និន្នាការ​នៃ​រូបមន្ត​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក និយោជិត សម្រាប់​ឆ្នាំ ២០២២

ឆ្នាំ ២០២១ ជិត​កន្លងផុតទៅ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ជាច្រើន​បាន​បញ្ចេញ​ទិន្នន័យ​នៃ​ការ​ព្យាករ​របស់​ពួកគេ ក្នុងនោះ​ក៏មាន​ទស្សនាវដ្ដី​អាម៉េរិក Forbes ផងដែរ។

Forbes បានឱ្យដឹងថា រូបមន្ត​ធ្វើការ​បែប Hybrid នឹង​ក្លាយជា​និន្នាការ​នៃ​ការធ្វើការ​សម្រាប់​ឆ្នាំ ២០២២៖

នៅក្នុង​ឆ្នាំ ២០២១ ដែល​ពោរពេញ​ដោយ​ឧបសគ្គ​ព្រោះតែ​ជំងឺ​រាតត្បាត​សកល និង​ជា​ឆ្នាំ​ដែល​ជិត​កន្លងផុត​ទៅនេះ បើសិន​អ្នកជា​បុគ្គលិក​ធ្វើការ​ដោយ​ប្រើ​បញ្ញា អ្នក​ប្រាកដជា​បានដឹង​ច្បាស់​ថា ខ្លួន​មាន​សេរីភាព​ជាង​មុន នៅក្នុង​ការជ្រើសរើស​ពេលវេលា និង​ទីតាំង​ធ្វើការ ដែល​នេះ​អាចជួយ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ជីវភាព​នៅឯ​ផ្ទះ និង​នៅ​កន្លែងធ្វើការ។

ផ្ទុយ​មកវិញ បើសិន​អ្នកជា​បុគ្គលិក «ជួរមុខ» អ្នក​នឹងមាន​ការងារ​ច្រើន​ដែល​ត្រូវ​សាកល្បង។ សម្រាប់​បុគ្គលិក​ជួរមុខ​ក្នុង​វិស័យ​សុខាភិបាល លក់រាយ អប់រំ ដឹកជញ្ជូន និង​សន្តិសុខ​ជាដើម នោះ​ពាក្យ​ថា «ធ្វើការ​ដោយ​ការរួម​ផ្សំ» (Hybrid Working) ទំនងជា​មិនសូវ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក។ ជំនួស​មកវិញ អ្នកទទួលបាន​ជំនួយ​ច្រើន​ពី​បច្ចេកវិទ្យា ដើម្បី «ធ្វើឱ្យមាន​ស្ថិរភាព» ក្នុងការ​រស់នៅ។

ធ្វើការ​តាមបែប​រួមផ្សំ ឬ​ហៅថា បែប Hybrid (Hybrid Working) គឺជា​រូបមន្ត​រួមផ្សំ​រវាង «ការធ្វើការ​ពី​ចម្ងាយ ឬ​ពី​ផ្ទះ» ជាមួយនឹង «ការធ្វើការ​ក្នុង​ការិយាល័យ»។ នៅពេល​និយាយ​អំពី​រូបមន្ត​ធ្វើការ​បែប Hybrid ទស្សនាវដ្ដី Forbes ឱ្យដឹងថា ឆ្នាំ ២០២២ នឹង​បន្ត​មាន ៣ ទម្រង់សំខាន់ៗ គឺ កន្លែងធ្វើការ​ប្រមូលផ្ដុំ, ការគ្រប់គ្រង​ពី​ចម្ងាយ​បែប​វិមជ្ឈការ និង​វិធីសាស្ត្រ​រួមផ្សំ​រវាង​រូបមន្ត​ទាំង ២ ខាងលើ។

ដោយសារតែ​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត បរិស្ថាន​ធ្វើការ​ក្នុង​ឆ្នាំ ២០២២ នឹង​ប្រែ​ជាមាន​ច្រើនបែប​ច្រើនយ៉ាង​ជាង​បច្ចុប្បន្ន សម្រាប់​បុគ្គលិក​ជ្រើសរើស ជំនួស​ឱ្យ​ការ​ធ្វើតាម​ការកំណត់រ​បស់​ស្ថាប័ន ក្រុមហ៊ុន។ ប្រការនេះ​បង្ហាញថា ក្រុមហ៊ុន​នានា​ក៏​សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍ នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​បុគ្គលិក និយោជិត ហើយ​ពេលនោះ គំនិត​ស្ដីអំពី​កន្លែងធ្វើការ​ប្រមូលផ្ដុំ​ក៏​ចាប់ផ្ដើម​ថយចុះ​កាន់តែ​ទាប។

យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សវនកម្ម KPMG របស់ ហូ​ឡង់ នៅក្នុង​អំឡុង​ជំងឺ​រាតត្បាត​ឆ្នាំ ២០២០ ក្រុមហ៊ុនធំៗចំនួន ៦៩% គ្រោង​នឹង​កាត់បន្ថយ​ទំហំ​របស់​ការិយាល័យ។ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្ដែង បុគ្គលិក និយោជិត​នឹងត្រូវ​ធ្វើការ​ពី​ចម្ងាយ​ជា​ញឹកញាប់ រហូតដល់​លែង​ធ្វើការ​នៅក្នុង​ការិយាល័យ ហើយ​បន្ទប់​ប្រជុំ​នឹងត្រូវ​បាន​យកមក​ធ្វើជា​កន្លែង​សម្រាប់​ជួយ​ដល់​កម្លាំង​ដែល​ធ្វើការ​ពី​ចម្ងាយ។

របាយការណ៍​ថ្មី​មួយ​របស់ Loom បង្ហាញថា ៩០% នៃ​បុគ្គលិក​ដែល​ត្រូវបាន​ស្ទង់​មតិ បាន​ប្រាប់ថា មានការ​សប្បាយរីករាយ​ជាង​មុន ដោយសារ​កាន់តែ​ទទួលបាន​សេរីភាព​នៅពេល​ពួកគេ​ធ្វើការ​ពី​ផ្ទះ។ ប្រការនេះ​បង្ហាញថា នេះ​អាចជា​ទិន្នាការ​ថ្មី​ដែលមាន​លក្ខណៈ​ជា «ការពិត ជាក់ស្ដែង» សម្រាប់​ការធ្វើការ​នៅក្នុង​ឆ្នាំ ២០២២៕

Advertisement