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បុគ្គលិក​ជា​ពលរដ្ឋ​ខ្មែរ ពិសេស​ត្រូវ​អនុវត្តតាម​ស្ដង់ដារ​បច្ចេកទេស ធ្វើយ៉ាងណា​ដើម្បី​បង្កើត​ទីផ្សារការងារ​ស​ម្រា​ប់​ប្រជាជន​ខ្មែរ​ដូចគ្នា។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើងថា ការវិនិយោគ​ដោយផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជួយ​លើកតម្កើង និង​គាំទ្រ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដូចជា​តាមរយៈ​ការបង្ហាញ​ផ្ទះបាយ​ប្រពៃណី និង​គ្រឿង​បរិក្ខារ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ប្រើប្រាស់​សម្រាប់ធ្វើ​ការបង្ក​បង្កើន​ផល​ជាដើម​នោះ បាន​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន។

ឯកឧត្តម​បាន​បន្តថា ផ្ដើមចេញពី​គោលនយោបាយ​ឈ្នះ-ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលមាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​មាស​បៃតង ដោយ​បាននិងកំពុង​បោះជំហាន​រីកចម្រើន​ឡើងជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ រួមចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​ទៀត។

ក្នុង​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង 5លាន​នាក់ ក្នុង​កំណើន 5% ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មាន​ចំនួន​ប្រមាណ 2.6លាន​នាក់ ក្នុង​កំណើន12.5% ក្នុង​រយៈពេល6ខែ ឆ្នាំ2017នេះ។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 5.4លាន​នាក់ នៅ​ឆ្នាំ2017 និង​ប្រមាណ7លាន​នាក់ នៅ​ឆ្នាំ2020៕

      

Advertisement