ធនាគារ CIMB បើកសម្ពោធ​សាខា​ថ្មី1ទៀត​ដើម្បី​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ងាយស្រួល

ភ្នំពេញ៖ ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន​មួយ​បន្ថែមទៀត​ដែលជា​សាខា​ទី13នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី​មានប្រសាសន៍ថា ធនាគារ​ស៊ី​អាយ​អឹម​ប៊ី​សម្រេចបាន​ជោគជ័យ​ក្នុងការ​កសាង​នូវ​គ្រឹះស្ថាន​មួយ​ដែល​ពោរពេញ​ដោយ​បុគ្គលិក​ក្នុងស្រុក​ដ៍​មាន​ទេពកោសល្យ​ចំនួន 99.70% គឺជា​ជនជាតិខ្មែរ គិត​ចាប់ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​រហូតដល់​បុគ្គលិក​ទូទៅ។

ការប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​យូរអង្វែង​របស់​ធនាគា​រ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​សមត្ថភាព​ផ្នែក​ធនាគារ​របស់​បុគ្គលិក​ជនជាតិខ្មែរ គឺ​ស្ថិតនៅ​ជា​អាទិភាព​ចម្បង​ដ៍​សំខាន់បំផុត ហើយ​យើង​សង្ឃឹម​ជឿជាក់ថា អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​អ្នកជំនាញ​ផ្នែក​ធនាគារ​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស។

លោក​បន្តថា ស៊ី​អាយ​អឹម​ប៊ី ក៍​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​សង្គម​តាមរយៈ​ការជួយ​ត្រឡប់​ទៅដល់​សហគមន៍​ដែល​យើង​បាន​ប្រកប​អាជីវកម្ម ក្នុងនោះ​ធនាគារ ស៊ី​អាយ​អឹម​ប៊ី បានរៀបចំ​យ៉ាង​ជោគជ័យ​នូវ​គម្រោង «សុខភាព​ល្អជា​មួយ​ស៊ី​អាយ​អឹម​ប៊ី» នៅតាម​សាលារៀន​ដាច់ស្រយាល ដែល​ជួប​ការលំបាក​ដើម្បី​លើកកម្ពស់​សារៈសំខាន់​នៃ​ជីវិត​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​សម្រាប់​ឧត្តមភាព​ការសិក្សា​នាពេល​អនាគត។ ក្រៅពីនេះ​យើង​បាន​លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ផងដែរ​ក្នុងការ​ដាក់ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អឹម​ប៊ី និង​មាន​មោទនភាព​ក្រៃលែង​ដែល​និស្សិត​របស់​កម្ពុជា​មួយរូប ត្រូវបាន​ជ្រើសរើស​ជាមួយនឹង​និស្សិត15 រូប​ទៀត​មកពី​អាស៊ាន​ក្នុងនាម​ជា​និស្សិត​ជយលាភី​អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អឹម​ប៊ី​សម្រាប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុងប្រទេស​កាណាដា។

ផ្អែកលើ​កំណើន​អតិថិជន រួម​នឹង​សក្តានុពល​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា យើង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជួយ​អតិថិជន​ឱ្យទទួល​បាន​អត្ថប្រយោជន៍​នេះ​ដើម្បី​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន «ការបើក​សម្ពោធ​សាខា​ទឹកថ្លា​ថ្មី​របស់​យើង​គឺ​ដើម្បី​ឈាន​ឱ្យ​កាន់តែ​ជិត ហើយ​អាច​ផ្តល់នូវ​សេវាកម្ម​កាន់តែ​ល្អប្រសើរ និង​ការរីកចម្រើន​ស្ថិតស្ថេរ​យូរអង្វែង»។

ជាមួយគ្នានេះដែរ លោក រ័ត្ន សុវណ្ណ​រនៈ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច7% ជា​រៀងរាល់ឆ្នាំ​បានធ្វើឱ្យ​វិស័យ​ធនាគារ​មានការ​រីកលូតលាស់​ឆាប់រហ័ស​ដែល​ធ្វើឱ្យ​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​កើនឡើង 20% ស្មើនឹង125%នៃ​ផលិតផល​ក្នុងស្រុក​សរុប ចំណែក​ប្រាក់​បញ្ញើ​បាន​កើនឡើង22% ស្មើនឹង74% នៃ​ផលិតផល ក្នុងស្រុក​សរុប រីឯ​ឥណទាន​កើនឡើង​ប្រមាណ​ជា18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ដោយឡែក​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី ក៏​កំពុងមាន​ភាពល្អប្រសើរ​ផងដែរ​តាមរយៈ​កំណើន​នៃ​ទ្រព្យសកម្ម កំណើន​ឥណទាន និង​កំណើន​ប្រាក់ចំណេញ​របស់ខ្លួន៕

Advertisement